ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កញ្ញា រ៉េម ឃី៖ «ខ្ញុំពិការមែន ប៉ុន្តែខ្ញុំមិនបណ្ដោយខ្លួនតាមលក្ខណៈពិការទេ!» កញ្ញា រ៉េម ឃី អង្គុយលើរទេះរុញ ដែលកំពុងបម្រើការងារផ្នែកវេចខ្ចប់ នៅក្នុងរោងចក្រPactic (រូបភាពទទួលបានការអនុញ្ញាតផ្សាយពីកញ្ញា រ៉េម ឃី )
× សៀមរាប៖ កញ្ញា រ៉េម ឃី គឺជាជនពិការម្នាក់ ក្នុងចំណោមជនពិការផ្សេងទៀត ដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុន Pactic ដែលផលិតក្រណាត់ជូតវ៉ែនតា និងផលិតផលធ្វើដំណើរ រួមទាំងកាបូប និងវ៉ាលី នៅខេតត្តសៀមរាប។ កញ្ញា រ៉េម ឃី បានចូលបម្រើការងារផ្នែករៀបចំ និងវេចខ្ចប់ នៅក្នុងរោងចក្ររបស់ក្រុមហ៊ុននេះ រយៈពេល៦ខែមកហើយ ដែលវាជាឱកាសមាសសម្រាប់កញ្ញា អាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ ស្ត្រីមានវ័យ៣៦ឆ្នាំរូបនេះ បាននិយាយថា កញ្ញាតែងតែផ្ដល់ក្តីសង្ឃឹមសម្រាប់ខ្លួនឯង ក្នុងការខំប្រឹងបំពេញការងារឲ្យបានល្អ ដូចមនុស្សទូទៅដែរ ពោលគឺកញ្ញាមិនដែលរួញរា រាល់ឧបសគ្គចំពោះមុខឡើយ។ កញ្ញា ឃី ដែលមានពិការភាពពីកំណើតនេះ បានប្រាប់សារព័ត៌មានថ្មីៗ ក្នុងឱកាសទស្សនកិច្ចនៅក្នុងក្រុមហ៊ុន Pactic យ៉ាងដូច្នេះថា៖«ខ្ញុំមានអារម្មណ៍ថា ខ្ញុំពិការមែន ប៉ុន្តែខ្ញុំមានលទ្ធភាពរកលុយចាយដោយខ្លួនឯងបាន ខ្ញុំសប្បាយចិត្ត។ សប្បាយចិត្តព្រោះយើងជាជនពិការ តែយើងក្លាហានអាចរកការងារបានធ្វើ យើងអត់មានគិតថា ខ្លួនពិការហើយ យើងមិនអាចធ្វើអ្វីបាន យើងចេះតែបណ្ដែតបណ្ដោយតាមលក្ខណៈយើងពិការ ប៉ុន្តែខ្ញុំអត់គិតអ៊ីចឹងទេ ខ្ញុំគិតថា ខ្ញុំមានឱកាសដូចអ្នកដើររួចដែរ…»។
សូមស្ដាប់កិច្ចសន្ទនារវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងកញ្ញា រ៉េម ឃី ដែលបម្រើការងារក្នុងរោងចក្ររបស់ក្រុមហ៊ុន Pactic ដូចតទៅ៖
ដ្បិតការងារវេចខ្ចប់នេះ វាមានភាពងាយស្រួលសម្រាប់មនុស្សសាមញ្ញធម្មតា(អ្នកមានកាយសម្បទាគ្រប់គ្រាន់) ប៉ុន្តែវានៅតែជាការលំបាកសម្រាប់កញ្ញា រ៉េម ឃី ដែលមានពិការភាព។ នោះក៏ព្រោះតែកញ្ញា ឃី នៅមានភាពយឺតយ៉ាវក្នុងការវេចខ្ចប់ផលិតផលក្រុមហ៊ុនជាងបុគ្គលិកទូទៅ។
ដោយសារតែភាពយឺតយ៉ាវនេះហើយ ទើបកញ្ញា ឃី មិនទាន់អាចក្លាយទៅជាកម្មករពេញសិទ្ធរបស់ក្រុមហ៊ុននៅឡើយទេ ពោលគឺកញ្ញា កំពុងស្ថិតនៅក្នុងការត្រួតពិនិត្យ និងតាមដានលទ្ធផលការងារពីសំណាក់ថ្នាក់ដឹកនាំ និងថៅកែក្រុមហ៊ុន។
ស្ថិតនៅលើរទេះរុញសម្រាប់ជនពិការ កញ្ញា ឃី កំពុងមមាញឹកក្នុងការវេចខ្ចប់ផលិតផលក្រុមហ៊ុនឲ្យបានច្រើន តាមដែលខ្លួនអាចធ្វើបាន ដើម្បីឲ្យទាន់ពេលវេលានៃសង្វាក់ការងាររបស់ក្រុមហ៊ុន សម្រាប់ការនាំចេញទៅក្រៅប្រទេសនោះ ស្ត្រីរូបនេះក៏ឆ្លៀតប្រាប់ដូច្នេះថា៖ «បើសិនយើងធ្វើអត់បានលទ្ធផលល្អឲ្យក្រុមហ៊ុន គេទុកពេលយើងតែ៣ខែទេ ប៉ុន្តែខ្ញុំចូលមកនេះ បានរយៈពេល៦ខែហើយ ប៉ុន្តែគេបន្តឲ្យខ្ញុំរយៈពេល៣ខែ ហើយ៣ខែបន្ទាប់ទៀត ដោយសារតែខ្ញុំអត់ទាន់ធ្វើគ្រប់គោលការណ៍ក្រុមហ៊ុន។ ហើយយើងនៅយឺតយ៉ាងនេះ ដោយសារយើងពិការផង ដូច្នេះយើងមិនអាចធ្វើលឿនដូចគេអ្នកដើរបានទេ។ តែគាត់(ក្រុមហ៊ុន) ទុកឱកាសឲ្យយើងដែរ គាត់មិនបង្ខំយើងទេ គាត់ទុកឱកាសឲ្យយើង៣ខែ ហើយ៣ខែ ហើយគាត់នឹងតាមសង្កេតមើលយើងដែលធ្វើការងារឲ្យពួកគាត់»។
