ជាតិ
មនុស្សជាង ១៣ម៉ឺននាក់ចូលរួមពិព័រណ៍សៀវភៅនៅឆ្នាំនេះ ខណៈឆ្នាំមុនមានជាង ៥ម៉ឺននាក់ប៉ុណ្ណោះ
× ភ្នំពេញ៖ កុមារ យុវវ័យ និងមនុស្សវ័យចំណាស់ប្រមាណ ១៣ម៉ឺននាក់ បានចូលរួមកម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី៧ ឆ្នាំ២០១៨ ក្រោមប្រធានបទ «សៀវភៅរស់ ចំណេះរីក» ដែលរៀបចំរយៈពេល៣ថ្ងៃ នៅបណ្ណាល័យជាតិ។ ចំនួនអ្នកចូលរួមក្នុងឆ្នាំនេះ មានការកើនឡើងជាងឆ្នាំ២០១៧ ដែលមានត្រឹមជាង៥ម៉ឺននាក់ប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់កញ្ញា ស៊ុន សិទ្ធិគុណ ប្រធានផ្នែកផ្សព្វផ្សាយរបស់កម្មវិធិពិព័រណ៍សៀវភៅ។
កញ្ញា ស៊ុន សិទ្ធគុណ ប្រធានផ្នែកផ្សព្វផ្សាយនៃកម្មវិធីពិព័រណ៍សៀវភៅបានបញ្ជាក់ប្រាប់សារព័រ៌មានថ្មីៗតាមទូរសព្ទថា៖ «ពិព័រណ៍សៀវភៅឆ្នាំនេះ មានអ្នកចូលរួមរហូតដល់ ១៣១៤០០នាក់ ដែលជាចំនួនមួយលើសពីការរំពឹងទុក។ មុនកម្មវិធី ក្រុមការងារពិព័រណ៍គិតថាមានអ្នកចូលរួមត្រឹម៧ម៉ឺននាក់ប៉ុណ្ណោះ។ ប៉ុន្តែនេះលើសពីការរំពឹងទុក ហើយក្រុមការងារទាំងអស់ រួមទាំងអ្នកស្ម័គ្រចិត្តមានអារម្មណ៍សប្បាយចិត្តខ្លាំងមែនទែន»។
ប្រធានផ្នែកផ្សព្វផ្សាយនៃកម្មវិធីពិព័រណ៍សៀវភៅរូបនេះ បន្តថា ចំនួនអ្នកចូលរួមច្រើនបែបនេះ ដោយសារតែមានចាប់អារម្មណ៍ច្រើនទៅលើការអាន។ បើតាមកញ្ញា សិទ្ធិគុណ ពិព័រណ៍សៀវភៅ ឆ្នាំ២០១៧ មានអ្នកចូលរួមត្រឹមជាង ៥ម៉ឺននាក់ប៉ុណ្ណោះ។ សម្រាប់ពិព័រណ៍សៀវភៅនៅឆ្នាំនេះ នៅក្នុងថ្ងៃទី២ និងទី៣ មានអ្នកចូលរួមច្រើនជាងគេ ដែលរហូតដល់៥ម៉ឺននាក់ក្នុង១ថ្ងៃ។
ក្នុងពិព័រណ៍សៀវភៅកម្ពុជាឆ្នាំនេះ មានកម្មវិធីពិសេសៗជាច្រើន រួមមាន ការចែកសៀវភៅឥតគិតថ្លៃ, ការដូរសៀវភៅចាស់ៗ និងកម្មវិធីកម្សាន្តបែបអប់រំដល់អ្នកចូលរួមជាច្រើន។ កញ្ញា សិទ្ធិគុណ បញ្ជាក់ថា៖ «សៀវភៅដែលដាក់លក់នៅតាមស្ដង់នីមួយៗ លក់ដាច់បានច្រើន ដោយអ្នកចូលរួមសុទ្ធតែបានទិញសៀវភៅទៅវិញ ខ្លះទិញពីរបីស្បោងឯណោះ»។ ប្រធានផ្នែកផ្សព្វផ្សាយរូបនេះ ក៏បានថ្លែងអំណរគុណដល់អ្នកចូលរួមផងដែរ ដែលធ្វើឲ្យកម្មវិធីពិព័រណ៍សៀវភៅឆ្នាំនេះជោគជ័យ។
សូមបញ្ជាក់ថា ពិព័រណ៍សៀវភៅកម្ពុជាលើកទី៧ ឆ្នាំ២០១៨នេះ រៀបចំរយៈពេល៣ថ្ងៃ ពីថ្ងៃទី៧-៩ ខែធ្នូ ដែលមានស្ដង់ចំនួន ១១០នាក់ ខណៈឆ្នាំ២០១៧ មានត្រឹម ៨០ស្ដង់ប៉ុណ្ណោះ។ ជាមួយគ្នានេះ ក្នុងកម្មវិធីពិព័រណ៍សៀវភៅឆ្នាំនេះ មានយុវជនស្ម័គ្រចិត្តចូលរួមប្រមាណ ២០៤នាក់ ដែលចូលរួមសម្របសម្រួលក្នុងកម្មវិធីនេះ៕
Tag:
ពិព័រណ៍សៀវភៅ
បណ្ណាល័យជាតិ
សៀវភៅ
© រក្សាសិទ្ធិដោយ thmeythmey.com