ជាតិ
ប្រលោមលោក «​កូនស្រី​ផ្កាមាស​» និង​កំណាព្យ «​ត្រកៀត​មួយទង​» ជាប់​លេខ​១​ពានរង្វាន់​លោក លី ធា​ម​តេង​
13, Dec 2018 , 8:59 am        
រូបភាព
លោក អួន ស៊ីឡុត (ឆ្វេងដៃ) និង លោក សំ មករា   (ស្តាំដៃ)
លោក អួន ស៊ីឡុត (ឆ្វេងដៃ) និង លោក សំ មករា (ស្តាំដៃ)
​ភ្នំពេញ​៖ ប្រលោមលោក​៥​រឿង និង​កំណាព្យ​៥​រឿង​ទៀត បាន​ជាប់​ជ័យលាភី​ពានរង្វាន់​លោក លី ធា​ម​តេង ក្រោម​ប្រធានបទ «​សេរី​»​។ ក្នុងចំណោម​រឿង​ទាំង​១០ ប្រលោមលោក​រឿង «​កូនស្រី​ផ្កាមាស​» និង​កំណាព្យ​រឿង «​ត្រកៀត​មួយទង​» បាន​ជាប់​ជ័យលាភី​លេខ​១​។​


 
​ប្រលោមលោក​រឿង «​កូនស្រី​ផ្កាមាស​» ដែល​ទទួលបាន​ជ័យលាភី​លេខ​១ និពន្ធ​ដោយ​លោក អួន ស៊ី​ឡុ​ត មកពី​ខេត្តកំពង់ធំ​។ រឿងនេះ និយាយ​ពី​បុរស​ពោះម៉ាយ​ម្នាក់ ដែល​ប្រពន្ធ​ក្បត់ចិត្ត​ទៅ​មាន​អ្នកថ្មី​។ ក្រោយមក​គេ​ក៏បាន​ទៅ​រើស​ក្មេងស្រី​ពីរ​នាក់មក​ចិញ្ចឹម ដោយ​អប់រំ​ឱ្យ​ប្រព្រឹត្ត​ខ្លួន​តាម​គន្លង​ប្រពៃណី​ខ្មែរ​។ តែ​ដោយ​កូនស្រី​នោះ​គិតថា​ខ្លួន​មាន​សិទ្ធិ​ធ្វើ​អ្វីដែល​ខ្លួន​ពេញចិត្ត និង​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ គេ​ក៏បាន​ទៅធ្វើ​ការងារ​ជា​អ្នក​ផ្សព្វផ្សាយ​ស្រា​បៀរ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ ដែល​ស្លៀកពាក់​មិន​សមរម្យ​។ ឪពុកចិញ្ចឹម​មិនបាន​បន្ទោស​កូន​ឡើយ តែ​ព្យាយាម​រក​ឧទាហរណ៍​ជាក់ស្ដែង​មក​បង្ហាញ​និង​ពន្យល់​កូន​។ ក្រោយមក​នាង​ក៏បាន​ដឹងខ្លួន និង​បាន​ខិតខំ​រៀន​រហូត​ជាប់​បរិញ្ញាបត្រ និង​មាន​ការងារ​ល្អ​។ 
 
​ម្ចាស់​ជ័យលាភី បានបញ្ជាក់​ពី​គំនិត​អប់រំ​ក្នុង​រឿងនេះ​យ៉ាង​ដូច្នេះ​ថា​៖«​រឿងនេះ​បង្កប់​ទស្សនវិជ្ជា​ចិញ្ចឹម​កូន ដោយ​វិធី​ត្រជាក់​។ ខ្ញុំ​ឃើញ​ម្ដាយ​ឪពុក​ច្រើនណាស់​គាត់​តែងតែ​អប់រំ​កូន​តាម​វិធី​ក្ដៅ គាត់​មិនបាន​ព្យាយាម​រកហេតុ​នៃ​បញ្ហា ហើយ​ព្យាយាម​ដោះស្រាយ​តាម​ដំណាក់កាល​ឱ្យ​សមស្រប​ទេ​។ ដូច្នេះ​រឿងនេះ​ផ្ដល់​សារ​ច្រើន​ដល់​កូន​និង​ឪពុកម្ដាយ ឱ្យ​ចេះ​សិក្សា​ពី​ចិត្ត​គ្នា​ទៅវិញទៅមក​»​។ 
 
