អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ម៉ា​ក្រុង​សន្យា​ដំឡើង​ប្រាក់​ឈ្នួល ប៉ុន្តែ​ទំនង​មិន​ល្មម​ឲ្យ​ប្រជាជន​បារាំង​ឈប់​បាតុកម្ម​តវ៉ា​ឡើយ​
11, Dec 2018 , 3:18 pm        
រូបភាព
​សម្បទាន​មួយចំនួន​ពី​រដ្ឋាភិបាល​បារាំង​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ដោយ​ប្រធានាធិបតី អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង នៅ​យប់​ថ្ងៃ​ចន្ទ​ទី ១០ ខែធ្នូ ដើម្បី​សម្រួល​ស្ថានការណ៍​និង​ឆ្លើយតប​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​បារាំង​ដែល​បាតុកម្ម​ដោយ​ហិង្សា​អស់​ប្រហែល​បួន​សប្តាហ៍​មកនេះ​ដែរ​។ ការដំឡើងថ្លៃ​ឈ្នួ​លអប្បបរមា និង ឈប់​យកពន្ធ​លើ​អ្នកទទួល​ប្រាក់​សោធ​និវត្តន៍​តិចតួច​ជា​វិធានការ​ស្នូល ប៉ុន្តែ​យ៉ាងណាមិញ សម្បទាន​ទាំងនេះ​ទំនងជា​មិនទាន់​ល្មម​គ្រប់គ្រាន់​អាច​បញ្ចប់​ចលនា​បះបោរ​របស់​ពលរដ្ឋ​បារាំង​ពេលនេះ​ឡើយ​។


 
​ក្នុង​បទ​អន្តរាគមន៍​ជា​លើកដំបូង​តាម​កញ្ចក់​ទូរទស្សន៍រយៈពេល ១៥​នាទី ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បានប្រកាសថា លោក​មាន​ចំណែក​ទទួលខុសត្រូវ​លើ​វិបត្តិ​ដែល​កើតឡើង​តាមរយៈ​ចលនា​បាតុកម្ម​រហូត​បង្ក​មាន​ហិង្សា​ធ្ងន់ធ្ងរ​ប៉ុន្មាន​សប្តាហ៍​មកនេះ​។ 
 
​លោក​បាន​ថ្កោលទោស​អំពើហិង្សាដែល​បង្កការខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជន ប៉ុន្តែលោក​ទទួលស្គាល់ថា កំហឹង​របស់​ពលរដ្ឋ​បារាំង​ដែល​ចេញមុខតវ៉ានោះជ្រាលជ្រៅ​ពិបាក​នឹង​យល់ ហើយការតវ៉ាក៏​សិទ្ធិស្របច្បាប់របស់ពេលរដ្ឋ​ដែរ​។ ប៉ុន្តែ​អ្វីដែល​សំខាន់ ក្នុងសុន្ទរកថាទៅ​កាន់ប្រជាជាតិ ប្រមុខរដ្ឋ​បារាំង​បាន​ឆ្លៀត​ប្រកាស​ពី​ចំណាត់ការ​ថ្មី​ដែលជា​សម្បទាន​របស់រ​ដ្ឋា​ភិ​បាល​ដើម្បី​កាត់បន្ថយ​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​បារាំង​ដែលជា​បាតុករ​ដែរ​។​
 
​បើតាម​ការប្រកាស​រប​ស់លោក ម៉ា​ក្រុង ចំណុច​ទីមួយ រដ្ឋាភិបាល​ក្រុងប៉ារីស​សម្រេច​ដំឡើង​ប្រាប់​ឈ្នួល​អប្បបរមាក្នុងទំហំ ៧ ភាគរយ ឬ ១០០ អឺរ៉ូ​ក្នុង​មួយខែ​ពី​ឆ្នាំ ២០១៩ នេះ​តទៅ​។  ត្រឹម​ឆ្នាំ ២០១៨ ប្រាក់​ឈ្នួល​អប្បបរមា​របស់​ប្រជាជន​បារាំង​គឺ ១៤៩៨ អឺរ៉ូ​មុនពេល​បង់ពន្ធ ហើយ​ក្រោយ​បង់ពន្ធ​ឈ្នួល​នៅសល់ប្រហែល ១១៨៥​អឺរ៉ូ​។​
 
