អន្តរជាតិ
ចិន ចាប់ខ្លួនអតីតអ្នកការទូតកាណាដាប្រចាំប៉េកាំង អតីតមន្រ្តីការទូតកាណាដា Michael Kovrig ដែលអាជ្ញាធរចិនចាប់ខ្លួន (រូបភាព International Crisis Group)
× ជនជាតិកាណាដាម្នាក់ដែលជាអតីតមន្ត្រីការទូតប្រចាំទីក្រុងប៉េកាំង ត្រូវបានអាជ្ញាធរចិនចាប់ខ្លួន។ នេះបើតាមការប្រកាសរបស់ស្ថាប័ន International Crisis Group និងរដ្ឋាភិបាលកាណាដា។ ការចាប់ខ្លួនលោក Michael Kovrig ធ្វើឡើងបន្ទាប់ពីការចាប់ខ្លួននាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei នៅកាណាដា កាលពីសប្ដាហ៍មុន។ ក្រុងអូតាវ៉ា និងក្រុងវ៉ាស៊ីនតោនបង្ហាញជំហរព្រួយបារម្ភខ្លាំងនឹងចំណាត់ការរបស់ក្រុងប៉េកាំង ទោះជាប៉េកាំងមិនទាន់និយាយអ្វីលើករណីលោក Kovrig ក្ដី។
អាមេរិក ចិន និងកាណាដា កំពុងជាប់ខ្លួនក្នុងវិបត្តិការទូតត្រីភាគីជុំវិញការឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ។ បន្ទាប់ពីព្រមានកាណាដារួចមក គេមានព័ត៌មានថា ជនជាតិកាណាដា ត្រូវបានឃាត់ខ្លួននៅទឹកចិន។ ការឃាត់ខ្លួននេះធ្វើឲ្យមានការព្រួយថា ក្រុងប៉េកាំងអាចដាក់គោលដៅលើធុរជនធំៗរបស់អាមេរិកដែលកំពុងធ្វើការនៅទឹកដីចិន ជាការសងសឹកវិញ។
នៅថ្ងៃទី១១ ខែធ្នូ អង្គការ International Crisis Group ដែលមានមូលដ្ឋាននៅទីក្រុងព្រុចសែល ប្រកាសថា ខ្លួនទទួលព័ត៌មានពីការចាប់ខ្លួនលោក Michael Kovrig ជាបុគ្គលិករបស់ខ្លួន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ លោក Kovrig ដែលអាចនិយាយភាសាចិនបានស្ទាត់ជំនាញនោះ ជាអតីតមន្ត្រីការទូតកាណាដាប្រចាំទីក្រុងប៉េកាំង ហុងកុង និងនៅអង្គការសហប្រជាជាតិ។ អង្គការនេះកំពុងស្វះស្វែងរកព័ត៌មានបន្ថែមពាក់ព័ន្ធការចាប់ខ្លួន និងដើម្បីការដោះលែងផង។
នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ ក៏ដឹងឮការចាប់ខ្លួនលោក Kovrig ដែរ និងនិយាយថា កាណាដាបានទាក់ទងជាមួយអាជ្ញាធរចិនដើម្បីដោះស្រាយបញ្ហានេះ។ ឯអាមេរិកវិញ បានស្នើឲ្យចិនអនុវត្តការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរពសិទ្ធិមនុស្ស ពិសេសត្រូវបញ្ចប់ការចាប់ខ្លួនតាមអំពើចិត្ត។ អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក Robert Palladino បញ្ជាក់ថា ចិនត្រូវគោរពការការពារ និងសេរីភាពបុគ្គលទាំងអស់តាមគោលការណ៍អន្តរជាតិ និងកុងស៊ុល។
ជុំវិញការចាប់ខ្លួនលោក Kovrig អ្នកនាំពាក្យក្រសួងការបរទេសចិន Lu Kang និយាយថានៅថ្ងៃទី១២ ខែធ្នូ ថា អតីតអ្នកការទូតរូបនេះទំនងជាបំពានច្បាប់អង្គការអន្តរជាតិរបស់ចិន។ មកទល់ពេលនេះ អ្វីដែលគេដឹង គឺលោកត្រូវសន្តិសុខចិនចាប់ខ្លួននៅយប់ថ្ងៃទី១០ ខែធ្នូនៅប៉េកាំង ប៉ុន្តែមិនទាន់ដឹងថាក្រោមបទចោទអ្វីពិតប្រាកដឡើយ។ ការឃាត់ខ្លួននេះ កើតមានស្របពេលភាពតានតឹងរវាងចិន និងកាណាដាកំពុងកើនឡើងខ្លាំង។
យ៉ាងណាមិញ នៅថ្ងៃទី១១ ខែធ្នូ រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានព្រមានថា ចិនមិនអត់ឱនដល់ការធ្វើទុក្ខបុកម្នេញប្រជាជនខ្លួនឡើយ ប៉ុន្តែលោកមិនបានបញ្ជាក់ពីករណី Huawei ទេ។ សម្រាប់កានាដាវិញ ការចាប់ខ្លួនលោក Kovrig និងករណីឃាត់ខ្លួននៅ Vancouver គឺមិនទាក់ទងគ្នាឡើយ ប៉ុន្តែ ក្រុងអូតាវ៉ាចង់ឲ្យក្រុងប៉េកាំងដឹងពីការបារម្ភរបស់ខ្លួន៕
Tag:
ចិន
កាណាដា
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com