ជាតិ
លោក ស៊ុន ចាន់ថុល​៖ បើ​ឃើញ​ផ្លូវ​សំបុកមាន់ ឬ​ផ្លូវ​ខូច ត្រូវ​ប្រញាប់​ថត​ផ្ញើ​ទៅ​ក្រសួង ដើម្បី​ដោះស្រាយ​
13, Dec 2018 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បើក​ឲ្យ​ដំណើរការ​កម្មវិធី​ថែទាំ​ផ្លូវ ROAD CARE mobile app ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​រាយការណ៍ ដោយផ្ទាល់​ពី​ស្ថានភាព​ផ្លូវ​សំបុកមាន់ ឬ​ផ្លូវ​ខូច ទូទាំងប្រទេស ទៅកាន់​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ ធ្វើការ​ជួសជុល​ឲ្យ​បាន​ទាន់ពេលវេលា​។​


 
​លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​និយាយថា កម្ពុជា​ជា​ប្រទេស​ទីមួយ ដែលមាន​កម្មវិធី​ថែ​នាំ​ផ្លូវ​នេះ ព្រោះ​ទាំង​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ពិភពលោក មិនទាន់មាន​កម្មវិធី​នេះឡើយ​។ 
 
​ថ្លែង​នៅក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​កម្មវិធី​ថែទាំ​ផ្លូវ នា​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ នេះ លោក ស៊ុន ចាន់ថុល បាន​និយាយ​ដូច្នេះ​ថា​៖« យើងខ្ញុំ​មាន​មោទនភាព​ណាស់ ព្រោះ​កម្មវិធី​នេះ​រៀប​ដោយ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ។ កូន​ខ្មែរ​យើង​ធ្វើ​ទាំងអស់ កម្មវិធី​ថែទាំ​ផ្លូវ​ប្រភេទ​នេះ​។ កម្ពុជា​ជា​ប្រទេស​ទីមួយ​ហើយ ក្នុង​តំបន់​អាស៊ាន និង​ពិភពលោក​តែម្ដង ជា​មោទនភាព​របស់​យើង »​។  
 
​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កម្មវិធី​ថែទាំ​ផ្លូវ ROAD CARE mobile app ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​រាយការណ៍ ដោយផ្ទាល់​ពី​ស្ថានភាព​ផ្លូវ​ជង្ហុក​សំបុកមាន់ ឬ​ផ្លូវ​ខូច ទូទាំងប្រទេស ទៅកាន់​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ សម្រាប់ធ្វើ​ការជួសជុល​បាន​ទាន់ពេលវេលា​។​
 
ROAD CARE អាច​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ពី​ស្ថានភាព​ផ្លូវ​ជង្ហុក​សំបុកមាន់ និង​ផ្លូវ​ខូច តាមរយៈ​ការ​បង្ហោះ​ជា​រូបថត និង​វីដេអូ ចូលទៅក្នុង​កម្មវិធី​ព័ត៌មាន​ទាំងអស់ នឹង​ត្រូវបាន​បញ្ជូនទៅ​កាន់​ក្រុមការងារ ទទួលបន្ទុក​របស់​ក្រសួង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន និង​អាជ្ញាធរ​ពាក់ព័ន្ធ ។​
 
​កម្មវិធី​ថែទាំ​ផ្លូវ នឹងចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង ដោយសារ​ជង្ហុក​សំបុកមាន់ និង​ផ្លូវ​ខូច ព្រមទាំង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​។​
 
​រដ្ឋមន្ដ្រីក្រសួង​សាធារណការ បាន​និយាយ​ដូច្នេះ​ថា​៖« ផលប្រយោជន៍​នៃ​កម្មវិធី​នេះ នឹង​ផ្ដល់​មក​យើង​នូវ​ព័ត៌មាន​ដែល​អ្នកប្រើប្រាស់​ផ្លូវ លោក​ឃើញ​ផ្លូវ​សំបុកមាន់ ផ្លូវ​ដែល​ខូចខាត ចង់​ផ្ដល់ព័ត៌មាន​មកកាន់​ក្រសួង ផ្តល់​ប្រយោជន៍​ធំ គឺ​ក្រសួង​ក្ដាប់បាន​ទាំងអស់​នូវ​ព័ត៌មាន​ពី​អ្នកប្រើប្រាស់​ផ្លូវថ្នល់​»​។  
 
​លោក ស៊ុន ចាន់ថុល បាន​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងឡាយ  ពិសេស​ក្រុមហ៊ុន​ដឹកជញ្ជូន កុំ​ដឹកទំនិញ​លើស​ទម្ងន់​ដែល​បានកំណត់ និង​កុំ​កែ​ទ្រង់​ឡាន ដែល​អាច​ឲ្យ​ផ្លូវ​ឆាប់​ខូចខាត​មុន​ថ្ងៃ​កំណត់ និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ​។ 
 
​កម្មវិធី​ថែទាំ​ផ្លូវ​នេះ នឹង​គ្របដណ្តប់​ទៅលើ​ការជួសជុល ថែទាំ​ផ្លូវជាតិ​ទាំង ៧៥​ខ្សែ និង​គ្រប់​ផ្លូវ នៅក្នុង​រាជធានី​ភ្នំពេញ និង ផ្លូវ​ក្នុង​ក្រុង របស់​ខេត្ត​ទាំង​២៤៕ 
 

Tag:
 ​ស៊ុន ចាន់ថុល​
 ROAD CARE
  ក្រសួង​សាធារណការ និង​ដឹកជញ្ជូន
© រក្សាសិទ្ធិដោយ thmeythmey.com