​ចំណុច​ទី​ពីរ គឺ​បារាំង​លុបចោល​គម្រោង​ដាក់​ពន្ធ​លើ​អ្នក​ដែល​បាន​ប្រាក់​សោធ​និវត្តន៍​តិចជាង ២០០០​ អឺរ៉ូ និង លុបចោល​ពន្ធ​លើប្រាក់​ថែម​ម៉ោង​ផង។ ចំណុច​ទី​បី គឺ​រដ្ឋាភិបាល​បារាំង​ក៏​ជំរុញ​លើកទឹកចិត្ត​ឲ្យ​និយោជក​ផ្តល់ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដោយ​និ​យោ​ជិ​កនៅ​ចុងឆ្នាំ​ដោយ​គ្មាន​បង់ពន្ធ​ដែរ​។​
 
​យ៉ាងណា​ក៏ដោយចុះ រាល់​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​នឹងត្រូវ​ដំឡើង​នៅពេល​ខាងមុខនេះ​មិនមែនជា​បន្ទុក​របស់​និយោជក​ឡើយ។ ​វា​ជា​បន្ទុក​របស់​រដ្ឋាភិបាល​បារាំង​ទៅវិញ​។ បើតាម​រដ្ឋលេខាធិការ​ក្រសួង​ទទួលបន្ទុក​រដ្ឋបាល​សាធារណៈ​បារាំង​លោក Olivier Dussopt វិធានការ​ថ្មី​នេះ​នឹង​ពិតជាតម្រូវ​ឲ្យ​រដ្ឋាភិបាល​ស្វែង​រកលុយ​ចន្លោះ​ពី ៨ ទៅ ១០ ពាន់​លាន​អឺរ៉ូ​ដើម្បី​បង្គ្រប់​ការចំណាយ​លើ​ប្រាក់​ឈ្នួល​បន្ថែម​នេះដែរ​។ 
 
-​សម្បទាន​ពីរ​ដ្ឋ​មិនទាន់​ត្រូវចិត្ត បាតុករ​ក៏​មិន​ឈប់​បះបោរ​
 
​សម្បទាន​ពីរដ្ឋាភិបាល​បា​រាំងជា​សញ្ញា​វិជ្ជមាន និង​ទទួលបាន​ការស្វាគមន៍​ពី​ក្រុមអ្នកតវ៉ា​។ ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ជួប​ជាមួយ​បាតុករ​អាវ​ក្រៅ​ពណ៌​លឿង ហើយ​ពួកគេ​បាន​ទទួលស្គាល់ថា លោក​ម៉ា​ក្រុង ពិតជា​ធ្វើ​សម្បទាន​ដល់​ក្រុម​អ្នក​ទាមទារ​ពិតមែន  ប៉ុន្តែ​ក្រុមបាតុករ​គ្មាន​រចនាសម្ព័ន្ធ​ដឹកនាំ​ច្បាស់លាស់​ឬ ស្ថិតក្រោម​ស្លាក​គណបក្សនយោបាយ ឬ​សហជីព​ណាមួយ​នោះបាន​បញ្ជាក់​ច្បាស់​ថា សម្បា​ទាន​ប៉ុណ្ណេះ​មិនទាន់​គ្រប់​ឡើយ បើសិនជា​ចង់​ឲ្យ​បាតុកម្ម​ទាំងស្រុង​បញ្ចប់​នោះ​។​
 
