កីឡាអន្តរជាតិ
អន្តរជាតិ
Nations League៖ អង់គ្លេស​ត្រូវ​ជួប​ហូ​ឡង់ រីឯ​ព័រ​ទុយ​ហ្គា​ល់ ប៉ះ​ស្វី​ស នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​
08, Dec 2018 , 9:19 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អង់គ្លេស នឹង​លេង​តទល់​ជាមួយ​ហូ​ឡង់​ក្នុង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ រីឯ​ព័រ​ទុយ​ហ្គា​ល់ ត្រូវ​ជួប​ស្វី​ស នៃ​ពានរង្វាន់ UEFA Nations League​។ ទាំងពីរ​ក្រុម​នឹងត្រូវ​លេង​នៅ​ទី​៥ និង​ទី​៦ ខែមិថុនា​ឆ្នាំ ២០១៩​។​


 
​ក្រុម​ម្ចាស់ផ្ទះ​ព័រ​ទុយ​ហ្គា​ល់​នឹង​បើកទ្វារ​កីឡដ្ឋាន Estadio do Dragao របស់​ក្លិប Porto ដើម្បី​ទទួលភ្ញៀវ​ស្វី​ស​នៅ​ថ្ងៃទី​៥ ខែមិថុនា ខណៈ​អង់គ្លេស និង​ហូ​ឡង់​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​បន្ទាប់ នាទី​ក្រុង Guimaraes ប្រទេស​ព័រ​ទុយ​ហ្គា​ល់​។ ការប្រកួត​ដើម្បី​យក​ចំណាត់ថ្នាក់​លេខ​៣ និង​ផ្តាច់ព្រ័ត្រ Nations League ធ្វើឡើង​នៅ​ថ្ងៃទី​៩ ខែមិថុនា​។​
 
​ក្រុម​តោ​កំណាច​អង់គ្លេស​ដែល​ដឹកនាំ​ដោយ​លោក Gareth Southgate អាច​រកបាន​ពិន្ទុ​នាំមុខគេ​ក្នុង​តារាង​នា​ការប្រកួត​ក្នុង​ពូ​ល​ទី​៤ League A  ដោយ​នាំមុខ​គូរ​ប្រជែង​អេ​ស្ប៉ា​ញ និង​ក្រូ​អាស៊ី​។ ចំណែក​ក្រុម​រហស្សនាម​ទឹកក្រូច​ដែលមាន​លោក Ronald Koeman ជា​គ្រូបង្វឹក បាន​ប្រជែង​ឈ្នះ​ម្ចាស់​ជើងឯក World Cup បារាំង និង អាល្លឺម៉ង់ ដើម្បី​ក្លាយជា​ក្រុម​ល្អ​ជាងគេ​ក្នុង​ពូ​ល​ទី​១ League A​។​
 
​ក្រុម​ជើងឯក Euro 2016 ព័រ​ទុយ​ហ្គា​ល់​ដែលជា​ម្ចាស់ផ្ទះ​ដឹកនាំ​ការប្រកួត​នេះ ទទួលបាន​ពិន្ទុ​គ្រប់គ្រាន់​ដើម្បី​ឈានទៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ ដោយ​មុខ​អ៊ីតាលី និង​ប៉ូ​ឡូង ក្នុង​ពូ​ល​ទី​៣ League A​។ រីឯ​គូប្រជែង​របស់គេ ស្វី​សបាន​ឆ្លង​ផុត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​ទី​២ League A ដោយ​យកឈ្នះ​បែលហ្ស៊ិក​ដែលមាន​៩​ពិន្ទុ​ដូចគ្នា​តែ​នាំមុខ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី និង​អ៊ី​ស្លង់​ដែលមាន​សូន្យ​ពិន្ទុ​។​
 
​ក្រុម​ដែល​ឈ្នះ​ជើងឯក​ពាន Nations League នឹង​ទទួលបាន​ប្រាក់រង្វាន់ ៨,៥៦​លាន​ដុល្លារ​អាមេរិក លេខ​២​ទទួលបាន ៥,១១​លាន​ដុល្លារ លេខ​៣ បាន ៣,៩៦​លាន​ដុល្លារ និង​ចំណាត់ថ្នាក់​ទី​៤ បាន ២,៨១​លាន​ដុល្លារ​៕
 

Tag:
 បាល់ទាត់​
  Nations League
© រក្សាសិទ្ធិដោយ thmeythmey.com