​ជ័យលាភី​លេខ​២​ផ្នែក​ប្រលោមលោក បាន​ទៅលើ​រឿង «​ក្មេង​ឃ្វាលក្របី​» ដែល​និពន្ធ​ដោយ​លោក លី ពុទ្ធា មកពី​រាជធានី​ភ្នំពេញ​។ ជ័យលាភី​លេខ​៣ គឺ​ប្រលោមលោក​រឿង «​បង្គង​ជីវិត​» ដែល​និពន្ធ​ដោយ​អ្នកស្រី សួន សុខ​នាង មកពី​ខេត្តកណ្ដាល​។ ជ័យលាភី​លេខ​៤ គឺ​ប្រលោមលោក​រឿង «​បេសកកម្ម​បេះដូង​» ដែល​និពន្ធ​ដោយ​លោក កែវ សេង​រដ្ឋា មកពី​រាជធានី​ភ្នំពេញ​។ ជ័យលាភី​លេខ​៥ បាន​ទៅលើ​រឿង «​មន្ត​ស្នេហ៍​រទេះរុញ​» ដែល​និពន្ធ​ដោយ​កញ្ញា ជឿន គឹម​ហេង មកពី​រាជធានី​ភ្នំពេញ​។​
 
​ចំណែក ជ័យលាភី​ផ្នែក​កំណាព្យ ដែល​ទទួលបាន​លេខ​១ គឺ​រឿង «​ត្រកៀត​មួយទង​» ដែល​និពន្ធ​ដោយ​លោក សំ មករា មកពី​ខេត្តព្រៃវែង​។ កំណាព្យ​នេះ ពណ៌នា​ពី​គ្រួសារ​ក្រីក្រ​មួយ​ដែល​មានតែ​ម្ដាយ​និង​កូនស្រី​ម្នាក់​ឈ្មោះ សុខា និង​ប្អូនស្រី​របស់​ម្ដាយ​ម្នាក់​។ គ្រួសារ​នេះ​ប្រកប​របរ​លក់​នំអន្សម បេះ​ត្រួយ​អម្ពិល និង​ស្លឹក​រុក្ខជាតិ​ច​តួច​លក់ គ្រាន់​ផ្គត់ផ្គង់​ជីវភាព​។ ពេល​កូនស្រី​រៀន​ចប់​ទី​១២ ម្ដាយ​ក៏​ឱ្យទៅ​រៀន​បន្ត​នៅ​ភ្នំពេញ​។​
 
​សុខា តាំងចិត្ត​យ៉ាង​មុតមាំ​ថា​នឹង​ខំរៀន ដើម្បី​អនាគត​គ្រួសារ​។ នៅ​ឆ្នាំ​ទី​១ ការសិក្សា​ហាក់​រលូន តែ​នៅ​ឆ្នាំ​ទី​២ ដោយ​ម្ដាយ​មាន​គ្រោះថ្នាក់ ដោយ​ធ្លាក់​ពីលើ​ដើមឈើ នាង ក៏​ចាប់ផ្ដើម​រារែក​។ ព្រោះតែ​បណ្ដាំ​ម្ដាយ​ថា​ទោះ​មានរឿង​យ៉ាងណា​ក៏​មិនត្រូវ​ឈប់រៀន ក្មេងស្រី​ក៏​ខំរៀន​បណ្ដើរ​និង​ធ្វើការ​ទ្វេដង​ដើម្បី​យកប្រាក់​រៀន​ផង និង​យកទៅ​មើល​ម្ដាយ​ផង​។​
 