​ថ្វីបើ​មាន​សម្បទាន​ខ្លះ​មែន លោក ម៉ា​ក្រុង នៅតែ​បដិសេធ​អនុវត្ត​ពន្ធ​ឡើងវិញ​លើ​ទ្រព្យ​ស្តុកស្តម្ភ​របស់​អ្នកមាន​ស្រុក​បារាំង​ដដែល​។ កាលពី​ឆ្នាំមុន រដ្ឋាភិបាល​លោក​បានសម្រេច​លុប​ពន្ធ​នោះ​ចោល​ដោយ​សម្អាងថា វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​មិនអាច​សម្រេច​ជោគជ័យ​ក្នុងការ​បង្កើត​ការងារ​ថ្មី​ទេ​។ ប៉ុន្តែ​មេដឹកនាំ​បារាំង​វ័យ ៤០ បាន​ពន្យល់ថា រឿង​ដែល​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ គឺ​បញ្ចប់​រាល់​ការ​គេច​មិន​បង់ពន្ធ​របស់​ក្រុមហ៊ុន​ដើម្បី​បង្កើន​ប្រាក់ចំណូល​រដ្ឋ​។ 
 
​តាមពិតទៅ​ការលុបចោល​ពន្ធ​លើ​ទ្រព្យសម្បត្តិ​អ្នកមាន​ដោយ​ជំនួស​វិញ​ដោយ​ពន្ធ​លើ​អចលនទ្រព្យ​ដែល​ដាក់ចេញ​ដោយ​លោក ម៉ា​ក្រុង កាលពី​ឆ្នាំមុន​ធ្វើ​ឲ្យ​ចំណូល​រដ្ឋ​ធ្លាក់ចុះ​។ បើតាម​សារព័ត៌មាន New York Times ចំណូល​រដ្ឋ​ធ្លាក់ចុះ​អស់ ៣,២​ពាន់​លាន​អឺរ៉ូ ក្នុង​ឆ្នាំ ២០១៨ បន្ទាប់ពី​មានការ​លុបចោល​ពន្ធ​ទ្រព្យសម្បត្តិ​នេះ​។   
 
​ក្រុមបាតុករ​ដែល​ភាគច្រើន​ជា​អ្នកមាន​ចំណូល​ទាប និង​មធ្យម​ចាត់ទុកថា វិសមភាព​សង្គម​កំពុង​រីក​មាឌ​កាន់តែ​ធំ​ក្នុងសង្គម​បារាំង​ទាំងមូល​។ អ្នកមាន​កាន់តែ​មាន​ឡើង ឯ​អ្នកក្រ​កាន់តែ​រហាម​ទៀត​។ គេ​ទិតៀន​ផង​ថា ការលុបចោល​ពន្ធ​លើ​ទ្រព្យសម្បត្តិ​ពួក​អ្នកមាន ហើយ​ដំឡើង​ពន្ធ​ខ្ពស់កប់ពពក​លើ​ប្រាក់បៀវត្សរ៍ និង ពន្ធ​តម្លៃបន្ថែម​ទំនិញ និង​សេវាកម្ម​ជាដើម​នោះ​មិន​ខុសពី​សង្កត់ក​អ្នកក្រ​ឡើយ​។​
 
​ជាធម្មតា ពន្ធ​ដែល​ត្រូវ​ដំឡើង​ឲ្យ​ខ្ពស់​នោះ​គឺ​ដើម្បី​យកមក​ទ្រទ្រង់​ប្រព័ន្ធ​សន្តិសុខ​សង្គម​ប៉ុណ្ណោះ​។ ជាក់ស្តែង បារាំង​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែលមាន​ជា​ប្រទេស​ដែលមាន​ប្រព័ន្ធ​សន្តិសុខ​សង្គម​ប្រសើរ​ជាងគេ ហើយក៏ជាប្រទេស​ចំណាយ​ច្រើន​លើសគេ​នៅ​អឺរ៉ុប​ទាំងមូល​ដែរ​។ 
 
​គ្រាន់តែ​ក្នុង​ឆ្នាំ ២០១៦ រដ្ឋាភិបាល​បារាំង​ចំណាយ ៧១៥​ពាន់​លាន​អឺរ៉ូ​លើ​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​, អត្ថប្រយោជន៍​សម្រាប់​គ្រួសារ​, ការ​គាំពារ​លើ​អ្នកគ្មានការងារ​ធ្វើ និង​អត្ថប្រយោជន៍​ដទៃទៀត​ដែរ​។ ប៉ុន្តែ​គេ​គួរ​ដឹង​ដែរ​ថា ដើម្បី​បានទទួល​ប្រព័ន្ធ​គាំពារ​សង្គម​បែបនេះ​នេះ ពលរដ្ឋ​បារាំង​ក៏មាន​កាតព្វកិច្ច​ត្រូវ​បង់ពន្ធ​កម្រិត​ខ្ពស់​ច្រើន​ប្រភេទ​ផងដែរ​។​
 
