កីឡាអន្តរជាតិ
អន្តរជាតិ
Suzuki Cup៖ ម៉ាឡេស៊ីតាមស្មើវៀតណាម ២-២ នាជំនួបវគ្គផ្តាច់ព្រ័ត្រជើងទី១
11, Dec 2018 , 9:40 pm        
រូបភាព
 ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ម៉ាឡេស៊ី និង​វៀតណាម​បានទទួល​លទ្ធផល​ស្មើគ្នា ២-២ សម្រាប់​ការប្រកួត​ដណ្តើមពាន​រង្វាន់ AFF Suzuki Cup 2018 វគ្គ​ផ្តាច់ព្រ័ត្រ​ជើង​ទី​១ នា​កីឡដ្ឋាន Bukit Jalil ក្នុង​ក្រុង​គូ​ឡា​ឡាំ​ពួយ​ប់​នេះ​។



ក្រុម​ភ្ញៀវ​វៀតណាម​អាច​ស៊ុត​បាល់​នាំមុខ​ក្រុម​ម្ចាស់ផ្ទះ​ដល់​ទៅ​២​គ្រាប់​មុន​ដែល​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ Hung Nguyen Huu នៅ​នាទី ២២ និង Pham Duc Huy នៅ​៣​នាទី​បន្ទាប់​។ ប៉ុន្តែ​នៅមុន​បញ្ចប់​វគ្គ​ទី​១ ម៉ាឡេស៊ី​អាច​ស៊ុត​បាន​១​គ្រាប់​វិញ​ដែល​ធ្វើបាន​ដោយ​កីឡាករ Shahrul Saad នៅ​នាទី​៣៦​។  
 
​ការប្រកួត​បាន​បន្ត​ចូលដល់​វគ្គ​ទី​២ ជាមួយនឹង​សំឡេង​ហ៊ោកញ្ជ្រៀវ​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​ម៉ាឡេស៊ី​ស្ទើ​ពេញទី​លាន​ដែល​អាច​ផ្ទុក​ទស្សនិកជន​ដល់​ទៅជិត​៩០០០០​នាក់​។ សំឡេងគាំទ្រ​នោះបាន​ជំរុញ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​អា​ចរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅត្រឹម​នាទី​៦០ ដោយ​ការ​ស៊ុត​បាល់​ពិន័យ (Free Kick) ពី​សំណាក់​កីឡាករ Safawi Rasid​។ ក្រុម​ទាំងពីរ​នៅតែ​បន្ត​វាយ​សម្រុក​គ្នា​ទៅវិញទៅមក​ប៉ុន្តែ​នៅតែ​មិនអាច​រក​គ្រាប់​បាល់​បន្ថែម​រៀងខ្លួន​ដោយ​បញ្ចប់​ត្រឹម​លទ្ធផល​២-២​។​
  
 
​វៀតណាម​ដែល​ត្រូវ​ទទួល​ម៉ាឡេស៊ី​នា​ជំនួប​ជើង​ទី​២ នៅ​ថ្ងៃទី​១៥ ខែធ្នូ មាន​ទុន​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី (away goals) ២​គ្រាប់​ដែល​ធ្វើ​ឲ្យ​ពួកគេ​ជា​ក្រុម​មានប្រៀប​។ ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​សញ្ញា​តិ​កូរ៉េខាងត្បូង លោក Park Hang-seo ត្រូវការ​ត្រឹម​លទ្ធផល​មួយ​ស្មើ​ប៉ុណ្ណោះ​ដើម្បី​លើក​ពាន​នៅ​តំបន់​អាស៊ាន​ឆ្នាំ​២០១៨​នេះ ខណៈ​ក្រុម​របស់លោក Tan Cheng Hoe ត្រូវការ​លទ្ធផល​ចាប់ពី​៣​ស្មើ​ឡើងទៅ​ទើប​អាច​ក្លាយជា​ម្ចាស់​ពាន​បាន​៕​

 

Tag:
 AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com