អន្តរជាតិ
រដ្ឋ​អាស៊ាន​ពីរ កំពុង​ស្ថិតក្រោម​ការពិនិត្យ និង​វាយតម្លៃ​ក្នុងដំណាក់កាល​ទី​២​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​
09, Dec 2018 , 8:59 pm        
រូបភាព
ដោយ:
​អគ្គ​រដ្ឋអាជ្ញា នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ថ្ងៃ​៥ ធ្នូ បានចេញ​របាយការណ៍​មួយ​ស្តី​សកម្មភាព​របស់ខ្លួន ក្នុងការ​បំពេញ​តួនាទី​ស្វែងរក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ ដែល​រង​ការរំលោភបំពាន​ដោយសារ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ក្នុងស្រុក​របស់​ពួកគេ​។ របាយការណ៍​នោះ ក៏មាន​បញ្ជាក់​ពីរ​ដ្ឋ​មួយចំនួន ដែល​រួមទាំង​រដ្ឋ​អាស៊ាន ដែល​កំពុងស្ថិត​ក្រោម​កា​រប​ន្ត​វាយតម្លៃ មុន​ឈានដល់​ការចោទប្រកាន់​នៅ​នីតិវិធី​បន្តបន្ទាប់​។​


 
​លោកស្រី​អគ្គ​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ Fatou Bensouda តាមរយៈ​របាយការណ៍​សកម្មភាព​ប្រចាំឆ្នាំ​២០១៨ កម្រាស់​៧៦​ទំព័រ បានបង្ហាញ​ពី​កិច្ចប្រឹងប្រែង​របស់​អង្គភាព​យុត្តិធម៌​មួយ​នេះ​ក្នុងការ​ស្វះស្វែង​វែកមុខ​រក​ជនបង្ក​នៃ​របប​ដឹកនាំ​របស់​មេដឹកនាំ​ពិភពលោក​ពីក្រោយ នៃ​អំពើ​អមនុស្សធម៌ ហិង្សា និង​ការ​ទុក្ខ​បុក​ម្នេញ​នានា​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ក្នុងចំណោម​ប្រទេស ដែល​ស្ថិតនៅក្នុង​របាយការណ៍​របស់លោក​ស្រី​អគ្គ​រដ្ឋអាជ្ញា ក៏មាន​រដ្ឋ​អាស៊ាន​ចំនួន​ពីរ​ផងដែរ ដែល​រដ្ឋបាល​របស់លោក​ស្រី កំពុងតែបន្ត​ចាត់ការ​។ រដ្ឋ​ទាំងពីរ​នោះ រួមមាន ហ្វីលីពីន និង​មី​យ៉ាន់​ម៉ា​។ 
 
​តាម​របាយការណ៍​ដដែល​នោះ រដ្ឋ​អាស៊ាន​ទាំងពីរ​នេះ កំពុង​ស្ថិតក្រោម​ការពិនិត្យ និង​វាយតម្លៃ​ពី​អង្គភាព​របស់លោក​ស្រី ដល់​ដំណាក់កាល​ទី​២​ហើយ ពោលគឺ គិត​ចាប់ពី​លោកស្រី បានប្រកាស​ពី​យុត្តាធិការ​ក្នុងការ​ចាត់ការ​លើ​សំណុំរឿង​សិទ្ធិមនុស្ស នៃ​រដ្ឋ​ទាំងពីរ​មក ក្រុម​តំណាង​របស់​អង្គការ មិនដែល​មានបំណង​បោះបង់​ការចោទប្រកាន់​វិញ​ឡើយ​។​
 
​គួរ​ជម្រាប​ផងដែរ​ថា ស្ថានភាព ដែល​ធ្វើ​ឲ្យ​តុលាការអន្តរជាតិ​ព្រហ្មទណ្ឌ​អន្តរជាតិ ត្រូវ​ពិនិត្យ​លើ​មី​យ៉ាន់​ម៉ា ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ជនភៀសខ្លួន​ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា ដែល​បាន​ផ្ទុះ​ចេញពី​រដ្ឋ​រ៉ា​ខាន​របស់​មី​យ៉ាន់​ម៉ា ដែល​របាយការណ៍​សិទ្ធិមនុស្ស​ជាច្រើន បាន​រាយការណ៍​ថា មានការ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ រាប់បញ្ចូល​ទាំង​ការបង្ខំ​ឲ្យ​ចាក​ចេញពី​ទីកន្លែង​បង្កដោយ​អាជ្ញាធរ​។​
 
​ដោយឡែក​សម្រាប់​ស្ថានភាព​ហ្វីលីពីន​វិញ តុលាការ បានចង្អុលបង្ហាញ​ត្រង់ៗ​ទៅលើ​បុគ្គល ដែលជា​ប្រមុខ​ដឹកនាំ​ប្រទេស​។ នោះ​គឺ លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ដែល​តុលាការ សម្រេច​ពិនិត្យ​លើ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់លោក ថា​អាច​ធ្លាក់ចូល​បទល្មើស​ប្រឆាំង​មនុស្សជាតិ​។ ការបន្ត​ពិនិត្យ​លើ​មេដឹកនាំ​ប្រទេស​រូបនេះ ធ្វើឡើង​ទាំង​លោក ឌូ​ទើ​តេ បានប្រកាស​ដក​ហ្វីលីពីន​ចេញពី​សមាជិកភាព​រប​ស់​តុលាការ​រួចទៅហើយ​៕ 

Tag:
 ហ្វីលីពីន​
  មី​យ៉ាន់​ម៉ា​
  ICC
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com