តាមពិតទៅ កញ្ញា ឃី មិនមែនជាប្រជាពលរដ្ឋខេត្តសៀមរាបទេ កញ្ញា គឺជាពលរដ្ឋរស់នៅខេត្តពោធិ៍សាត់ ដែលកាលណោះកញ្ញា រៀនជំនាញខាងបោកអ៊ុតសំលៀកបំពាក់ ហើយអាចទទួលបានប្រាក់ខែខ្លះ ពីម្ចាស់ហាង។ ប៉ុន្តែដោយសារតែតម្រូវការថវិកាចាំបាច់ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារនោះ ទើបស្ត្រីវ័យ៣៦ឆ្នាំរូបនេះ សម្រេចបោះបង់ការងារបោកអ៊ុតនេះ ហើយមករស់នៅខេត្តសៀមរាប ដោយចូលបម្រើការងារក្នុងរោងចក្រPactic នេះ តាមរយៈការណែនាំរបស់មិត្តភក្តិ ដែលជួយសុំថ្នាក់ដឹកនាំរោងចក្រ ឲ្យកញ្ញា ចូលបំពេញការងារ។
ក្នុងរយៈពេល៦ខែ ដែលបានបម្រើការងារក្នុងក្រុមហ៊ុន Pactic នេះ កញ្ញា រ៉េម ឃី អាចសល់ថវិកាបានមួយចំនួនសម្រាប់ខ្លួនឯង ក្រោយពីចំណាយលើជីវភាពប្រចាំថ្ងៃ ដូចជាការទិញម្ហូបអាហារ ថ្លៃជួលផ្ទះ រួមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។ កញ្ញា រ៉េម ឃី ដែលមានពិការភាពផង ហើយត្រូវរកប្រាក់សម្រាប់ជួយម្ដាយចាស់ជរា ដែលកំពុងរស់នៅផ្ទះជួលជាមួយខ្លួនផងនោះ បានរៀបរាប់ដូច្នេះថា៖«រយៈពេលខ្ញុំចូលធ្វើការងារដំបូង ប្រាក់ខែគោលខ្ញុំវាបានតិចហើយ យើងត្រូវការចំណាយច្រើន ប៉ុន្តែខ្ញុំអត់បានសល់ទេ ក្នុងរយៈពេល២ខែជាប់គ្នា។ ប៉ុន្តែបន្ទាប់មក ទើបខ្ញុំមានឱកាសសល់លុយ ក្នុង១ខែ ៥០ដុល្លារអី ក៏សប្បាយចិត្តដែរ។ បើសង្ឃឹមលើម៉ែ គាត់នៅតែឯង ព្រោះយើងគ្មានឪពុកដូចគេ។ (បានថវិកា) ជួយអ្នកម្ដាយព្រោះម្ដាយខ្ញុំគាត់នៅតែឯង ព្រោះបងប្អូនគេមានគ្រួសារអស់ហើយ ហើយខ្ញុំនៅជាមួយម៉ែ»។
ការចូលបម្រើការងារផ្នែកវេចខ្ចប់នៅក្នុងរោងចក្រ Pactic គឺជាបំណងតូចមួយរបស់កញ្ញា រ៉េម ឃី ប៉ុណ្ណោះ ព្រោះកញ្ញា នៅមានគោលដៅមួយទៀត គឺបំណងចង់បង្កើតអាជីវកម្ម ឬមុខរបរតូចមួយ សម្រាប់ផ្គត់ផ្គង់ជីវភាពខ្លួននៅថ្ងៃអនាគត។ ប៉ុន្តែស្ថិតនៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ កញ្ញា ឃី មិនទាន់អាចបំពេញក្តីបំណងខ្លួនបានឡើយ ព្រោះតែកញ្ញា មិនអាចមានលទ្ធភាពគ្រប់គ្រាន់។
«ខ្ញុំមានក្តីសង្ឃឹមខ្លួនឯង! ខ្ញុំសង្ឃឹមថា អនាគតខ្ញុំមិនមែនពិការដើរសុំទានទេ ខ្ញុំចង់មានឱកាសសម្រាប់ខ្លួនឯង គឺថាមានអាជីព នៅពេលយើងធ្វើការបានលុយ យើងចង់បង្កើតអាជីពមួយដោយខ្លួនឯង។ នេះជាគម្រោងទុក (មុខរបរ) ដូចជាការបើកតូបលក់អីវ៉ានមួយ រស់នៅបែបរបៀបជាលក្ខណៈគ្រួសារ នៅពេលយើងមានទុន។ ប៉ុន្តែឥឡូវខ្ញុំមិនទាន់មានទុនទេ ព្រោះខ្ញុំធ្វើការនេះ នៅសល់តិចតួច ដូចនេះខ្ញុំមិនទាន់អាចឈានដល់គោលដៅបាន»។ នេះជាបំណងប្រាថ្នារបស់ស្ត្រីសម្បុរស វ័យ៣៦ឆ្នាំ ដែលមានពិការភាព ហើយកំពុងបម្រើការងារនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Pactic៕
Tag:
រ៉េម ឃី
ជនពិការ
Pactic
EU
© រក្សាសិទ្ធិដោយ thmeythmey.com