ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រី ឲ្យ​អតីត​ថ្នាក់ដឹកនាំ​បក្សប្រឆាំង ដាក់សំណើ បើ​ចង់​ចូលធ្វើ​នយោបាយ​វិញ​
12, Dec 2018 , 10:18 am        
រូបភាព
ប្រធានគណបក្សប្រជាជនកម្ពុជា ​ឈរ​ជជែក​ជាមួយមន្រ្តីជាន់ខ្ពស់មួយចំនួននៃ​គណបក្ស​សង្គ្រោះ​ជាតិ ដូចជាលោក អេង ឆៃអ៊ាង និង​លោក យ៉ែម បុញ្ញឫទ្ធិ ជាដើម នៅថ្ងៃបុណ្យឯករាជ្យជាតិលើ៦៣ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦
ប្រធានគណបក្សប្រជាជនកម្ពុជា ​ឈរ​ជជែក​ជាមួយមន្រ្តីជាន់ខ្ពស់មួយចំនួននៃ​គណបក្ស​សង្គ្រោះ​ជាតិ ដូចជាលោក អេង ឆៃអ៊ាង និង​លោក យ៉ែម បុញ្ញឫទ្ធិ ជាដើម នៅថ្ងៃបុណ្យឯករាជ្យជាតិលើ៦៣ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦
ដោយ: ថ្មីៗ
​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹងមាន​ឱកាស​បាន​វិល​មកកាន់​ឆាកនយោបាយ​វិញ នៅពេល​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបានធ្វើ​វិសោធនកម្ម​រួច នាពេល​ខាង​មុននេះ​។ ប៉ុន្តែ អ្នក​ទាំងនោះ ត្រូវ​ដាក់សំណើ ទៅកាន់​នាយករដ្ឋមន្ត្រី ឬ​រដ្ឋមន្ត្រី​មហាផ្ទៃ​ជាមុនសិន ហើយ​បន្ទាប់មក​ទើប​មានការ​ពិចារណា​ថា​ឲ្យ​ឬ​មិន​ឲ្យ​។ 


 
​ក្នុង​ពី​ធី​ជួប​សំណេះសំណាល​ជាមួយ​កម្ម​ការ​-​កម្មការិនី នៅ​ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្ញើ​សារ​នេះ ទៅកាន់​ថ្នាក់ដឹកនាំ​ជាង​១០០​នាក់ នៃ​អតីត​គណបក្សប្រឆាំង ដែល​ត្រូវបាន​តុលាការ​កំពូល​ដកសិទ្ធិ​នយោបាយ​។ នាយករដ្ឋមន្ត្រី បញ្ជាក់ថា ទោះជា​ច្បាប់​នេះ ត្រូវបាន​កែប្រែ​រួចហើយ​ក៏ដោយ ក៏​មិន​មានន័យថា ថ្នាក់ដឹកនាំ​ទាំង​អស់នៃ​អតីត​គណបក្សប្រឆាំង បាន​ចូលធ្វើ​នយោបាយ​វិញ​ដែរ​។  

សំឡេងនាយករដ្ឋមន្រ្តី




 
​ប្រមុខ​រដ្ឋាភិបាល ប្រាប់ថា ពួកគេ អាចដាក់​សំណើ​ជា​លក្ខណៈ​បុគ្គល​ម្នាក់ៗ​ឬ​ជា​សំណើ​ដែលមាន​គ្នា​បួន-ប្រាំនាក់។ ប្រមុខ​រដ្ឋាភិបាល បាន​បន្ថែមថា អ្នក​ដែល​គោរព​តាម​សាលដីកា​របស់​តុលាការ​កំពូល អាចនឹងទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ តែ​អ្នក​ដែល​ប្រឆាំង ប្រហែលជា​មិនបាន​ទទួល​នោះទេ​។ 
 
​មេដឹកនាំ​រូបនេះ សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​បើ​គេ​មានការ​ស្នើសុំ នា​យក​រដ្ឋមន្ត្រី នឹង​ពិនិត្យថា គេ​មិនបាន​ប្រឆាំង​សាលដីកា​របស់​តុលាការ​កំពូល​។ អ្នកប្រឆាំង មិន​ត្រឹមតែ​អត់​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ទេ គឺ​ត្រូវ​ជាប់គុក​ទៀតផង​។ ពេល​ច្បាប់​ចូល​ជា​ធរមាន ក្នុងឋានៈ​ជា​ខ្ញុំ​នាយករដ្ឋមន្ត្រី ខ្ញុំ រង់ចាំ​ទទួល​សំណើ​ពី​សាមីខ្លួន​ម្នាក់ៗ គឺ​ត្រូវ​ស្នើ​មក​នាយករដ្ឋមន្ត្រី ឬ​រដ្ឋមន្ត្រី​មហាផ្ទៃ​។ ដូច្នេះ រដ្ឋ​មន្រី្តមហាផ្ទៃ ត្រូវ​យល់ គឺ ម្នាក់​ម្តង ឬ​បួន​ប្រាំ​នាក់​»​។ 
 
​សម្តេច ហ៊ុន សែន បាន​បកស្រាយ​ថា បំណង​នៃ​ការកែប្រែ​ច្បាប់​នេះ មិនមែន​ដើម្បី​សំដៅ​តែ​ទៅលើ​គណបក្ស​ណាមួយ​នោះទេ តែ​សំដៅលើ​គណបក្ស​ទូទៅ និង​ជាការ​គិតគូរ​ពី​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​។ 

ថ្ងៃទី១៣ ខែធ្នូ រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យនិងអនុម័តធ្វើវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) ស្តីពីគណបក្សនយោបាយ។ មាត្រានេះ គឺចែងអំពីអំណាចរបស់តុលាការកំពូល ដែលអាចហាមអ្នកនយោបាយ មិនឲ្យធ្វើនយោបាយ៥ឆ្នាំ។ 

ប៉ុន្តែ នៅពេលមាត្រានេះ ត្រូវបានធ្វើវិសោធនកម្មរួច នាយករដ្ឋមន្រ្តី នឹងមានសិទ្ធិថ្វាយសំណើទៅព្រះមហាក្សត្រ ដើម្បីសុំឲ្យព្រះអង្គ ប្រទាននីតិសម្បទា ដោយឲ្យអ្នកជាប់បម្រាម អាចធ្វើនយោបាយវិញ មុនកាលកំណត់របស់តុលាការកំពូល៕ 
 
 

Tag:
 ច្បាប់​នយោបាយ​
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com