ជាតិ
​​​ន​យោ​បាយ​ជាតិ​
​លោក ពេជ្រ ស្រស់ និង​សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ពង្ស ប្រកែក​គ្នា​រឿង​ផ្ទេរតំណែង​អភិបាលខេត្ត​សៀមរាប​
12, Dec 2018 , 5:46 pm        
រូបភាព
​ភ្នំពេញ​៖ សារ​ឆ្លងឆ្លើយ​គ្នា​រវាង​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន និង​លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ពង្ស កំពុង​ផ្ទុះ​ឡើងជា​បន្តបន្ទាប់​រយៈ​ពេល​២​ថ្ងៃនេះ ទាក់ទង​នឹង​ការផ្ទេរ​តំណែង​របស់លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​។ ការ​ប្រកែក​គ្នា​នេះ កើតចេញពី​សំណេរ​របស់​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ បាន​រកឃើញ​កំហុស​ជាច្រើន និង​បានស្នើ​ឲ្យ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដកតំណែង​លោក ឃឹម ប៊ុន​សុង ពី​អភិបាលខេត្ត​។

 
​មូលហេតុ​ដែល​លោក ពេជ្រ ស្រស់ ប្រកែក​ជាមួយ​លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ពង្ស នេះ ដោយសារតែ​លោក​យល់ឃើញថា សំណេរ​របស់​ប្រធាន​បក្ស​ខ្មែរ​ក្រោក​នេះ ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ពោលគឺ​ការបញ្ចេញមតិ​តាម​ហ្វេ​ស​ប៊ុ​ក​ខាងលើ មិនបាន​ឆ្លុះបញ្ចាំង​ពី​ទស្សនៈ​របស់​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា និង​ពិគ្រោះ​យោបល់​នោះទេ វា​គឺជា​មតិ​ផ្ទាល់ខ្លួន​របស់លោក វ​ឌ្ឍ​នាសា​ពង្ស ប៉ុណ្ណោះ​។ ដោយសារតែ​បែបនេះហើយ ទើប​លោក ពេជ្រ ស្រស់ ចេញមុខ​ប្រកាស​បដិសេធ​មិន​ទទួលស្គាល់ រាល់​ការលើកឡើង​របស់​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ឡើយ​។​


 
​ប្រធាន​គណបក្ស​យុវជន​កម្ពុជា ដែលមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​ដូចគ្នា ក្នុង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​រូបនេះ បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន ឆ្លើយ​ឆ្លងទៅ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ដូច្នេះ​ថា​៖«​ប្រតិភូ​បក្ស​នីមួយៗ​នៅក្នុង​យន្តការ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​គឺមាន​សិទ្ធិ​បញ្ចេញ​នូវ​មតិ​របស់ខ្លួន ប៉ុន្តែ​មិនបាន​ឆ្លុះបញ្ចាំង ពី​មតិ​ប្រតិភូ​បក្ស​ដទៃ​នោះឡើយ​។ ហើយ​គណបក្ស​នីមួយៗ​ដែល​ក្លាយជា​សមាជិក​នៃ​យន្តការ​ឧ​ត្ត​ម​ក្រុមប្រឹក្សា ពិគ្រោះ និង​ផ្តល់យោបល់ គឺមាន​អធិបតេយ្យ និង​ឯករាជ្យភាព​របស់ខ្លួន គឺ​ស្ថិតនៅក្នុង​ក្របខ័ណ្ឌ​គណបក្សនយោបាយ ដែល​មានចែង​នៅក្នុង​ច្បាប់ ស្តីអំពី​គណបក្សនយោបាយ​ជា​ធរមាន​។ ហើយ​ចំពោះ​ការបញ្ចេញ​នូវ​មតិ​ណាមួយ​ពី​ប្រតិភូ​បក្ស​ដែលជា​សមាជិក​យន្តការ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ដែល​មិនមាន​លក្ខណៈ​ជា​ផ្លូវការ​នៅក្នុង​ក្របខណ្ឌ​យន្តការ ឧ​ត្ត​ម​ក្រុមប្រឹក្សា ពិគ្រោះ និង​ផ្តល់យោបល់​ទេនោះ គឺ​មិនមែនជា​មតិ ឬ ជា​ឆន្ទៈ​របស់​គណបក្ស​យុវជន​កម្ពុជា​យើងខ្ញុំ​នោះឡើយ​»​។​
 
