ជាតិ
កម្ពុជា នឹងមាន​ជើងហោះហើរ​ត្រង់​ទៅ​ប៉េកាំង នៅ​ឆ្នាំ​២០១៩
11, Dec 2018 , 7:59 am        
រូបភាព
លោក Eric Delobe នាយកប្រតិបត្តិក្រុមហ៊ុនVinci នៃព្រលានយន្តហោះ Cambodia Airport
លោក Eric Delobe នាយកប្រតិបត្តិក្រុមហ៊ុនVinci នៃព្រលានយន្តហោះ Cambodia Airport
ដោយ: ថ្មីៗ
​សៀមរាប​៖ កម្ពុជា នឹងមាន​ជើងហោះហើរ​ត្រង់​ទៅ​ប៉េកាំង នៅ​ដើមខែ​មករា ឆ្នាំ​២០១៩​ខាងមុខ ដែលជា​ផ្នែក​មួយ​នៃ​ការទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្ពុជា​។

 
​លោក Eric Delobe នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Vinci នៃ​ព្រលានយន្តហោះ Cambodia Airport បាន​និយាយថា ក្រុមហ៊ុន​លោក កំពុង​រៀបចំ​តំណ​ភ្ជាប់​ជើងហោះហើរ ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​បណ្ដា​អាកាសយានដ្ឋាន​ធំៗ​ក្នុងប្រទេស​ផ្សេងៗ​ទៀត ដែល​វា​ជា​យុទ្ធសាស្ត្រ​មួយ ក្នុងការ​បង្កើន​ចំនួន​អ្នកធ្វើដំណើរ និង​ភ្ញៀវទេសចរ​មក​កម្ពុជា​។​
 
​តាមរយៈ​ការតភ្ជាប់​នេះ បច្ចុប្បន្ន​កម្ពុជា​កំពុងមាន​ជើងហោះហើរ​ជាមួយ​ប្រទេស​៦០ សម្រាប់​គោលដៅ​ធ្វើដំណើរ ។ បើតាម​លោក Eric Delobe នៅ​ដើមឆ្នាំ​២០១៩​ខាងមុខ កម្ពុជា ក៏មាន​ជើងហោះហើរ​ត្រង់​ទៅ​ប៉េកាំង​ទៀតផង​។​
 
​ថ្លែង​ចំពោះមុខ​អ្នកសារព័ត៌មាន ដែល​បានធ្វើ​ដំណើរ​ទស្សនកិច្ច នៅក្នុង​អាកាសយានដ្ឋាន​ព្រលានយន្តហោះ​ខេត្តសៀមរាប នាយក​ប្រតិបត្តិ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​នៅ​ដើម​ឆ្នាំក្រោយ​ខែមករា ឆ្នាំ​២០១៩ យើង​នឹងមាន​ជើងហោះហើរ​ផ្ទា​ល់ពី​ទីក្រុង​ភ្នំពេញ ទៅ​ទីក្រុង​ប៉េកាំង​។ នេះ​គឺជា​អ្វីដែល​យើង​ខ្វះចន្លោះ​កន្លងមក ប៉ុន្តែ​យើង​នឹង​ព្យាយាម​ស្ដារឡើងវិញ នៅ​ខែ​ដើមឆ្នាំ​ក្រោយ​»​។​
 
​ក្រុមហ៊ុន Vinci បានមក​វិនិយោគ​នៅ​កម្ពុជា លើ​វិស័យ​អាកាសចរណ៍ ដែល​បាន​វិនិយោគ​ព្រលានយន្តហោះ​នៅ​កម្ពុជា តាំងពី​ឆ្នាំ​១៩៩៣ ដោយ​ដំបូង​ឡើយ មាន​ព្រលានយន្តហោះ​ពោធិ៍ចិនតុង (​បច្ចុប្បន្ន​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​)​។ ហើយ​នៅ​ឆ្នាំ​២០០១ ក្រុមហ៊ុន​Vinci ក៏បាន​បន្ត​វិនិយោគ​នៅ​ព្រលានយន្តហោះ​សៀមរាប មុននឹង​វិនិយោគ​នៅ​ព្រលានយន្តហោះ​កងកេង ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ឆ្នាំ​២០០៦​។ 
 
​កាលពី​ឆ្នាំ​២០១៧​កន្លងមក អាកាសយានដ្ឋាន​ទាំង​៣​នេះ អាច​ទទួលបាន​ចំនួន​ភ្ញៀវ​ទេសចរណ៍​ធ្វើដំណើរ​បាន ៨,៨​លាន​នាក់ ដែល​កើនឡើង​២៥​ភាគរយ បើ​ធៀប​កាលពី​ឆ្នាំ​២០១៦​។ ដោយឡែក​នៅ​ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន Vinci ជឿជាក់ថា អាកាសយានដ្ឋាន​ទាំង​៣ នឹង​អាច​ទទួលបាន​ភ្ញៀវ ឬ​អ្នកធ្វើដំណើរ​បាន​១០​លាន​នាក់​។ ក្រៅពី​ការទទួល​ភ្ញៀវទេសចរ ក្រុមហ៊ុន​ក៏បាន​ទទួល​ការផ្ញើ​ទំនិញ​៦០​ពាន់​តោន ដែលមាន​កំណើន​កើនឡើង​រហូតដល់​៤០​ភាគរយ​ផងដែរ​។​
 
​បច្ចុប្បន្ន​ក្រុមហ៊ុន Vinci មាន​អាកាសយានដ្ឋាន​ចំនួន​៤៤ នៅក្នុង​ប្រទេស​ចំនួន​១១ ដែល​អាច​ទទួលបាន​អ្នកដំណើរ​ជាង​២០០​លាន​នាក់ កាលពី​ឆ្នាំ​២០១៧ ដែល​តួលេខ​នេះ មានការ​កើនឡើង​១២​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៦៕
 

Tag:
 Eric Delobe
  Cambodia Airport
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com