ONE Championship
កីឡាជាតិ
ជាតិ
ឯម សុ​វណ្ណា​រី រំភើប​ខ្លាំង​ពេល​ឃើញ​ការគាំទ្រ​ច្រើន​ពី​កម្ពុជា​នៅ​សង្វៀន ONE
11, Dec 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រឹត្តិការណ៍​ចុងឆ្នាំ​២០១៨ របស់ ONE Championship នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី កន្លងទៅ​ថ្មីៗ​នេះ ពិតជា​អង្រួន​បេះដូង​ទស្ស​និជ​ក​ទូទាំងប្រទេស​ឲ្យ​បំភ្លេច​មិនបាន​។ ក្នុងនោះ តារា​ប្រដាល់​កម្ពុជា​ទើប​រះ​ថ្មី ឯម សុ​វណ្ណា​រី ក៏មាន​វត្តមាន​សម្រាប​ការប្រកួត​ក្នុង​ទ្រុង ONE: DESTINY OF CHAMPIONS ជាមួយ​កីឡាការិនី​អ៊ុយ​ក្រែ​ន​នាង Iryna "Delsa" Kyselova ផងដែរ ក្នុងចំនោម​គូប្រកួត​សរុប​ទាំងអស់ ១១​គូ​។​


 
 
​កីឡាករ​ខ្មែរ​-​អាមេរិក​រូបនេះ ចេញ​បង្ហាញខ្លួន​សំដៅ​មក​កណ្តាល​សង្វៀន​ប្រដាល់ ពេលនោះ​ឃើញថា​មាន​ទស្សនិកជន​មក​ទស្សនា​រាប់លាន​នាក់​ទូទាំង​ពិភពលោក​បាន​ហ៊ោកញ្ជ្រៀវ​ទះដៃ តែ​នាង​នៅតែ​រក្សា​ស្មារតី​ខ្ពស់ ហើយ​បញ្ចេញ​ស្នាមញញឹម​ដល់​អ្នកគាំទ្រ ទោះ​ដឹងថា​ប៉ះ​គូប្រយុទ្ធ​លើក​នេះ​មិន​ងាយស្រួល​ទេ ព្រោះ​គេ​ខ្ពស់ជាង ខ្លាំង​ជាង ហើយ​មានបទពិសោធន៍​ប្រកួត​ច្រើនជាង​ខ្លួន​គុណ​នឹង ៦​ដង​។ 
 
​គ្រាន់តែ​ជួង​បន្លឺឡើង​ភ្លាម សុ​វណ្ណា​រី ផ្ចង់ស្មារតី​សម្រុក​កណ្តាប់ដៃ​ទៅ​ដាល់ Iryna ចំៗ ហើយ​បាន​រក​ស្នៀត​ចាប់​បោក​ដៃគូ​ឲ្យ​ក្រាប​ដល់​ដី គោលបំណង​សង្គ្រប់​ឲ្យ​ជាប់ រួច​ប្រើ​កម្លាំង​ចាប់​ក្លេរ​សង្កត់​នាង Iryna ជាប់ រហូតដល់​អា​ជ្ងា​កណ្តាល​សម្រេច​បញ្ឈប់​ការប្រកួត​នៅត្រឹម​ទឹក​ទី​១ នាទី​ទី ១:២១ ប៉ុណ្ណោះ​។ 


 
​សុ​វណ្ណា​រី រៀបរាប់​បន្ទាប់ពី​ប្រកួត​ហើយ​ភា្ល​ម​ថា​៖ «​ខ្ញុំ​អត់​មាន​អារម្មណ៍​ញាប់​ញ័រ​ទេ  មុន​ការប្រកួត​នេះ​យើង​ហ្វឹកហាត់​ដល់​កម្រិត​គ្រប់គ្រាន់​ហើយ ខ្ញុំ​បាន​ត្រៀមខ្លួន​ជាស្រេច អ៊ីចឹង​ដូចជា​មិនសូវ​ភិតភ័យ ប៉ុន្តែ​រំភើប​ទៅវិញ​ទេ និយាយ​ទៅ​សប្បាយ​វាយ​តែម្តង​»​។ 
 
​កីឡាការិនី​រូបនេះ​បាន​លើក​ទង់ជាតិ​កម្ពុជា​ដែលជា​អត្តសញ្ញាណ​ដូនតា​ខ្លួន​លើ​ឆាក​អន្តរជាតិ ទោះជា​សព្វថ្ងៃ​នាង​រស់នៅ​សហរដ្ឋអាមេរិក​ក៏ដោយ​។ 
 
«​វា​ជា​មេរៀន​មួយ​ដ៏​អស្ចារ្យ ! ខ្ញុំ​សង្កេតឃើញ​ចំណុច​ខ្វះខាត​មួយចំនួន​ដែរ ដែល​គិតថា​ខ្ញុំ​គួរ​ធ្វើ​ឲ្យ​ល្អ​ជាង​ពេលនោះ យ៉ាងណាមិញ​វា​ជា​បទពិសោធន៍​មួយ​ដែល​ខ្ញុំ​ត្រូវ​យកទៅ​សិក្សា​បន្ត​។ តែ​សរុបមក ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ធ្វើបាន​សឹង​ល្អឥតខ្ចោះ​ហើយ​»​។​
 
