អន្តរជាតិ
ទោះ​មិន​របូត​តំណែង នាយករដ្ឋមន្ត្រី ម៉េ​យ៍ នៅតែ​បាត់បង់​ការគាំទ្រ​ពី​ផ្ទៃក្នុង​បក្ស​
13, Dec 2018 , 11:52 am        
រូបភាព
​នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ នៅ​ថ្ងៃទី​១២ ខែធ្នូ បាន​រួច​ផុតពី​ការបោះឆ្នោត​មិន​ទុកចិត្ត​ពី​សំណាក់​សមាជិក​បក្ស​អភិរក្ស​ដែល​កំពុង​កាន់អំណាច​។ ទោះជា​អាច​បន្ត​តំណែង​នាយករដ្ឋមន្ត្រី​មែន តែ​លោកស្រី ម៉េ​យ៍ បាត់បង់​ការគាំទ្រ​ច្រើន​ពី​សមាជិកសភា​មកពី​បក្ស​លោកស្រី ហើយ​ដែល​នឹង​ប៉ះពាល់​ដល់​ដំណើរការ​ចាកចេញ​ពីស​ហ​ភាព​អឺរ៉ុប​មិន​ខាន​។ យ៉ាងណាមិញ លោកស្រី​នៅតែ​សប្បាយចិត្ត​ចំពោះ​លទ្ធផល​នេះ​។​

 
​ក្នុង​បោះឆ្នោត​នៅឯ​សភា លោកស្រី ថេ​រ៉េ​សា ទទួល​សំឡេងគាំទ្រ​ចំនួន​២០០ និង​សំឡេង​ប្រឆាំង​១១៧ ពី​សមាជិកសភា​របស់​បក្ស​អភិរក្ស​។ នេះ​មានន័យថា លោកស្រី​នៅតែ​ជា​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ដដែល​។ បើតាម​ធម្មនុញ្ញ​បក្ស​អភិរក្ស នឹងមិន​មានការ​បោះឆ្នោត​ជាថ្មី​ឡើង​ដើម្បី​តំណែង​របស់​លោកស្រី​ក្នុង​រយៈពេល​១២​ខែ​ទៀត ដែល​នេះ​នឹង​ផ្ដល់​ឲ្យ​ឱកាស​ដល់​លោកស្រី​ក្នុង​ការបន្ត​ដឹកនាំ​អង់គ្លេស​រហូតដល់​ពេល​ចាក​ចេញពី​សហភាព​អឺរ៉ុប​។​
 
​ក្រោយ​ការបោះឆ្នោត​នៅ Westminster លោកស្រី ម៉េ​យ៍ ក៏បាន​ចេញមុខ​ធ្វើ​សេចក្ដីថ្លែងការណ៍​ពី​និវេសនដ្ឋាន 10 Downing Street ដោយបាន​អរគុណ​សមាជិកសភា​ដែល​បោះឆ្នោត​គាំទ្រ​លោកស្រី​។ នាយករដ្ឋមន្ត្រី​រូបនេះ​ក៏​ឆ្លៀត​ទទួលស្គាល់​ពី​មតិ​ប្រឆាំង​មួយចំនួន ដែល​លោកស្រី​នឹង​ស្ដាប់​រាល់​កង្វល់​របស់​ពួកគេ ហើយ​ចង់ឃើញ​អ្នកនយោបាយ​ទាំងអស់​រួមគ្នា​។ ឯ​កិច្ចការ​បន្ទាប់​វិញ លោកស្រី​នឹង​បន្ត​ដឹកនាំ​អង់គ្លេស​ដើម្បី​ចាក​ចេញពី​អឺរ៉ុប​។​
 
​យ៉ាងណាក្ដី លោកស្រី​នឹងត្រូវ​ប្រឈមមុខ​បញ្ហាលំបាក​ក្នុង​អនុម័ត​កិច្ចព្រមព្រៀង​លែងលះ​ជាមួយ​អឺរ៉ុប​ក្នុង​សភា ព្រោះ​លទ្ធផល​បោះឆ្នោត​ថ្ងៃទី​១២ ខែធ្នូ បង្ហាញថា សមាជិកសភា​បក្ស​កាន់អំណាច​ជាច្រើន​ប្រឆាំង​លោកស្រី​ស្រេច​ទៅហើយ​។ នេះ​មិនទាន់​គិតដល់​សមាជិកសភា​បក្ស​ប្រឆាំង និង​បក្ស​តូចៗ​មួយចំនួនទៀត​ដែល​មិន​ពេញ​ចិត្តនឹង​កិច្ចព្រមព្រៀង​នេះ​ផង​។ ក្រុមប្រឆាំង​អះអាងថា អង់គ្លេស​នឹង​បន្ត​ជាប់ជំពាក់​ជាមួយ​អឺរ៉ុប​រាប់​ឆ្នាំ​ទៅមុខទៀត ទោះ​ចាកចេញ​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ ក៏ដោយ​។ 
 
​តាមពិតទៅ ការបោះឆ្នោត​សម្ដែង​ការមិនទុកចិត្ត​ខាងលើនេះ ធ្វើឡើង​បន្ទាប់ពី​លោកស្រី ម៉េ​យ៍ សម្រេចចិត្ត​លើក​ពេល​បោះឆ្នោត​លើ​កិច្ចព្រមព្រៀង​លែងលះ​ជាមួយ​សហភាព​អឺរ៉ុប ដ្បិត​ដឹងថា មិនអាច​ឆ្លង​ផុត​សភា​ឡើយ​។ លោកស្រី បាន​ទៅ​ហូ​ឡង់ និង​អាល្លឺម៉ង់​ដើម្បី​ស្វែងរក​ការធានា​ពី​មេដឹកនាំ​អឺរ៉ុប​ជុំវិញ​ចំណុច​ដែល​សមាជិកសភា​ជំទាស់​។ យ៉ាងណាមិញ លោកស្រី​សន្យាថា ការបោះឆ្នោត​នឹងធ្វើ​មិន​ឲ្យ​ហួស​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ ឡើយ​។​
 
​នៅ​ថ្ងៃទី​១៣ ខែធ្នូ លោកស្រី​នាយករដ្ឋមន្ត្រី​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ព្រុ​ច​សែ​ល​ដើម្បី​ជជែក​ជាមួយ​មេដឹកនាំ​អឺរ៉ុប​លើ​កិច្ចព្រមព្រៀង​នេះ​។ គេ​រំពឹងថា លោកស្រី​នឹង​ស្នើ​អឺរ៉ុប​ឲ្យ​ឲ្យ​ធ្វើ​សម្បទាន​ខ្លះ​ឲ្យ​អឺរ៉ុប​ដើម្បី​លោកស្រី​អាច​យកទៅ​បញ្ចុះបញ្ចូល​សមាជិកសភា​អង់គ្លេស​ឲ្យ​គាំទ្រ​។ ឯ​អឺរ៉ុប​វិញ ទោះជា​ដឹងថា លោកស្រី ម៉េ​យ៍ ជួប​បញ្ហាលំបាក​ក្នុងស្រុក​ក្ដី ក៏​មិន​ជួយ​អ្វី​ច្រើន​ដែរ ដោយ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ដូ​ណា​ល់ ទូ​ស ប្រកាស​ហើយ​ថា គ្មាន​ការចរចា​ម្ដង​ទៀតឡើយ​៕
 

Tag:
 Brexit
  អឺរ៉ុប​
  Theresa May
© រក្សាសិទ្ធិដោយ thmeythmey.com