បទយកការណ៍ / បទសម្ភាសន៍
ខណៈ​មនុស្ស​ទូទៅ​កាត់​នំ គ្រួសារ​មួយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ធ្វើ​ខួបកំណើត​ឱ្យ​កូន​
09, Dec 2018 , 7:29 pm        
រូបភាព
​ភ្នំពេញ​៖ សម័យ​បច្ចុប្បន្ន​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្ដា​ខេត្ត ភាគច្រើន​គេ​និយម​កាត់​នំ​តាមបែប​ប្រពៃណី​អ៊ឺរ៉ុប នៅ​ថ្ងៃ​ខួបកំណើត​របស់ខ្លួន​។ ប្លែក​ខុសគេ គ្រួសារ​ថ្មីថ្មោង​មួយគូ បាន​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​បង្សុកូល និង​លើករាសី​ឱ្យ​កូន ក្នុង​ថ្ងៃ​ខួបកំណើត ជំនួស​ឱ្យ​ការ​កាត់​នំ​តាម​ប្រពៃណី​អ៊ឺរ៉ុប​។ អ្នកនាង ឡង សុ​វណ្ណា​រី ជា​ម្ដាយ​ដែល​ធ្វើ​ពិធី​សង្ឃទាន​ក្នុងឱកាស​ខួបកំណើត​កូន​នោះ បាន​បញ្ជាក់ថា នាង​ធ្វើបែបនេះ​ដើម្បីឱ្យ​កូន​របស់ខ្លួន​សុខ​សប្បាយ មិនមាន​ជំងឺ និង​មាន​សិរី​សួស្ដី​ផង​។​


 
​ដើម្បី​បាន​ជ្រាប​ច្បាស់​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
​កាត់​នំ​ខេ​ក​ធ្វើ​ខួបកំណើត​គឺជា​រឿង​ធម្មតា​ទៅហើយ​នៅ​សម័យ​បច្ចុប្បន្ន ក្នុងសង្គម​ខ្មែរ តែ​ធ្វើ​សង្ឃទាន​និមន្ត​ព្រះសង្ឃ​បង្សុកូល​លើករាសី ដើម្បី​ធ្វើ​ខួបកំណើត​ឱ្យ​កូន​ទើប​ជា​រឿង​ប្លែក​។ 
​នៅក្នុង​ផ្ទះថ្ម​ផ្ទាល់​ដី​តូច​ល្មម​ក្នុងភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ក្រុងភ្នំពេញ គឺជា​ផ្ទះ​របស់​អ្នកនាង សុ​វណ្ណា​រី និង​លោក សុភាព ដែល​កំពុង​ធ្វើ​ពិធីសូត្រមន្ត លើករាសី ឱ្យ​កូន​ក្នុង​ថ្ងៃ​ខួបកំណើត​។ តាមពិតទៅ​គ្រួសារ​នេះ​តែងតែ​ធ្វើ​ពិធីសូត្រមន្ត លើករាសី​រៀងរាល់​មួយឆ្នាំ​ម្ដង​។ 


 
​ផ្ដួចផ្ដើម​គំនិត​ដោយ​ប្ដី​និង​ប្រពន្ធ​ខ្លួនឯង​ផ្ទាល់ ព្រមទាំង​មាន​ដំបូន្មាន​ពី​ចាស់ទំ​ផង​នោះ អ្នកនាង ឡង សុ​វណ្ណា​រី អាយុ​២៥​ឆ្នាំ​ត្រូវជា​ម្ដាយ បានរៀបចំ​ថ្ងៃកំណើត​កូន ដោយ​និមន្ត​ព្រះសង្ឃ​២​អង្គ សូត្រមន្ត​បង្សុកូល និង​លើករាសី​ឱ្យ​កូន​។ ដោយ​មិន​ចង់​ធ្វើ​ពិធី​កាត់​នំ​តាមបែប​អ៊ឺរ៉ុប​ទាំងស្រុង អ្នកនាង សុ​វណ្ណា​រី បាន​មើលឃើញ​គុណប្រយោជន៍ ពី​ការ​សូត្រមន្ត លើករាសី​ឱ្យ​កូន ដែល​អ្នកនាង​ថា អាចជួយ​ឱ្យ​កូនប្រុស​របស់ខ្លួន​មាន​សុខភាព​ល្អ មិនមាន​ជំងឺ និង​ក្លាយជា​មនុស្ស​ល្អ​ផង​។ ការសូត្រ​មន្ត លើករាសី និង​បង្សុកូល គឺជា​ពិធី​ដែល​គ្រួសារ​មួយ​នេះ​តែងតែ​ធ្វើជា​រៀងរាល់ឆ្នាំ ដើម្បី​ឱ្យបាន​សេចក្ដីសុខ​ចម្រើន​ក្នុង​គ្រួសារ​ទាំងមូល ហើយ​ឆ្នាំនេះ​ដោយ​ចង់ឱ្យ​កូន​មាន​សិរី​សួស្ដី​ផង សុ​វណ្ណា​រី ក៏​ភ្ជាប់​ថ្ងៃ​ខួបកំណើត​កូន​ជាមួយ​ពិធី​តែម្ដង​។​