«​ខ្ញុំ​ជាម​នុស្ស​អៀន​ច្រើន ហើយ​មិន​ចូលចិត្ត​ទាមទារ​ចំណាប់អារម្មណ៍​អី​នោះទេ តែ​ដល់ពេល​ឡើងលើ​សង្វៀនមាន​ភ្លើង​ឆ្វេ​រ​ឆ្វារ ព្រមទាំង​សម្លេង​ស្រែក​ហ៊ោ​ពី​អ្នកគាំទ្រ​ច្រើន​ផង វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ពិសេស​ណាស់​»​។ 
 
​ថ្វីបើ​ខ្លួន​ផ្តួល​គូប្រកួត​បាន​យ៉ាង​ផុយ​មែន ប៉ុន្តែ សុ​វណ្ណា​រី និង​គ្រូបង្វឹក​ផ្ទាល់​លោក Justen Hamilton ក៏​មិន​ភ្លេច​លើកសរសើរ​ពី​កីឡាការិនី​មកពី​អ៊ុយ​ក្រែ​ន​ដែរ​។ 
 
Justen បង្ហើប​ប្រាប់ថា​៖ «​យើង​ចាត់ទុក Iryna ជា​គូប្រយុទ្ធ​មែនទែន​មិនធម្មតា​ទេ ដោយសារ​យើង​ដឹងថា​នាង​មានបទពិសោធន៍​ច្រើន​ដែរ ហើយ​ជោគជ័យ​ខ្លាំង​ក្នុងការ​ប្រកួត​នីមួយៗ មើលទៅ​នាង​មាន​សមត្ថភាព​ខ្លាំងណាស់​»​។​
 
«​ទោះបី​ខ្ញុំ​ធ្លាប់​ប៉ាន់​ថា អាច​ផ្តួល​នាង​មុន​ចប់​ទឹក​មែន ប៉ុន្តែ​មិនមែន​ចង់​មើលស្រាល Iryna នោះទេ ខ្ញុំ​គ្រាន់តែ​ដឹងថា​ត្រូវ​ធ្វើយ៉ាងណា​ត្រៀមលក្ខណៈ​ខ្លាំង​ជាង​មុន​ប៉ុណ្ណោះ​»​។​
 
«​ខ្ញុំ​មិនជា​ភ្ញាក់ផ្អើល​ប៉ុន្មាន​ទេ ពេល​ឃើញ សុ​វណ្ណា​រី ធ្វើ​បានល្អ​ដូចនេះ តែ​ខ្ញុំ​ត្រេកអ​រហើយ​រំភើប​ពេល​ឃើញ​នាង​បង្ហាញ​សមត្ថភាព​ពិតៗ​ដូច​អ្វីដែល​ខ្ញុំ​ស្រមៃ​បេះបិត ដូចនេះ​វា​ពិតជា​ល្អ​រក​ពាក្យ​និយាយ​មិន​ចេញ​មែន​»​។​
 
​ពីរ​នាក់​គ្រូ និង​សិស្ស​បាន​ត្រលប់​ទៅដល់​ទីក្រុង ឡូ​ស​អេ​ន​ជែ​លេស សហរដ្ឋអាមេរិក​វិញ ហើយ​បាន​ពណ៌នា​ពីបទ​ពិសោធ​ន៍​ប្រកួត​លើក​ទី​១​ជាមួយ ONE Championship ក៏ដូចជា​បានឃើញ​ពី​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​កម្ពុជា ដូច្នេះ​សុ​វណ្ណា​រី សារភាពថា​៖ 
 
«​ខ្ញុំ​ពិតជា​រីករាយ​ក្រៃលែង​នូវ​អ្វីដែល​គ្រប់គ្នា​ធ្វើ​ដើម្បី​ស្វាគមន៍​ខ្ញុំ​ទីនេះ​។ ខ្ញុំ​មិន​រំពឹងថា​បាន​បែបនេះ​ទេ ក្នុងការ​បង្ហាញខ្លួន​ដំបូង​របស់ខ្ញុំ​នៅ​ម៉ាឡេស៊ី​នេះ​។ ខ្ញុំ​គ្រាន់តែ​គិតថា ខ្ញុំ​មក​ទីនេះ​ដើម្បី​តែ​ប្រកួត​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ស្មានថា​មាន​អ្នក​គ្រាំ​ច្រើន​ពី​កម្ពុជា​ដូច្នេះ​ឡើយ​។ ខ្ញុំ​ពិតជា​អរគុណ​ក្រៃលែង ចំពោះ​ការស្រលាញ់ និង​ការគាំទ្រ​របស់​បងប្អូន​ទាំងអស់គ្នា​»​។​
 
«​ខ្ញុំ​ខ្លួនឯង​រំភើប​ខ្លាំង តែ​ពេល​បានលឺ​គ្រប់គ្នា​រំភើប​ខ្លាំង​ដែរ វា​ជា​រឿង​មួយ​ពិសេស​ណាស់​សម្រាប់​ខ្ញុំ ដូចនេះ ខ្ញុំ​សូម​អរគុណ​ច្រើន​»​។ 
 
​ជ័យជម្នះ​បញ្ចប់​ឆ្នាំ​២០១៨ របស់ ឯម សុ​វណ្ណា​រី នឹង​បើកឱកាស​ធំៗ​ផ្សេងទៀត​សម្រាប់​នាង​នៅ​ឆ្នាំ ២០១៩​។ យើង​រង់ចាំ​មើលថា​តើ​ឆ្នាំក្រោយ​នាង​មាន​អ្វី​ថ្មី​បង្ហាញ​ទស្សនិកជន​ថែមទៀត​៕ 
 
​អត្ថបទ​៖ Matias Andres
 
 

© រក្សាសិទ្ធិដោយ thmeythmey.com