ជាតិ
សង្គមជាតិ
ពិព័រណ៍សៀវភៅ៖ អ្នកនិពន្ធសៀវភៅកើនឡើង ប៉ុន្តែនៅខ្វះសមាគមបោះពុម្ព
× ភ្នំពេញ៖ នៅក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី៧ ក្រោមប្រធានបទ «សៀវភៅរស់ ចំណេះរីក» អ្នកនិពន្ធជាច្រើនបានបង្ហាញសៀវភៅ ដែលជាស្នាដៃតែងនិពន្ធរបស់ខ្លួន។ សៀវភៅដែលពួកគេនិពន្ធ មានសន្ទុះខ្លាំងជាងមុន ប៉ុន្តែពួកគេនៅតែមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបោះពុម្ពសៀវភៅនៅឡើយទេ ដោយសារតែខ្វះសមាគមបោះពុម្ពសៀវភៅ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ពិព័រណ៍សៀវភៅជាឱកាសមួយ ដែលអនុញ្ញាតឲ្យអ្នកនិពន្ធសៀវភៅ និងអ្នកបោះពុម្ពសៀវភៅ អាចជជែកគ្នាពីបញ្ហាផ្សេងៗ ដែលទាក់ទងនឹងការបោះពុម្ពផ្សាយ។ លោក ស្រី ភឿង សកុណា សង្កេតឃើញថា ទាំងអ្នកនិពន្ធវ័យក្មេងសម័យបច្ចុប្បន្ន និងអ្នកអ្នកនិពន្ធពីដើម សុទ្ធតែខ្វះលទ្ធភាព(ថវិកា)បោះពុម្ពសៀវភៅ។ ដូច្នេះលោកស្រីរដ្ឋមន្ត្រីជឿជាក់ថា ពិព័រណ៍សៀវភៅនេះ នឹងជាឱកាសឲ្យអ្នកនិពន្ធ និងអ្នកបោះពុម្ពសៀវភៅ បានស្គាល់គ្នា បង្កើតជាបណ្តាញ និងផ្តល់លទ្ធភាពក្នុងការបោះពុម្ពសៀវភៅ ឲ្យប្រសើរឡើង។ «អ្នកនិពន្ធមានការកើនឡើង ទាំងចំនួន ទាំងគុណភាព ប៉ុន្តែមិនទាន់គ្រប់គ្រាន់នៅឡើយទេ ។ ម្យ៉ាងទៀតយើងចង់ឲ្យអ្នកអាន គាំទ្រស្នាដៃរបស់អ្នកនិពន្ធ ដើម្បីឲ្យអ្នកនិពន្ធ មានកម្លាំងចិត្តនិពន្ធសៀវភៅបន្ថែមទៀត»។ នេះជាការបញ្ជាក់បន្ថែម របស់លោកស្រី ភឿង សកុណា។
លោក សុខ ឫទ្ធី ប្រធានអគ្គនាយកគ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ របស់ក្រសួងអប់រំ យុវជន និងកីឡា យល់ថា តាំងពីចាប់ផ្តើមមានពិព័រណ៍សៀវភៅមក អ្នកនិពន្ធក៏ចាប់ផ្តើមកើនឡើងដែរ ប៉ុន្តែខ្វះសមាគមបោះពុម្ពផ្សាយ។ លោក សុខ ឫទ្ធី អះអាងថា៖«ការពិតយើងអត់ទាន់មានសមាគមបោះពុម្ពផ្សាយគ្រប់គ្រាន់ ដែលជួយដល់អ្នកនិពន្ធនៅឡើយទេ។ ខ្ញុំទើបតែផ្តួចផ្តើមបង្កើតឲ្យមានសមាគមនេះ ដោយរៀបចំដាក់សំណើទៅក្រសួងមហាផ្ទៃ ដើម្បីចុះឈ្មោះជាផ្លូវការ ហើយខ្ញុំសង្ឃឹមថា សមាគមនេះ នឹងជួយឲ្យវិស័យបោះពុម្ពនៅកម្ពុជា យើងមានភាពប្រសើរជាងមុន»។
សូមបញ្ជាក់ថា ពិព័រណ៍សៀវភៅឆ្នាំនេះ រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី៩ ខែធ្នូ នៅបរិវេណាបណ្ណាល័យជាតិ។ គេរំពឹងថា ពិព័រណ៍ឆ្នាំនេះ នឹងទាក់ទាញអ្នកចូលរួមបានប្រមាណ៧ម៉ឺននាក់៕
Tag:
សៀវភៅ
អប់រំ
អ្នកនិពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com