​ក្រៅពី​តែ​ពី​ពន្ធ​ប្រាក់ចំណូល ឬ​ពន្ធ​ប្រាក់​សោធ​និវត្តន៍ ពលរដ្ឋ​បារាំង​ក៏ត្រូវ​បង់ពន្ធ​តម្លៃបន្ថែម​លើ​ទំនិញ និង​សេវាកម្ម​ក្នុង​កម្រិត​មួយ​ខ្ពស់​ដល់​ទៅ ២០​ភាគរយទៀត​។ វា​ជា​បន្ទុក​ធ្ងន់​សម្រាប់​អ្នកមាន​ចំណូល​មធ្យម ​ឬ​ចំណូល​ទាប ដ្បិត​ថា​ប្រភព​ចំណាយ​មាន​ច្រើន​ស្អេក​ស្កះ​បែបនេះ​។ ត្រង់ចំណុចនេះ ក្រុម​អភិជន​បារាំង​មិនបាន​ស្គាល់​ពី​ផលប៉ះពាល់​ដែល​កើតឡើង​ពី​ការដំឡើង​ពន្ធ​របស់​រដ្ឋ​លើ​ប្រាក់ចំណូល ទំនិញ និង​សេវាកម្ម​នោះឡើយ។ នេះក៏ដោយសារ ពួក​គេ​មាន​ទ្រព្យធន​ច្រើនអាចចំណាយបានដោយគ្មានកង្វល់​។  ដូច្នេះហើយ វាមានតែ​អ្នកក្រីក្រ និង​មាន​ធនធាន​មធ្យម​ប៉ុណ្ណោះ​ដែល​ប្រឈម​នឹង​ភាពលំបាក​លំបិន​ពេលដែល​ពន្ធ​ចេះតែ​ត្រូវ​រដ្ឋ​បង្កើន​ខ្ពស់​បែបនេះ​។ 
 
​ពលរដ្ឋ​បារាំង​ត្អូញត្អែរ​ដែរ​ថា លោក ម៉ា​ក្រុង ដែល​សន្យា​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ដោះស្រាយ​បញ្ហា​គម្លាត​សង្គមពេលឡើងកាន់តំណែង​ឆ្នាំ ២០១៧​នោះ ​កំពុងតែ​លម្អៀង​ទៅលើ​ក្រុម​អភិជន​បារាំង​ដែលមាន​ប្រហែល ១​ភាគរយ​នៃ​ប្រជាជន​ប៉ុន្តែ​ក្តោប​ក្តាប់​សេដ្ឋកិច្ច​រដ្ឋ​ជាង ២០​ភាគរយ​នោះដែរ​។  
 
​ត្រឡប់មកវិញ ចំណាត់ការ និង​សម្បទាន​របស់​ប្រមុខរដ្ឋ​បារាំង​ក៏​រង​ការរិះគន់​ខ្លាំង​ដែរ​ពី​អ្នកនយោបាយ​បារាំង​ឯទៀត​។ ក្រៅពីលោកស្រី ម៉ារី ឡឺប៉ែន ដែលជាអ្នកនយោបាយ​ស្តាំនិយម​ជ្រុល លោក Jean-Luc Melenchon ដែល​ដឹកនាំ​បក្សប្រឆាំង និង​មាន​និ​ន្ន​ការ​ឆ្វេងនិយម​បាន​ដាស់តឿន​រដ្ឋាភិបាល​បារាំង​ដែរ​ថា វា​ជា​កំហុសឆ្គង​មួយ​នៅពេលដែលលោក ម៉ាក្រុង ​ជឿជាក់ថា ការចែក​លុយ​ប្រជាជន​ដូច​បច្ចុប្បន្ន​នឹង​បញ្ចប់​រាល់​ការបះបោរ​តវ៉ា​របស់​ព​ល​រដ្ឋ​បារាំង​នោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com