កីឡាជាតិ
ជាតិ
សាលី អ៊ូ​មើ​ត បន្ត​លេចធ្លោ​នៅលើ​ឆាក​អន្តរជាតិ​ដោយ​ឈ្នះ​មេដាយមាស​បន្ថែមទៀត​នៅ​ថៃ​
10, Dec 2018 , 11:40 pm        
រូបភាព
កីឡាករ សាលី អ៊ូមើត (ខាងស្តាំ) និងកីឡាករ ម៉ីន មូសស្តាន
កីឡាករ សាលី អ៊ូមើត (ខាងស្តាំ) និងកីឡាករ ម៉ីន មូសស្តាន
ដោយ:
​កីឡាករ សាលី អ៊ូ​មើ​ត ម្ចាស់​មេដាយមាស​កីឡា​អាស៊ី Asia Games បន្ត​បង្ហាញ​ភាពខ្លាំង​ក្នុងការ​ប្រកួត​កីឡា​ម៉ូតូ​ទឹក​កម្រិត​ពិភពលោក Jet Ski World Cup 2018 នៅ​ប្រទេស​ថៃ ក្រោយ​រូបគេ​ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា Ski Modifier​។ ជាមួយគ្នានេះ​កីឡាករ ម៉ី​ន មូស​ស្តា​ន បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៣​លើ​វិញ្ញាសា​នេះ​ផងដែរ​។

 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​ចំនួន​៤​ជើង​ចន្លោះ​ពីថ្ងៃ​ទី​៦-៩ ខែធ្នូ ម្ចាស់​មេដាយមាស​កីឡា​អាស៊ី សាលី អ៊ូ​មើ​ត បាន​គ្រង​ជើងឯក​លើ​វិ​ញ្ញា Ski Modifier ក្នុង​ព្រឹត្តិការណ៍ Jet Ski World Cup 2018 ដែលមាន​ប្រទេស​ជិត​៥០​លើ​ពិភពលោក​ចូលរួម​។ តែ​សម្រាប់​វិញ្ញាសា​នេះ មាន​កីឡាករ​១០​រូប​ចូលរួម​ប្រកួតប្រជែង​។ កីឡាករ​សហរដ្ឋអាមេរិក Theo Beaumer ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ខណៈ​កីឡាករ​បារាំង Thomas Laurent Boucher បាន​ចំណាត់ថ្នាក់​លេខ​៣​។​


 
​ទោះបី អ៊ូ​មើ​ត ទទួលបាន​ជ័យ​ជា​បន្តបន្ទាប់​នាពេល​កន្លងមក​ក៏ដោយ តែ​ឆ្នាំ​២០១៨ អាច​ចាត់ទុកជា​ឆ្នាំ​ជោគជ័យ​មួយ​សម្រាប់ រូបគេ ក្នុងការ​សាង​កិត្តិយស​ជូន​ប្រទេស​កម្ពុជា​។ ក្រោយ​ឈ្នះ​មេដាយមាស​កីឡា​អាស៊ី​នៅ​ឥណ្ឌូណេស៊ី កីឡាករ​មកពី​ខេត្ត​ត្បូងឃ្មុំ​រូបនេះ បានឈ្នះ​មេដាយប្រាក់​១​លើ​វិញ្ញាសា Ski Modifier នៅ​សហរដ្ឋអាមេរិក និង​ឈ្នះ​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍ 2018 Baili Liujiang International Jet Ski Open នៅ​ប្រទេស​ចិន​កាលពី​អំឡុង​ខែតុលា​៕

Tag:
 ម៉ូតូ​ទឹក​
  សាលី អ៊ូ​មើ​ត​
  Jet Ski World Cup
© រក្សាសិទ្ធិដោយ thmeythmey.com