ការផលិតរថយន្តនៅសម័យកាលនេះ មានចំនួនច្រើនជាងពេលណាទាំងអស់ក្នុងប្រវត្តិសាស្ត្រ។ គេហទំព័រជំនាញផ្នែកទីផ្សារ និងហិរញ្ញវត្ថុ Investopedia បានលើកឡើងពីកំណើន១,១ភាគរយនៃសង្វាក់ផលិតកម្មពីឆ្នាំ២០១៤ ដោយមានរថយន្តជាង៩០លានគ្រឿង ត្រូវបានផលិតនៅឆ្នាំ២០១៥ ។ ក្នុងចំណោមនោះ រថយន្តដែលប្រើប្រាស់ជាលក្ខណៈឯកជន មានរហូតដល់ទៅ៦០,៥៨លានគ្រឿង។
ប្រទេសចំនួន៦នៅលើពិភពលោក បានផលិតរថយន្តច្រើនជាងគេបំផុត ជាពិសេសចន្លោះពីឆ្នាំ២០១៤ ដល់ពាក់កណ្តាលឆ្នាំ២០១៦ ដែលក្នុងនោះមានចិន អាមេរិក ជប៉ុន អាល្លឺម៉ង់ កូរ៉េខាងត្បូង និងឥណ្ឌា។
ចិនបានក្លាយជាទីតាំងដែលផលិតរថយន្តច្រើនជាងគេបំផុតលើលោក ដោយកាលពីឆ្នាំ២០១៥ ប្រទេសកុំម្មុយនីស្តមួយនេះ ផលិតបានដល់ទៅជាង២៤លានគ្រឿង។ ក្នុងចំណោមនោះ ៨៦ភាគរយ ជារថយន្តប្រភេទឯកជន ខណៈ៣,៤លានគ្រឿងទៀត ជារថយន្តប្រភេទពាណិជ្ជកម្ម។ គ្រាន់តែចន្លោះពីខែមេសា ដល់ខែកក្កដា ឆ្នាំ២០១៦ ចិនផលិតរថយន្តបានជិត២លានគ្រឿង ដោយក្រុមហ៊ុន SAIC Motor Corporation Ltd. មានចំនួនខ្ពស់ជាងគេ។
បើផ្អែកតាមរបាយការណ៍កាលពីបីឆ្នាំមុន សហរដ្ឋអាមេរិក ឈរនៅលំដាប់លេខពីរបន្ទាប់ពីចិន។ នៅឆ្នាំ២០១៥ អាមេរិក ផលិតរថយន្តឯកជន បានត្រឹមតែ៤,១លានគ្រឿងប៉ុណ្ណោះ។ ទោះបីជាវាមានចំនួនតិចក៏ដោយ ប៉ុន្តែមហាអំណាចសេដ្ឋកិច្ចមួយនេះ ផ្តោតលើការផលិតរថយន្តប្រភេទពាណិជ្ជកម្ម ដោយមានចំនួនច្រើនលើសប្រទេសដទៃ។ ក្នុងចំណោមរថយន្តជាង១២លានគ្រឿងដែលផលិតនៅអាមេរិកក្នុងឆ្នាំ២០១៥ ក្រុមដែលសកម្មជាងគេនៅអាមេរិក មាន General Motor Company, Fort Motor Company និង Toyota Motor Corp។
ជប៉ុនដែលស្ថិតនៅចំណាត់លេខបី ផលិតរថយន្តបានប្រមាណ៩,៣លានគ្រឿងនៅឆ្នាំ២០១៥ ប៉ុន្តែចំនួននេះ ថយចុះ ៥,១ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤។ ជាមួយគ្នានេះ ជប៉ុនមានសក្តានុពលខ្ពស់លើទីផ្សារនាំចេញដោយមានទឹកប្រាក់៨៦,១ពាន់លានដុល្លារអាមេរិក និងរួមចំណែក ១២,៨ភាគរយ លើការនាំចេញសរុបទូទាំងពិភពលោក កាលពីឆ្នាំ២០១៥ ។ Toyota និង Honda Motor Co.Ltd មានចំណែក២៩ភាគរយ និង១៤,៤ភាគរយ នៃទីផ្សាររថយន្តជប៉ុន។
អាល្លឺម៉ង់ ផលិតបានរថយន្តជាង៦លានគ្រឿងនៅឆ្នាំ២០១៥ ដោយមានកើនឡើង២,១ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំចាស់។ Volkswagen AG និង Mercedes-Benz លេចធ្លោរជាងគេសម្រាប់ទីផ្សាររថយន្តអាល្លឺម៉ង់ ដែលធ្វើឲ្យប្រទេសអឺរ៉ុបមួយនេះ មានចំណែក២២,៧ភាគរយលើការនាំចេញរថយន្តទៅកាន់ទីផ្សារពិភពលោក។
នៅឆ្នាំ២០១៥ កូរ៉េខាងត្បូង ផលិតបានរថយន្តលក្ខណៈឯកជន៤,១លានគ្រឿង និងរថយន្តប្រភេទពាណិជ្ជកម្មជាង៤សែនគ្រឿង ដោយមានកំណើនតែក្នុងរង្វង់០,៧ភាគរយប៉ុណ្ណោះ។ Hyundai Motor Co. ជាក្រុមហ៊ុនរថយន្តដែលមានប្រជាប្រិយភាពជាងគេ ពោលគឺមានចំណែក៦,២ភាគរយក្នុងចំណោមទីផ្សាររថយន្តរបស់កូរ៉េខាងត្បូង។
ឥណ្ឌា ផលិតបានរថយន្តតិចជាង៤,២លានគ្រឿងនៅឆ្នាំ២០១៥ ដែលក្នុងនោះ៨២ភាគរយ ជាប្រភេទរថយន្តសម្រាប់ជិះផ្ទាល់ខ្លួន។ Tata Motors Limited ជាក្រុមហ៊ុនដែលផលិតរថយន្តធំជាងគេនៅឥណ្ឌា ប៉ុន្តែការនាំចេញមានចំនួនប្រមាណតែ ៦៥៤ ០០០គ្រឿងប៉ុណ្ណោះ៕