​នាង​ត្រូវ​ទៅធ្វើ​ការ​នៅ​កន្លែង​កម្សាន្ត​រាត្រី តែ​នាង​មិន​លក់ខ្លួន​ឡើយ​។ ក្រោយពី​បាន​ជួប​បុរស​ម្នាក់​ដែល​សន្យាថា​នឹង​មើលថែ​នាង​ពេញ​មួយជីវិត នាង ក៏​រស់នៅ​ជាមួយ​គេ​ដោយ​មិនបាន​រៀបការ​ត្រឹមត្រូវ​។ ក្រោយមកទៀត ព្រោះតែ​ស្នេហា​មិនបាន​ដឹង​ដល់​ចាស់ទុំ នាង​ក៏ត្រូវ​គ្រាំគ្រា រែក​ទាំង​រឿង​ម្ដាយ ព្រមទាំង​ឈឺចាប់​នឹង​ប្ដី​ក្បត់ចិត្ត​។ នេះ​ជា​ដំណាក់​កាលដែល​នាង​លំបាក​បំផុត តែ​នារី​រូបនេះ​នៅតែ​មិន​បញ្ឈប់​ការសិក្សា ថែមទាំង​ប្រឹងប្រែង​កាន់តែខ្លាំង​។ ទីបំផុត​នាង​បាន​ក្លាយជា​និពន្ធ​នាយក​ផ្នែក​ព័ត៌មាន​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​មួយ​។ 
 
​លោក មករា បានបញ្ជាក់​ពី​គំនិត​អប់រំ​ក្នុង​កំណាព្យ​ថា​៖«​រឿងនេះ​អប់រំ​ផ្នែក​ការប្រកបមុខរបរ ពី​ការអប់រំ​របស់​ម្ដាយ​ទៅ​កូន​។ បង្ហាញ​ឱ្យ​មនុស្ស​ត្រូវតែ​ចេះ​រឹងប៉ឹង ដោយ​ខ្លួនឯង ទោះ​ជួប​ឧបសគ្គ​យ៉ាងណា ក៏ត្រូវ​តែ​តស៊ូ​ជម្នះ​។ ហើយ​បង្ហាញ​ឱ្យ​មនុស្ស​កុំ​ឆាប់​ជឿ​សម្ដី​គេ​ពេក​»​។ 
 
​កំណាព្យ ដែល​ទទួលបាន​ជ័យលាភី​លេខ​២ គឺ​រឿង «​ម្លប់​ជីវិត​» ដែល​និពន្ធ​ដោយ​អ្នកស្រី លឹម ផាន់​ណា មកពី​ភ្នំពេញ​។ ជ័យលាភី​លេខ​៣ បាន​លើ​រឿង «​មរតក​អមតៈ​» ដែល​និពន្ធ​ដោយ​អ្នកស្រី ចាន់ មណី មកពី​ភ្នំពេញ​។ ជ័យលាភី​លេខ​៤ បាន​ទៅលើ​រឿង «​ល្ខោន​ជីវិត​» ដែល​និពន្ធ​ដោយ​លោក លឹម ចំរើន មកពី​ខេត្តស្ទឹងត្រែង​។ ជ័យលាភី​លេខ​៥ បាន​ទៅលើ​រឿង «​ផ្ទៃមេឃ​ប្រែ​ពណ៌​» ដែល​និពន្ធ​ដោយ​លោក លី ឡា​វុន មកពី​ខេត្តសៀមរាប​៕ 

Tag:
 ភ្នំពេញ​
  ប្រលោមលោក​
  កំណាព្យ​
  ពាន់រង្វាន់​អក្សរសិល្ប៍​
  លី ធា​ម​តេង​
© រក្សាសិទ្ធិដោយ thmeythmey.com