អន្តរជាតិ
ធនាគារពិភពលោក៖ ម៉ាឡេស៊ីដើរលើគន្លងត្រឹមត្រូវ ឆ្ពោះទៅរកប្រទេសមានប្រាក់ចំណូលខ្ពស់
× ម៉ាឡេស៊ីកំពុងដើរលើផ្លូវត្រឹមត្រូវ ឆ្ពោះទៅក្លាយជា ប្រទេសមានប្រាក់ចំណូលខ្ពស់ និងប្រទេសអភិវឌ្ឃន៍ នាប៉ុន្មានឆ្នាំខាងមុខទៀត។ នេះជាការបញ្ជាក់របស់ធនាគារពិភពលោក។ ហើយមូលហេតុនោះគឺមកពីការជឿនលឿនផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យប្រកួតប្រជែង។
នៅថ្ងៃពុធ ទី១២ ខែធ្នូ អនុប្រធានធនាគារពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិក និងអាស៊ីបូព៌ា លោកស្រី Victoria Kwakwa បានគូសបញ្ជាក់ថា សេដ្ឋកិច្ចម៉ាឡេស៊ីមានភាពចម្រុះគ្នាល្អ និងឈរលើមូលដ្ឋានដ៏រឹងម៉ាំ ដែលត្រៀមរួចរាល់ដឹកនាំប្រទេសឆ្ពោះ ទៅរកកម្រិតមួយផ្សេងទៀត។
បើតាមសារព័ត៌មានម៉ាឡេស៊ី Bernama លោកស្រី Kwakwa បានលើកឡើងទៀតថា៖« យើងស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលម៉ាឡេស៊ី ជាផ្នែកមួយនៃដំណើរការមួយនេះ ក្នុងគោលដៅពង្រឹងស្ថាប័ននានា, អភិវឌ្ឍធនធានមនុស្ស និងការពារភាពផុយស្រួយនៅក្នុងសង្គម។ ធនាគារពិភពលោកត្រៀមខ្លួនជានិច្ចដើម្បីគាំទ្រម៉ាឡេស៊ី កំឡុងពេលដំណើរការផ្លាស់ប្តូរដ៏សំខាន់មួយនេះ»។
មែនទែនទៅ ដំណើរឆ្ពោះទៅមុខលើគន្លងដ៏ត្រឹមត្រូវរបស់ម៉ាឡេស៊ីនេះ គឺដោយសារតែកត្តាមួយចំនួន រួមមាន សន្ទុះដ៏គួរឲ្យកត់សម្គាល់នៃសេដ្ឋកិច្ចឌីចីថល និងការអភិវឌ្ឍជំនាញសម្រាប់ការប្រកួតប្រជែងនាពេលអនាគតក្នុងបណ្តាប្រទេសទាំងអស់ក្នុងតំបន់។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទទី១០ ខែធ្នូ លោកស្រី Kwakwa បានបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃ ទៅកាន់ម៉ាឡេស៊ី។ អំឡុងពេលទស្សនកិច្ចនេះ លោកស្រីបានជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់, រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Lim Guan Eng និងទេសាភិបាលនៃធនាគារជាតិម៉ាឡេស៊ី លោកស្រី Shamsiah Mohd Yunus៕
Tag:
ម៉ាឡេស៊ី
ធនាគារពិភពលោក
សេដ្ឋកិច្ចអាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com