ជាតិ
សម្ដេច ស ខេង បញ្ជាឲ្យបង្កើតការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៅខេត្តព្រះសីហនុ សៀមរាប និងស្វាយរៀង
× ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចឲ្យមានការបង្កើតការិយាល័យប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅក្នុងខេត្តចំនួន៣ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត។
ខេត្តចំនួន៣ ដែលក្រសួងមហាផ្ទៃ សម្រេចឲ្យបង្កើតការិយាល័យនេះ រួមមាន ខេត្តព្រះសីហនុ សៀមរាប និងស្វាយរៀង។ ខេត្តទាំង៣នេះ កំពុងរៀបចំរចនាសម្ព័ន្ធ ដើម្បីដំណើរការអនុវត្តការងារនាពេលខាមុខ ខណៈដែលអគ្គស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញ បានរៀបចំការិយាល័យនេះរួចរាល់ហើយ។
ថ្លែងក្នុងពិធីផ្ទេរតំណែងឲ្យអភិបាលខេត្តសៀមរាបថ្មីនៅព្រឹកថ្ងៃទី១៣ ធ្នូនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំឲ្យបង្កើតនៅតាមស្នងការដ្ឋាន បង្កើតការិយាល័យមួយនៃស្នងការដ្ឋាន៤កន្លែង គឺការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ។ហើយនៅក្រសួងអគ្គស្នងការដ្ឋាននគរបាលជាតិមានហើយ ប៉ុន្ដែខេត្ត៣ផ្សេងទៀតឲ្យបង្កើតនៅខេត្តសៀមរាប ព្រះសីហនុ និងស្វាយរៀង បង្កើតប៉ុណ្ណឹងសិន ហើយថ្ងៃក្រោយយើងនឹងបង្កើតទូទាំងប្រទេស»។
សូមស្តាប់ប្រសាសន៍រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖
មូលហេតុដែលសម្ដេច ស ខេង សម្រេចឲ្យមានការបង្កើតការិយាល័យប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅតាមស្នងការដ្ឋាននគរបាលជាតិតាមខេត្តនេះ គឺដោយសារតែបញ្ហាចាប់ជំរិត តាមប្រព័ន្ធអ៊ីនធឺណិត កំពុងមានការរីករាលដាលខ្លាំង នៅក្នុងប្រទេសកម្ពុជា និងនៅពិភពលោក។
បើតាមសម្ដេច ស ខេង ជនល្មើសចាប់ជំរិតនេះ ភាគច្រើនជាជនជាតិចិន ដែលមកស្នាក់នៅក្នុងប្រទេសកម្ពុជា តាមរយៈរូបភាពជាភ្ញៀវទេសចរ ។«ពេលមកកម្ពុជាជាភ្ញៀវទេសចរទេ ដំបូង ដល់រួចហើយយើងឲ្យនៅ៣០ថ្ងៃ រួចហើយសុំពន្យាពេល(ស្នាក់នៅ)អ៊ីចឹងទៅ តែធាតុពិតមក ដើម្បីកសាងមូលដ្ឋាន ចាប់ជំរិតតាមប្រព័ន្ធអនឡាញនេះ។ អាហ្នឹងសុទ្ធតែជើងអ្នកលេងខ្លាំងណាស់ ទើបអាចចាប់ជំរិតបាន ព្រោះអ្នកនោះមានបណ្ដាញនៅស្រុកចិន ដែលអែបអ្នកមានលុយនៅស្រុកចិន ហើយបញ្ជូន(ព័ត៌មាន) ឲ្យចិនរស់នៅកម្ពុជា»។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
កាលពីពេលថ្មីៗនេះ កម្ពុជាបានបញ្ជូនជនជាតិចិនខុសច្បាប់២៣២នាក់ ក្នុងនោះស្រី៣៨នាក់ ទៅប្រទេសកំណើតរបស់ខ្លួនវិញ ក្រោយពីរកឃើញថាជនជាតិទាំងនោះ បានជាប់ពាក់ព័ន្ធបទល្មើសឆរបោក គំរាមគំហែង ជំរិតទារប្រាក់ តាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។ ជនជាតិចិនទាំងនោះ ជាក្រុមដែលប្រព្រឹត្តបទល្មើសក្នុងទឹកដីខេត្តតាកែវ ហើយត្រូវបានបង្ក្រាបកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយសមត្ថកិច្ចចិន បានសហការគ្នាក្នុងការបណ្តេញចេញក្រុមល្មើសច្បាប់ទាំងនេះពីកម្ពុជា តាមជើងយន្តហោះពិសេសទៅប្រទេសចិនវិញ តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕
Tag:
ស ខេង
បច្ចេកវិទ្យា
Cyber Crime
© រក្សាសិទ្ធិដោយ thmeythmey.com