រថយន្ត
អន្តរជាតិ
លុចសំបួនឹងក្លាយជាប្រទេសទីមួយដែលមិនគិតថ្លៃលើសេវាដឹកជញ្ជូនសាធារណៈគ្រប់ប្រភេទ
× លុចសំបួនឹងក្លាយជាប្រទេសដំបូងគេបង្អស់ក្នុងពិភពលោក ដែលមិនគិតថ្លៃលើសេវាកម្មដឹកជញ្ជូនសាធារណៈទាំងអស់ដែលមាន។ គោលដៅដែលដាក់ចេញថ្មីនេះគឺមានគោលដៅសំខាន់លើការលើកកម្ពស់ការថែរក្សាបរិស្ថាន និងបន្ធូរបន្ថយការកកស្ទះចរាចរណ៍។
ថ្លៃចំណាយលើរថភ្លើង, រថអគ្គីសនី និងឡានក្រុង នឹងត្រូវបានលើកលែង គិតចាប់ពីខែមិថុនាឆ្នាំ២០១៩ តទៅ ក្រោមផែនការរបស់រដ្ឋាភិបាលចម្រុះទើបជាប់ឆ្នោតសារជាថ្មី ដែលដឹកនាំដោយ នាយករដ្ឋមន្ត្រីលុចសំបួ លោក Xavier Bettel។ លោក Xavier Bettel បានស្បថចូលកាន់តំណែងក្នុងអាណត្តិទីពីររបស់លោក កាលពីថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨។
តាមពិតទៅ គណបក្សប្រជាធិបតេយ្យរបស់លោក Bettel នឹងបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយគណបក្សពលករសង្គមនិយម និងគណបក្សបៃតង ដោយពួកគេបានប្តេជ្ញាផ្តោតសំខាន់លើបញ្ហាបរិស្ថាន អំឡុងយុទ្ធនាការបោះឆ្នោតកាលពីថ្មីៗកន្លងទៅនេះ។
យោងតាមសារព័ត៌មាន The Guardian លុចសំបួស៊ីតធី រដ្ឋធានីរបស់លុចសំបួក៏ជាទី ដែលរងគ្រោះពីការកកស្ទះចរាចរណ៍អាក្រក់បំផុតមួយផងដែរក្នុងពិភពលោក។ រដ្ឋធានីនេះមានប្រជាជនរស់នៅប្រមាណ ១១ម៉ឺននាក់ ប៉ុន្តែជារៀងរាល់ថ្ងៃ មនុស្សជាង៤០ម៉ឺននាក់ធ្វើដំណើរចូលទៅក្នុងទីក្រុងនេះ ដើម្បីប្រកបការងារ។
ខណៈប្រទេសនេះទាំងមូលមានប្រជាជនសរុបប្រមាណ ៦០ម៉ឺននាក់ ជារៀងរាល់ថ្ងៃ ប្រជាជនជិត២០ម៉ឺននាក់ ដែលកំពុងរស់នៅ ក្នុងប្រទេសបារាំង, ប៊ែលហ្សិក, និងអាល្លឺម៉ង់ បានឆ្លងកាត់ព្រំដែន ទៅធ្វើការក្នុងប្រទេសលុចសំបួ។
ការសិក្សាមួយបានគូសបញ្ជាក់ថា ក្នុងមួយឆ្នាំ អ្នកបើកបរដែលធ្វើដំណើរនៅក្នុងរដ្ឋធានី បានខ្ជះខ្ជាយពេលអស់ជាមធ្យមប្រមាណ ៣៣ ម៉ោង សម្រាប់ការកកស្ទះកាលពីឆ្នាំ២០១៦។
លុចសំបួបានបង្ហាញការយកចិត្តទុកដាក់ខ្លាំងលើសេវាដឹកជញ្ជូនរបស់រដ្ឋ។ ជាក់ស្តែង កាលពីប៉ុន្មានខែកន្លងទៅ រដ្ឋាភិបាលបានសម្រេចផ្តល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋគ្រប់គ្នា ដែលមានអាយុក្រោម២០ឆ្នាំ៕
Tag:
លុចសំបួ
សេវកម្មដឹកជញ្ជូនសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com