 
​។ រវល់​ចំអិនម្ហូប​សម្រាប់​សង្ហា​ន់​ព្រះសង្ឃ​បណ្ដើរ និង​ឆ្លៀត​ឆ្លើយតប​ជាមួយ​ខ្ញុំ​បណ្ដើរ អ្នក​ម្ដាយ​រូបនេះ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ការសូត្រ​មន្ត​លើករាសី​សម្រាប់​ខួបកំណើត​គម្រប់​មួយ​ខួប​កូនប្រុស​របស់ខ្លួន អាចជួយ​ឱ្យ​ថ្ងៃ​អនាគត ក្មេងប្រុស​ម្នាក់នេះ​មាន​សិរី​សួស្ដី​។ ជាការ​រួមចំណែក​ថែរក្សា​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ និង​ផ្នែក​ព្រះពុទ្ធសាសនា​ផង​នោះ អ្នកនាង សុ​វណ្ណា​រី នៅតែ​បន្ត​រៀបចំ​ខួបកំណើត​កូន ដោយ​និមន្ត​ព្រះសង្ឃ​សូត្រមន្ត លើករាសី បង្សុកូល​ឧ​ទ្ធិ​ស​កុសល​ដល់​ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ​ផង និង​ដើម្បី​គ្រួសារ​និង​កូន​បាន​សេចក្ដីសុខ​ផង​។ សុ​វណ្ណា​រី បញ្ជាក់ ៖«​យើង​ធ្វើ​ពេល​បង្សុកូល​ហ្នឹង​ដើម្បី​ឧ​ទ្ធិ​ស​កុសល​ដល់​ជីដូន​ជីតា​ផង ហើយ​ធ្វើ​ដើម្បីឱ្យ​គាត់​(​កូន​)​មាន​រាសី កុំឱ្យ​គាត់​មាន​ជំងឺ ឱ្យ​រាសី​គាត់​ខ្ពស់ ឱ្យ​គាត់​ជា​មនុស្ស​ល្អ​។ ខ្ញុំ​ជឿថា​ការធ្វើ​ពិធី​នេះ​អាចជួយ​គាត់​បាន​»​។​


 
​ត្រូវជា​ឪពុក​របស់​កុមារា តៀន ជិ​ឆឹង ដែល​ត្រូវធ្វើ​ខួបកំណើត​នេះ លោក សៀន សុភាព បាន​និយាយថា ពិធី​នេះ​និង​អាចជួយ​លើករាសី​កូន​របស់ខ្លួន មិន​ឱ្យមាន​អមនុស្ស​ដែលជា​ភាវ​មិនល្អ អាច​បៀតបៀន​បាន​។ ឪពុក​ដែលមាន​វ័យ​២៧​ឆ្នាំ​រូបនេះ ជឿជាក់ថា​ការធ្វើ​បែបនេះ​នឹង​នាំ​សេចក្ដីសុខ​ដល់​គ្រួសារ​យ៉ាងពិត​ប្រាកដ ដ្បិតអី​កន្លងមក ក្រុម​ញាតិ​របស់លោក​តែងតែ​ធ្វើ ហើយក៏​ទទួលបាន​សេចក្ដីសុខ​ចម្រើន​។ លោក សុភាព ថា​ម្ដាយ​ឪពុក​ដទៃទៀត គួរ​ណាស់​តែ​ធ្វើ​ពិធីសូត្រមន្ត លើករាសី និង​បង្សុកូល ក្នុង​ថ្ងៃ​ខួបកំណើត​កូន ឬ​ខ្លួនឯង ឬ​បើ​មិនមាន​លទ្ធភាព​ទេ គ្រាន់តែ​ធ្វើ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ក្នុង​ថ្ងៃនោះ ក៏​ល្អ ព្រោះ​ដើម្បី​សន្សំ​បុណ្យ​ផង​។ «​យើង​សូត្រមន្ត​លើករាសី​ហ្នឹង​ដើម្បី​លើករាសី​កូន កុំឱ្យ​អមនុស្ស​ដែល​មិនល្អ​ហ្នឹង​អាច​បៀតបៀន​កូន​បាន​។ គោរព​ទំនៀមទម្លាប់​ហ្នឹង​ធ្វើឱ្យ​ជីវិត​យើង​កាន់តែ​ប្រសើរឡើង​។ បើ​អ្នក​មិនមាន​ពេល អាចធ្វើ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ក៏បាន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុភាព​។   


