ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី​៖ មន្ត្រី​អតីត​CNRP​រូប​ណា ដែល​យក​សិទ្ធិ​ធ្វើ​នយោបាយ​វិញ អ្នកនោះ​គឺជា​មនុស្ស​ល្ងង់ ហើយ​ក្បត់បក្ស​
12, Dec 2018 , 10:46 am        
រូបភាព
​ភ្នំពេញ​៖ ខណៈដែល​ការធ្វើ​វិសោធនកម្ម​ច្បាប់ ស្តីពី​គណបក្សនយោបាយ ស្ថិតក្នុង​ដៃ​រដ្ឋសភា​ត្រួតពិនិត្យ និង​អនុម័ត​នោះ លោក សម រង្ស៊ី ក៏បាន​ប្រើស​ម្តី​ចងជើង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ទទួលយក​សិទ្ធិ​ធ្វើ​នយោបាយ​នេះ​វិញ​ឡើយ​។ សម្រាប់​លោក សម រង្ស៊ី អ្នក​ដែល​ព្រមយក​សិទ្ធិ​ធ្វើ​នយោបាយ​វិញ គឺជា​មនុស្ស​ក្បត់​លោក កឹម សុខា និង​ជា​ទង្វើ​ខុសឆ្គង​ចំពោះ​គណបក្ស​។​


 
«​តើ​មាន​នរណា​ខ្លះ​ចង់​ទទួលបាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​វិញ តែ​សុខចិត្ត​ឲ្យ​លោក កឹម សុខា ត្រូវបាន​លោក ហ៊ុន សែន ចាប់​ទុក​ឃុំឃាំង​ដដែល​?»​។ នេះ​គឺជា​សំនួរ​របស់លោក សម រង្ស៊ី ដែល​សួរ​ទៅកាន់​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចង់ដឹង​ពី​បំណង​របស់​ពួកគេ​ថា តើ​ចង់​ធ្វើ​នយោបាយ​វិញ ដោយ​មិន​គិតពី​សុខទុក្ខ​មេដឹកនាំ ឬ​យ៉ាងណា​?
 
​ចោទ​ជា​សំនួរ​បែបនេះហើយ លោក សម រង្ស៊ី ដែល​ទើប​ទទួលបាន​តួនាទី​ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​សន្និសីទ​បក្ស នៅ​អាមេរិក កាលពីដើម​ខែធ្នូ​នេះ បាន​ពន្យល់​ប្រាប់​មន្ត្រី​អតីត​គណបក្ស​ទាំង​១១៨​រូប​ថា មូលហេតុ​ដែល​លោក​មិន​ចង់​ឲ្យ​ពួកគេ​ទទួលយក​សិទ្ធិ​ធ្វើ​នយោបាយ​នេះ គឺ​ចង់​ឲ្យ​មានការ​ដោះលែង​ប្រធាន​បក្ស លោក កឹម សុខា ជាមុនសិន ពោលគឺ​មិនត្រូវ​ដើរ​តាម​ការកំណត់​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ​។​
 
​លោក សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន យ៉ាង​ដូច្នេះ​ថា​៖ « ខ្ញុំ​សូម​សួរ​ទៅ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ១១៨ រូប​ថា តើ​យក​សិទ្ធិ​ធ្វើ​នយោបាយ​មក​ធ្វើ​អ្វី នៅពេលនេះ បើ ហ៊ុន សែន មិនទាន់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ​ផង ហើយ ហ៊ុន សែន នៅតែ​ចាប់​ឃុំឃាំង​លោក​ប្រធាន កឹម សុខា ជា​ចំណាប់ខ្មាំង​ដដែល​? អ្នក​ដែល​យល់ព្រម​ទទួល​សិទ្ធិ​ពី ហ៊ុន សែន ដើម្បី​ចូលធ្វើ​នយោបាយ​វិញ នៅពេលនេះ គឺ​ច្បាស់​ជា​ទៅធ្វើ​នយោបាយ តាម​អ្វីដែល ហ៊ុន សែន ចង់បាន គឺ​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ ឬក៏​បង្កើត​គណបក្ស​ថ្មី ដើម្បី​គ្រាន់តែ​ជា​ឡប់ឡែ តាម​បំណង ហ៊ុន សែន​»​។​
 
