អន្តរជាតិ
លោក គីម ជុង​អ៊ុន ទំនងជា​មិន​ទៅ​សេ​អ៊ូ​ល​ក្នុងឆ្នាំនេះ​តាម​ការសន្យា​ឡើយ​
12, Dec 2018 , 10:39 pm        
រូបភាព
​ដំណើរ​ទស្សនកិច្ច​រប​ស់មេ​ដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ទៅកាន់​កូរ៉េខាងត្បូង ទំនងជា​មិនអាច​កើតឡើង​ក្នុងឆ្នាំនេះ​ឡើយ​។ បើតាម​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង វា​ជា​រឿង​លំបាក​សម្រាប់​ប្រមុខ​ដឹកនាំ​របប​ក្រុង​ព្យុងយ៉ាង​ក្នុង​ការធ្វើ​ទស្សនកិច្ច​នៅ​សេ​អ៊ូ​លតា​ម​ការព្រមព្រៀង​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​កាលពី​ខែកញ្ញា​។ ការលើក​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក គីម ទំនងជា​ធ្វើ​ផែនការ​ជំនួប​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​អូសបន្លាយ​ដែរ​។​

 
​គម្រោង​ទស្សនកិច្ច​លើកដំបូង​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ទៅកាន់​រដ្ឋធានី​សេ​អ៊ូ​ល​ក្នុង​ឆ្នាំ​២០១៨ នេះ នៅតែ​មិន​ច្បាស់​ដដែល ទោះ​ជាមាន​ពាក្យ​លេច​ឮថា ដំណើរ​ទស្សនកិច្ច​នេះ​អាចធ្វើ​ឡើង​នៅមុន​ដាច់​ឆ្នាំនេះ​ក្ដី​។ ការពន្យារពេល​ណាមួយ​នោះ អាច​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ដែល​ប្រឹងប្រែង​រក្សា​ស្ថានភាព​ល្អប្រសើរ​ក្នុង​ទំនាក់ទំនង​អន្តរ​កូរ៉េ ស្រប​ពេលដែល​ការចរចា​ស្ដីពី​នុយក្លេអ៊ែរ​គាំងស្ដូក​នោះ​។​
 
​សូម​រំឭក​ថយក្រោយ​បន្តិច​ថា លោក គីម បាន​យល់​ព្រមធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​កាលពី​ជំនួប​ជាមួយ​លោក មូ​ន នៅ​ព្យុងយ៉ាង ដោយ​កាលនោះ​លោក​ប្ដេជ្ញា​នឹង​ទៅ​សេ​អ៊ូ​ល​ឲ្យ​បាន​ឆាប់​តាមតែ​អាចធ្វើ​បាន​។ បន្ទាប់មក ប្រធានាធិបតី​កូរ៉េខាងត្បូង​ក៏​សង្កត់​ថែមថា ទស្សនកិច្ច​របស់​មេដឹកនាំ​កូរ៉េខាងជើង នឹង​ធ្វើឡើង​នៅក្នុង​ឆ្នាំ​២០១៨ តែម្ដង​។ 
 
​វិមាន​ខៀវ Cheong Wa Dae របស់លោក មូ​ន ក៏បាន​រៀបចំ​លក្ខណៈ​ទទួល​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​របស់​មេដឹកនាំ​កូរ៉េខាងជើង ប៉ុន្តែ​អ្វីៗ​នៅតែមាន​ការសម្រេច​ចុងក្រោយ​ឡើយ​។ ខណៈ​សល់​មិន​ប៉ុន្មាន​ថ្ងៃ​ដាច់​ឆ្នាំ​២០១៨ ទៅហើយនោះ មន្ត្រី​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​១២ ខែធ្នូ បាន​ទទួលស្គាល់ថា លោក គីម ពិតជា​លំបាក​ក្នុង​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap ។​
 
​ទស្សនកិច្ច​របស់​មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង ពិតជា​សំខាន់​ណាស់​សម្រាប់​ទំនាក់ទំនង​ទ្វេភាគី​ផង និង​ការដោះស្រាយ​សំណុំរឿង​នុយក្លេអ៊ែរ​ផង​។ នេះ​ជា​រឿង​ជំពាក់​វា​ក់វិន​ដ៏​សាំ​ញាំ​មួយ ដែល​ការសម្រេចចិត្ត​មួយ​នឹង​ជះឥទ្ធិពល​ដល់​រឿង​មួយទៀត​។ បានន័យថា បើ​លោក គីម ទៅ​កូរ៉េខាងត្បូង​កាន់តែ​ឆាប់​នោះ វា​ក៏​ជា​សញ្ញា​វិជ្ជមាន​ដល់​ការចរចា​ស្ដីពី​ការរំសាយ​នុយក្លេអ៊ែរ​រវាង​អាមេរិក និង​កូរ៉េខាងជើង​ដែរ ខណៈ​លោក មូ​ន កំពុង​ដើរតួ​ជា​អន្តរការី​។​
 
​កាន់តែ​សំខាន់​នោះ ការ​ទៅ​ឬ​មិន​ទៅ​ក្រុង​សេ​អ៊ូ​ល​របស់លោក គីម ក៏​ជះឥទ្ធិពល​ដល់​ជំនួប​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែរ​។ ដរាបណា​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​ត្រូវ​ពន្យារ​ពេលនោះ ជំនួប​ត្រាំ​-​គីម​លើក​ទី​២ ក៏​ទំនងជា​មិនអាច​កើតឡើង​ដែរ ទោះជា​លោក ត្រាំ ចង់​ជួប​លោក គីម នៅ​ដើមឆ្នាំ​២០១៩ ក្ដី​៕

Tag:
 ​កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  អាមេរិក​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com