ជាតិ
អ្នកភូមិកំពង់ឃ្លាំងធ្វើយុទ្ធនាការទ្រង់ទ្រាយធំរើសសំរាមដែលទើរលើដើមឈើ
× សៀមរាប៖ សហគមន៍ឃុំកំពង់ឃ្លាំង បានរៀបចំយុទ្ធនាទ្រង់ទ្រាយមួយដើម្បីសម្អាតបរិស្ថានក្នុងបឹងទន្លេសាប សំអាតសំរាមនៅតាមផ្លូវ និងទីសាធារណៈ។ យុទ្ធនាការនេះ ផ្តោតសំខាន់លើការដោះសំរាមដែលទើរលើដើមឈើក្រោយទឹកស្រក។ អង្គការមួយដែលផ្តួចផ្តើមឱ្យមានយុទ្ធនាការនេះ គឺចង់យកសហគមន៍កំពង់ឃ្លាំងធ្វើជាគំរូផ្នែកបរិស្ថាន ដើម្បីចូលរួមកាត់បន្ថយការបំពុលជីវៈចម្រុះក្នុងបឹងទន្លេសាប។
សិស្សានុសិស្ស និងប្រជាពលរដ្ឋកំពង់ឃ្លាំងជិតមួយពាន់នាក់ បានធ្វើដំណើរតាមកាណូតទូក រួមនិងសម្ភាររើសសំរាមកាន់នៅក្នុងដៃ ជិះសំដៅទៅកាន់ព្រៃសហគមន៍មួយកន្លែង ដែលកំពុងហ៊ុមព័ទ្ធដោយថង់ប្លាស្ទិក។ បើគេមើលពីចម្ងាយ គេនឹងអាចច្រឡំទៅនឹងសំបុកសត្វម្យ៉ាង តែជាក់ស្ដែងវាជាថង់ប្លាស្ទិក ដែលបានអណ្ដែតនៅរដូវទឹកឡើង ហើយបានទើរនៅតាមមែកឈើនៅរដូវទឹកស្រក។
ខុសពីការសម្អាតបរិស្ថាននៅលើដី ការសម្អាតបរិស្ថានដោយជិះទូក ថ្ពក់យកបា្លស្ទិកពីមែកឈើ ច្បាស់ជាមិនស្រួលឡើយ។ យ៉ាងណា អ្នកភូមិកំពង់ឃ្លាំងបានធ្វើការងារនេះដោយអំណត់ និងទទួលបានជោគជ័យ គឺសំរាមប្លាស្ទិកដែលមិនរលួយជាច្រើន ត្រូវបានដោះចេញពីដើមឈើ និងបង្កើនសោភ័ណ នៅទីនោះកាន់តែទាក់ទាញ។
លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី ដែលរៀបចំយុទ្ធនាការខាងលើនៅព្រឹកថ្ងៃទី៨ ធ្នូ បានឱ្យដឹងថា យុទ្ធនាការនេះ ត្រូវបានគេឱ្យឈ្មោះថា ពិធីបុណ្យទឹកសម្រកទន្លេសាប គឺដើម្បីប្រមូលសំរាម ពិសេសថង់ប្លាស្ទិកដែលសល់ ទើរនៅតាមដើមឈើពេលទឹកស្រកទៅវិញ ហើយវាមិនបានទៅតាមទឹក។
ក្នុងយុទ្ធនាការនៅថ្ងៃដដែលនោះ សំរាមដែលប្រមូលបានត្រូវបានគេបែងចែកជាពីរប្រភេទ គឺមានសំរាមកង្វក់ និងសំរាមស្អាត។ សំរាមស្អាត សំដៅលើថង់ប្លាស្ទិក សំបកដបផ្សេងៗ ដែលវាត្រូវបានគេញែកទុកដោយឡែក ដើម្បីទុកកែច្នៃជាវត្ថុសិល្បៈ និងសម្ភារប្រើប្រាស់ផ្សេងៗ ឯសំរាមកង្វក់ ត្រូវបានគេដឹកចេញទៅកាន់ទីលានចាក់សំរាម។
យុទ្ធនាការសម្អាតបរិស្ថានឃុំកំពង់ឃ្លាំង ក៏មានការចូលរួមពីក្រុមហ៊ុន និងអង្គការអន្ដរជាតិផ្នែកបរិស្ថានផងដែរ។ លោក Marc Finsterlin តំណាងក្រុមហ៊ុន Pss bl ដែលជាក្រុមហ៊ុនកែច្នៃសំរាមជាសម្ភារប្រើប្រាស់ បានឱ្យដឹងក្នុងពិធីនោះថា លោកបានមកកំពង់ឃ្លាំងកាលពីខែមុន និងបានឃើញសំរាមជាច្រើនដែលមិនមានការទុកដាក់ត្រឹមត្រូវ។ លោក Marc បានចាប់ផ្តើមធ្វើការងារនេះជាមួយលោក ស៊ា សុផល និងអាជ្ញាធរឃុំកំពង់ឃ្លាំង ក៏សម្រេចរៀបចំឱ្យមានកន្លែងកែច្នៃសំរាមមួយក្នុងសហគមន៍ មានន័យថា ក្រៅពីជួយផ្នែកបរិស្ថាន សហគមន៍កំពង់ឃ្លាំងក៏អាចរកចំណូលបន្ថែមពីការកែច្នៃសំរាមផងដែរ។
គួរបញ្ជាក់ថា ក្នុងយុទ្ធនាការនៅថ្ងៃនោះដែរ កម្មវិធីទាំងអស់ត្រូវបានរៀបចំមិនឱ្យមានការប្រើប្រាស់ថង់ប្លាស្ទិកនោះទេ គឺទាំងសម្ភារប្រើប្រាស់ ការវេចខ្ចប់បាយជាដើម គឺផលិតចេញពីដើមរុក្ខជាតិ និងកាកអំពៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com