​សម្រាប់​លោក សម រង្ស៊ី អ្នក​ដែល​ទទួលយក​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​នេះ ពួកគេ​គឺជា​មនុស្ស​ល្ងង់ ហើយ​ក្បត់​គណបក្ស រួមទាំង​លោក កឹម សុខា ផងដែរ​។  «​អ្នក​ដែល​ចង់តែ​រួចខ្លួន ខ្លួនឯង​ប៉ុណ្ណោះ ដោយ​មិន​គិតគូរ​ពី​វាសនា​លោក​ប្រធាន កឹម សុខា និង​ពី​វាសនា​គណបក្ស​យើង អ្នកនោះ​ដើរ​តាមផ្លូវ​ដែល ហ៊ុន សែន កំណត់​ឲ្យ​ដើរ ហើយក៏​យល់ព្រម​លេងល្បែង​ដែល ហ៊ុន សែន កំណត់​ឲ្យ​លេង​។ អ្នកនោះ បើ​មិនមែនជា​មនុស្ស​ល្ងង់​ទេ គឺជា​មនុស្ស​ដែល​ចាប់ផ្តើម​ក្បត់​គណបក្ស​សង្គ្រោះ​ជាតិ​»​។ នេះ​ជាការ​សង្កត់ធ្ងន់​របស់​លោក សម រង្ស៊ី​។​
 
​ទាក់ទង​នឹង​ការធ្វើ​វិសោធនកម្ម​ច្បាប់ ស្តីពី​គណបក្សនយោបាយ ត្រង់​មាត្រា​៤៥​ថ្មី​(​ស្ទួន​) កំពុងស្ថិត​ក្នុង​ដៃ​រដ្ឋសភា ដែល​ត្រៀម​ប្រជុំ​ពេញអង្គ​នៅ​ថ្ងៃទី​១៣ ធ្នូ ដើម្បី​ត្រួតពិនិត្យ និង​អនុម័ត សម្រាប់​ការបើកផ្លូវ​នយោបាយ​ឲ្យ​អ្នក​ដែល​ជាប់​បម្រាម​នយោបាយ អាចធ្វើ​សកម្មភាព​ខ្លួន​ឡើងវិញ​។ ប៉ុន្តែ​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ទំនង​មិន​បើកផ្លូវ​មនុស្ស​ទាំង​១១៨​នាក់​របស់​អតីត​បក្សប្រឆាំង អាចធ្វើ​នយោបាយ​វិញ បាន​ទាំងអស់​ដែរ ពោលគឺ​ច្បាប់​នេះ អាច​ផ្ដល់​សិទ្ធិ​នយោបាយ​ឲ្យ​អ្នក​ជាប់​បម្រាម​ណា ដែល​អនុវត្តតាម​សាលក្រម​របស់​តុលាការ​កំពូល​បានល្អ​ប៉ុណ្ណោះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១២ ធ្នូ​នេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ នៅ​ខេត្តកំពង់ស្ពឺ​។​
 
​បន្ថែម​ពីនេះ​ប្រមុខ​រដ្ឋាភិបាល ក៏បាន​ពន្យល់​ទៀតថា ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ គឺ​មិនមែន​សម្រាប់​បើកផ្លូវ​ឲ្យ​មនុស្ស​មួយក្រុម ឬ​គណបក្សនយោបាយ​ណាមួយ​ទេ ប៉ុន្តែ​ច្បាប់​នេះ គឺ​សម្រាប់​អនុវត្ត​ទៅលើ​អ្នកនយោបាយ​ទាំងអស់ នៅក្នុង​ប្រទេស​កម្ពុជា នាពេល​អនាគត​៕

Tag:
 ​សម រង្ស៊ី
  ហ៊ុន សែន
 ​កឹម សុខា
 CNRP
© រក្សាសិទ្ធិដោយ thmeythmey.com