អន្តរជាតិ
អេ​ហ្ស៊ី​ប​រឹតបន្តឹង​ការលក់​«​អាវ​ក្រៅ​ពណ៌​លឿង​» ដោយ​បារម្ភ​បាតុកម្ម​នៅ​បារាំង​ឆ្លង​ដល់​អេ​ហ្ស៊ី​ប មុន​ខួប​បដិវត្តន៍​ផ្កាម្លិះ​
12, Dec 2018 , 8:39 pm        
រូបភាព
ចលនាបាតុកម្មអាវក្រៅពណ៌លឿងនៅបារាំង
ចលនាបាតុកម្មអាវក្រៅពណ៌លឿងនៅបារាំង
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​បានសម្រេច​ចេញ​បទបញ្ជា​ឲ្យ​មានការ​រឹតត្បិត​ការលក់ដូរ​«​អាវ​ក្រៅ​ពណ៌​លឿង​»​នៅតាម​ទីផ្សារ​នៅ​សប្តាហ៍​នេះ ត្រឹម​មួយខែ​ប៉ុណ្ណោះ មុន​ខួប​នៃ​ចលនា​បដិវត្តន៍​អារ៉ាប់​ទម្លាក់​មេដឹកនាំ​ផ្តាច់ការ​ឆ្នាំ ២០១១ ចូលមក​ដល់​។ អាជ្ញាធរ​អេ​ហ្ស៊ី​ប​បារម្ភ​ថា ពលរដ្ឋ​អេ​ហ្ស៊ី​ប​អាច​ចម្លង​យក​ចលនា​បាតុកម្ម​អាវ​ក្រៅ​ពណ៌​លឿង​ដែល​កំពុង​ញាំញី​ប្រទេស​បារាំង ដើម្បី​បង្ក​ចលនា​អស​និ្ត​សុខ​តាម​ការ​បាតុកម្ម​តវ៉ា​ជាថ្មីទៀត​។​


 
​ចលនា​បាតុកម្ម​អាវ​ក្រៅ​ពណ៌​លឿង​ដែល​ប្រឆាំង​គោលនយោបាយ​រដ្ឋាភិបាល​បារាំង​បាន​ជិះ​ឥទ្ធិពល​ឲ្យ​មាន​ចលនា​បាតុកម្ម​ស្រដៀង​គ្នា​កើតឡើង​នៅ​បណ្តា​ប្រទេស​ឯទៀត​នៅ​អឺរ៉ុប​ដែរ​។ ហូ​ឡង់ និង​បែលហ្ស៊ិក​សុទ្ធតែ​បាន​ជួប​ប្រឈម​នឹង​ចលនា​បាតុកម្ម​ស្រដៀង​គ្នា​នេះ​រួចហើយ​។​
 
​ឃើញ​ស្ថានការណ៍​មិន​ស្រួល រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​បានសម្រេច​ចេញ​វិធានការ​ថ្មី​ដោយ​ស្នើ​ឲ្យ​ហាង​លក់​សម្ភារៈ​ការពារ​សុវត្ថិភាព​កម្រិត​ការលក់​អាវ​សុវត្ថិភាព ឬ​អាវ​ក្រៅ​ពណ៌​លឿង​ទៅកាន់​ក្រុមហ៊ុន​។ មានតែ​ក្រុមហ៊ុន​ប៉ុណ្ណោះ​ដែល​អាច​ទិញ​អាវ​ក្នុង​ចំនួន​ច្រើន​ទៅ​លក់​បន្តបាន ហើយ​ការលក់​នោះ​ក៏ត្រូវ​ទទួលបាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជាមុនសិន​ដែរ​។ 
 
​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា វា​មិនមែន​ជាការ​រឹតបន្តឹង​ផ្លូវការ​ឡើយ ប៉ុន្តែ​ក្រុមហ៊ុន​ទាំងអស់​ដែល​លក់ដុំ​សម្ភារ​សុវត្ថិភាព​ទទួល​បានកា​រ​ណែនាំ​ពី​សមត្ថកិច្ច​រួចរាល់​ហើយ​។ 
 
​អ្នកលក់​សម្ភារ​ដែល​មិនបាន​បង្ហាញ​អត្តសញ្ញាណ​បាន​អះអាង​ដូច្នេះ​៖«​យើង​ទទួលបាន​ការណែនាំ​ពី​ប៉ូលិស​កាលពី​សប្តាហ៍​មុន ដោយ​យើង​អាច​លក់​អាវ​ក្រៅ​ពណ៌​លឿង​ទៅ​ឲ្យ​តែ​ក្រុមហ៊ុន​ប៉ុណ្ណោះ មិនមែន​បុគ្គល​ម្នាក់ៗ​ទេ​»​។​
 
​ការសម្រេច​ដាក់បទបញ្ជា​របស់​រដ្ឋា​ភិ​បាល​អេ​ហ្ស៊ី​ប​មិនមែនជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​។ វា​កើតឡើង​ប្រហែល​ត្រឹម​ជាង​មួយខែ​ប៉ុណ្ណោះ មុន​ខួប​លើក​ទី​ប្រាំបី​នៃ​បដិវត្តន៍​ផ្កាម្លិះ​ចូលមក​ដល់​។ បដិវត្តន៍​ដែល​ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃ ២៥ ខែមករា​នោះបាន​នាំ​ឲ្យ​មានការ​ទម្លាក់​មេដឹកនាំ​ផ្តាច់ការ Hosni Mubarak ផងដែរ​។​
 
​ដោយឡែក ដើម​សប្តាហ៍​នេះដែរ អ្នកច្បាប់​សិទ្ធិមនុស្ស​ម្នាក់ Mohamed Ramadan ត្រូវបាន​ចាប់ខ្លួន និង​ឃុំខ្លួន​នៅ​ទីក្រុង Alexandria បន្ទាប់ពី​លោក​ត្រូវ​ចោទប្រកាន់​ការចែក​ចាយ និង​លាក់ទុក​ខិត្តប័ណ្ណ និង​អាវ​ក្រៅ​ពណ៌​លឿង​ផងដែរ​។ 
 
​តាមពិតទៅ អេ​ហ្ស៊ី​ប​នៅ​បន្ត​អនុវត្ត​ច្បាប់​រឹតបន្តឹង​ការ​បាតុកម្ម​នៅក្នុង​ឆ្នាំ ២០១៣ ដែល​ត្រូវ​បានអនុម័ត​ចាប់ពី​ក្រុម​យោធា​ទម្លាក់​មេដឹកនាំ​ដែល​ជាប់ឆ្នោត​តាម​ការបោះឆ្នោត​ប្រជាធិបតេយ្យ​លើកដំបូង​គេ Mohamed Morsi​។ អតីត​ឧ​ត្ត​ម​សេនីយ៍​ដែល​ក្លាយខ្លួនជា​ប្រធានាធិបតី​ក្រោយ​រដ្ឋប្រហារ​លោក Abdel Fattah al-Sisi តែង​តែង​ទិតៀន​ចលនា​បះបោរ​បដិវត្តន៍​និ​ទាឃ​រដូវ​អារ៉ាប់ និង​លើកយក​វិបត្តិ​រ៉ាំរ៉ៃ និង​សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី លី​ប៊ី និង​យេ​ម៉ែន​ជា​សម្អាង​ពី​លទ្ធផល​នៃ​ចលនា​បដិវត្តន៍​។​
 

Tag:
 អេ​ហ្ស៊ី​ប​
  បដិវត្តន៍​អារ៉ាប់​
  បារាំង​
© រក្សាសិទ្ធិដោយ thmeythmey.com