ជាតិ
នយោបាយជាតិ
លោក ប្រាក់ សុខុន នឹងធ្វើទស្សនកិច្ចនៅហុងគ្រី និងរ៉ូមានី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច
× ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស នឹងធ្វើទស្សនកិច្ចផ្លូវការដោយឡែកពីគ្នាទៅកាន់ប្រទេសហុងគ្រី និងរ៉ូម៉ានី ចាប់ពីថ្ងៃទី១១ ដល់ទី១៣ ខែធ្នូនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលបញ្ជាក់បន្តថាទស្សនកិច្ចរបស់ លោករដ្ឋមន្ត្រីការបរទេស ទៅប្រទេសហុងគ្រី ដើម្បីពិភាក្សា និងស្វែងរកលទ្ធភាព ក្នុងពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច។
ក្នុងអំឡុងទស្សនកចិ្ច រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរ នឹងផ្លាស់ប្ដូរទស្សនៈគ្នាទាក់ទងនឹងបញ្ហាតំបន់ និងអន្តរជាតិ ហើយនៅប្រទេសហុងគ្រី លោក ប្រាក់ សុខុន ក៏នឹងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី នៅថ្ងៃទី១២ធ្នូ លោក ប្រាក់ សុខុន នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសរ៉ូម៉ានី ដើម្បីជួបពិភាក្សាទ្វេភាគី ជាមួយ លោក តេអូឌ័រ ម៉េឡិស្កានូ រដ្ឋមន្ត្រីការបរទេសរ៉ូម៉ានី។ បើតាមសេចក្តីប្រកាសព័ត៌មាន សមភាគីទាំងពីរ នឹងពិភាក្សាពីផលប្រយោជន៍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយក៏នឹងចុះហត្ថលេខាលើឯកសារមួយចំនួនទាក់ទងនឹងកិច្ចសហប្រតិបត្តិផងដែរនៅមុនចប់កិច្ចប្រជុំនេះ។ ក្រសួងការបរទេសកម្ពុជាចាត់ទុកថា ទស្សនកិច្ចផ្លូវការរបស់លោក ប្រាក់ សុខុននៅរ៉ូម៉ានី នឹងផ្ដល់ឱកាសជាថ្មី ក្នុងការលើកកម្ពស់ចំណងមិត្តភាពយូរអង្វែង និងបន្តការប្តេជ្ញាចិត្តដើម្បីជំរុញកិច្ចសន្ទនានយោបាយ និងការគាំទ្រទៅវិញទៅមក។
សម្រាប់ក្រសួងការបរទេសកម្ពុជា ទស្សនកិច្ចផ្លូវការរបស់លោក ប្រាក់ សុខុន ទៅកាន់ប្រទេសអឺរ៉ុបទាំងពីរនេះ ធ្វើឡើងចំពេលដែលនូវទំនាក់ទំនងការទូត ផលប្រយោជន៍សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ និងទេសចរណ៍ កំពុងរីកចម្រើនប្រសើរឡើង និងដើម្បីស្វែងរកការគាំទ្រផ្នែកនយោបាយបន្ថែមទៀតលើឆាកអន្តរជាតិ ដើម្បីយុត្តិធម៌ សុចរិតភាពជាតិ និងការគោរពអធិបតេយ្យគញនាទៅវិញទៅមក៕
Tag:
ប្រាក់ សុខុន
ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com