​មិនតែប៉ុណ្ណោះ លោក ពេជ្រ ស្រស់ ក៏បាន​ស្នើ​ឲ្យ​លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ពង្ស កែសម្រួល​ពាក្យពេចន៍ និង​ឃ្លា ដែល​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ទៀតផង​។ ប៉ុន្តែ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក មិនបាន​ធ្វើតាម​ការស្នើ​របស់លោក ពេជ្រ ស្រស់ ឡើយ​។ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក នៅតែ​ប្រកាន់​ជំហរ​ថា ការលើកឡើង​របស់ខ្លួន គឺជា​រឿង​ត្រឹមត្រូវ ដោយ​មិនបាន​ប៉ះពាល់​ដល់​គណបក្ស​យុវជន​កម្ពុជា​នោះទេ​។​


 
​តាមរយៈ​ជំហរ​ខ្លួន​នេះ លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ពង្ស បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ឈ្មោះ «William Guang» យ៉ាង​ដូច្នេះ​ថា​៖«​រាល់​សំណេរ​របស់ខ្ញុំ​ឆ្លុះបញ្ចាំង​ពី​គោលការណ៍​របស់​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក​មិន​ពាក់ព័ន្ធ​និង​បក្ស​ឯកឧត្តម ក៏​មិនមាន​រំលេច​ឈ្មោះ​គណបក្ស​ឯកឧត្តម​ដែរ ! ហើយ​វា​ច្បាស់​ជា​មិនមែន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ឯកឧត្តម​នោះទេ អាស្រ័យ​ដូច​បាន​ជម្រាបជូន​សុំ​កុំ​ព្រួយបារម្ភ​ខ្លាច​មានការ​ភ័ន្តច្រឡំ​អី ! ឯ​ការស្នើ​សូម​ឲ្យ​ខ្ញុំ​ជួយ​សម្រួល​អត្ថបទ​រប​ស់​ខ្ញុំ ដែល​ចេញពី​ឆន្ទៈ​គណបក្ស​យើងខ្ញុំ នោះ​ជាការ​ជ្រៀត​ជ្រែកចូល​សិទ្ធ​ជាស​ម្រេច​ឯក​ច្ឆ័​ន​របស់​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពី​គណបក្ស​ខ្មែរ​ក្រោក​ហើយ ខ្ញុំ​សុំ​បដិសេដ​មិន​កែសម្រួល​អ្វី​ឡើយ »​។​
 
​អភិបាលខេត្ត​សៀមរាប​លោក ឃឹម ប៊ុន​សុង ត្រូវបាន​ព្រះមហាក្សត្រ​តំណែង​ពី​អភិបាលខេត្ត ទៅជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ដែលមាន​ឋានន្តរសក្តិ​ជានា​យ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤)​។ តំណែង​អភិបាលខេត្ត​សៀមរាបរ​ប​ស់លោក ឃឹម ប៊ុន​សុង ត្រូវបាន​ដោយ​លោក ទៀ សីហា កូនប្រុស​សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​។​


 
​ក្រោយ​ដំណឹង​ផ្ទេរតំណែង​លោក ឃឹម ប៊ុន​សុង លេច​ឭ​ជា​សាធារណៈ​នោះ ស្រាប់តែ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ពង្ស  បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ បាន​រកឃើញ​កំហុស​ជាច្រើន និង​បានស្នើ​ឲ្យ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដកតំណែង​លោក ឃឹម ប៊ុន​សុង ពី​អភិបាលខេត្ត​។ ដោយសារតែ​សំណេរ​នេះហើយ ទើប​ធ្វើ​ឲ្យ​មានការ​ប្រកែក​គ្នា​រវាង​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ប្រធាន​គណបក្ស​យុវជន​កម្ពុជា ក្នុងនាម​ជា​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​នេះ​៕
 

Tag:
 ពេជ្រ ស្រស់​
  ខ្មែរ​ក្រោក​
  ឃឹម ប៊ុន​សុង​
© រក្សាសិទ្ធិដោយ thmeythmey.com