 
​ចំណែក​អ្នកជិតខាង​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ អ្នកស្រី ម៉ែន សា​រ៉ែ​ន វ័យ​៥៤​ឆ្នាំ ថា​អ្នកភូមិ​របស់ខ្លួន​តែងតែ​និមន្ត​ព្រះសង្ឃ លើករាសី និង​បង្សុកូល ក្នុង​ថ្ងៃកំណើត​ជា​ទៀត​ទាត់​ដើម្បី​ឱ្យមាន​សេចក្ដីសុខ​សុភមង្គល​ក្នុង​គ្រួសារ ដោយ​មិន​គ្រាន់តែ​កាត់​នំ​តាប​បែប​អ៊ឺ​រ៉ុ​ន​នោះ​។ ស្ត្រី​រូបនេះ​ថា​ពិធី​នេះ​ជា​ទំនៀមទម្លាប់​សម្រាប់​អ្នកភូមិ​របស់​អ្នកស្រី​។ អ្នកស្រី សា​រ៉ែ​ន បន្ថែម ៖« ធ្វើ​ដើម្បី​ឱ្យមាន​សេចក្ដីសុខសាន្ត​ក្នុង​ក្រុមគ្រួសារ ពី​ដើម​មក​គេ​តែងតែ​ធ្វើបែបនេះ​»​។​
 
​រីឯ​អាចារ្យ​មង្គល គង់ ហ​មុនី ដែលមាន​ភារៈ​ក្នុង​ពិធី​មង្គល​នេះ បាន​ពន្យល់​ពី​ការរៀបចំ​ពិធី​យ៉ាង​ដូច្នេះ​៖«​ព្រះ​បរិត្ត​នេះ​ជាការ​ផ្សាយ​នូវ​មេត្តា សូត្រ​បណ្ដេញ​នូវ​ឧបទ្រពចង្រៃ ដែលមាន​ចិត្ត​មិនល្អ បណ្តេញចេញ​ឱ្យអស់ ឱ្យ​យើង​មិនមាន​គំនិត​គិតពី​អំពើអាក្រក់​»​។​


 
​លោក​បាន​បន្ថែមថា ក្នុង​ព្រះពុទ្ធសាសនា​ការធ្វើ​ពិធី​លើករាសី គឺជា​ការ​បង្កក់​សិរី​សួស្ដី​ឱ្យដល់​ក្រុមគ្រួសារ បណ្ដុះ​ធម៌​យោគយល់​គ្នា អធ្យាស្រ័យ​គ្នា​។ ហើយ​ការធ្វើ​ពិធី​បែបនេះ​ក្នុង​ថ្ងៃ​ខួបកំណើត​កូន ក៏​ជាការ​ប្រកាស​ដល់​ទេវតា អា​រុក្ខ​អារក្សអ្នកតា និង​ជីដូន​ជីតា ឱ្យទទួល​ស្គាល់​ពី​កំ​ណើ​រ​របស់​ក្មេង និង​បាន​តាម​ថែរក្សា​ផងដែរ​។ លោក​អាចារ្យ​បន្ថែម ៖«​ការ​បង្កក់​សិរី​សួស្ដី​ដល់​ចៅប្រុស ក្នុង​ថ្ងៃ​ខួបកំណើត​នេះ គេ​ហៅថា​ការ​ប្រកាសថា​គ្រួសារ​នេះ កើត​បានកូន​មួយ​អាយុ​មួយឆ្នាំ​ហើយ សូម​ប្រកាស​ដល់​ទេវតា ជីដូន​ជីតា ឱ្យ​គ្រប់គ្រង​ថែរក្សា​»៕
 

Tag:
 ភ្នំពេញ​
  កុមារ​
  សាសនា​
© រក្សាសិទ្ធិដោយ thmeythmey.com