កីឡាជាតិ
ជាតិ
ក្រោយ​រង​ពិន័យ សុខ ធី ប្រកាស​ឈប់​ឡើង​សង្វៀន​នៅ​កម្ពុជា​
08, Dec 2018 , 1:33 pm        
រូបភាព
រូបថតដោយ៖​Matias Andres
រូបថតដោយ៖​Matias Andres
ដោយ:
​អ្នកលេង​គុន​ខ្មែរ សុខ ធី បានប្រកាស​ឈប់​ឡើង​វាយ​លើស​ង្វៀន​នៅ​កម្ពុជា បន្ទាប់ពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ពិន័យ​មិន​ឲ្យ​ឡើង​វាយ​លើស​ង្វៀន​ក្នុង និង​ក្រៅប្រទេស រយៈពេល​៦​ខែ​។ ការពិន័យ​របស់​សហ​ព័ន្ធ ធ្វើឡើង​ក្រោយ​រូបគេ និង​គ្រូបង្វឹក គឺ​លោក សាន សៅ​យ៉ាន់ មិន​ទទួលស្គាល់​លទ្ធផល ដែល​ចៅក្រម​កាត់ក្តី​ឲ្យ សុខ ធី ចាញ់​កីឡាករ​ថៃ ធ្នូ សឹក​ឡេ​ក​។

 
​អ្នក​ស្នង​គុន​ខ្មែរ​វ័យក្មេង សុខ ធី បានប្រកាស​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ខ្លួន​ថា រូបគេ​នឹង​ឈប់​ឡើង​វាយ​លើស​ង្វៀន​នៅ​កម្ពុជា​។ ការប្រកាស​បែបនេះ បន្ទាប់ពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ចេញ​សេចក្តីសម្រេច ដាក់ពិន័យ​រូបគេ មិន​ឲ្យ​ឡើង​សង្វៀន​ប្រកួត ទាំង​ក្នុង និង​ក្រៅប្រទេស រយៈពេល​៦​ខែ​។  
 
​គួររំលឹកថា កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៨ កីឡាករ សុខ ធី ត្រូវបាន​ចៅក្រម​កាត់ក្តី​ឲ្យ​ចាញ់​កីឡាករ​ថៃ ធ្នូ សឹក​ឡេ​ក ដោយ​ពិន្ទុ​ទាំង​ចម្រូងចម្រាស នា​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ        ដណ្តើម​ខ្សែក្រវាត់ ISI Palm លើស​ង្វៀន​ស្ថានីយទូរទស្សន៍ CNC​។ ភ្លាមៗ ទាំង​កីឡាករ​សុខ ធី និង​គ្រូបង្វឹក គឺ​លោក សាន សៅ​យ៉ាន់ សុទ្ធតែ​បង្ហាញ​កាយវិការ​មិន​ពេញចិត្ត ចំពោះ​ការកាត់ក្តី​នេះ ហើយ​បានដាក់​ពាក្យសុំ​តវ៉ា ឲ្យ​ពិនិត្យ​ការប្រកួត​ឡើងវិញ ទៅកាន់​គណៈកម្មការ​រៀប​ចំការ​ប្រកួត​។ 
 
​ជា​លទ្ធផល ក្រោយ​ការពិនិត្យ​របស់​គណៈកម្មកា​រ​ជំនាញ នៃ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ សហព័ន្ធ បានចេញ​សេចក្តីសម្រេច ដោយ​បន្ត​ឲ្យ​កីឡាករ សុខ ធី ចាញ់​ពិន្ទុ​កីឡាករ​ថៃ ធ្នូ សឹក​ឡេ​ក ដដែល​។ បន្ថែម​លើ​នេះ សុខ ធី ត្រូវ​គណៈ​គ្រប់គ្រង​កម្មវិធី​ប្រដាល់​របស់​ស្ថានីយទូរទស្សន៍ CNC ដក​បេក្ខភាព​ចេញពី​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​នេះ​ទៀត​។ ភ្លាមៗ​នោះ លោក សាន សៅ​យ៉ាន់ ម្ចាស់​ក្លិប​ប្រដាល់​សៅ​យ៉ាន់​នាគា បានប្រកាស​លាឈប់​ពី​អាជីព​ជាម​ន្ត្រី​អាជ្ញាកណ្តាល ចៅក្រម ក្រោយ​បរាជ័យ​ក្នុង​ការតវ៉ា​។ 
 
​បន្ទាប់មក នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បានចេញ​សេចក្តីសម្រេច​ជា​លើក​ទី​២ ដោយ​ពិន័យ​កីឡាករ សុខ ធី មិន​ឲ្យ​ឡើង​សង្វៀន ប្រកួត​ទាំង​ក្នុង និង​ក្រៅប្រទេស​រយៈពេល​៦​ខែ និង​ពិន័យ លោក សាន សៅ​យ៉ាន់ ដោយ​ផ្អាក​ការងារ​ពី​មន្ត្រី​អាជ្ញាកណ្តាល ចៅក្រម ចំនួន​៦​ខែ​ដូចគ្នា​។ ការពិន័យ​នេះ បន្ទាប់ពី​អ្នក​ទាំងពីរ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ខាងលើ​៕   
 
 
 
 
 

Tag:
 ប្រដាល់​គុន​ខ្មែរ​
 សុខ ធី
© រក្សាសិទ្ធិដោយ thmeythmey.com