អន្តរជាតិ
បុរស​ក្រីក្រ​ម្នាក់​ចូល​ពេទ្យ ឆ្កែ​៤​ក្បាល​រង់ចាំ​ម្ចាស់​យ៉ាង​អន្ទះសា​នៅមុខ​បន្ទប់​
13, Dec 2018 , 9:19 pm        
រូបភាព
រូបថត៖ ហ្វេសប៊ុក Cris Mamprim
រូបថត៖ ហ្វេសប៊ុក Cris Mamprim
ដោយ: ធីតា
​អ្នកគ្រូ​ពេទ្យ​ប្រេ​ស៊ី​ល​ម្នាក់ បាន​ចែករំលែក​រឿង​ដ៏​រំជួលចិត្ត​មួយ​នៅលើ​បណ្តាញ​សង្គម​។ បុរស​ម្នាក់​ឈ្មោះ Cesar ដែលជា​ជន​គ្មាន​ផ្ទះសំបែង បាន​ទៅ​មន្ទីរពេទ្យ​នា​ម៉ោង​៣​ទៀបភ្លឺ​នា​ថ្ងៃទី​៩ ខែធ្នូ ដើម្បី​ពិនិត្យ​ជំងឺ​របស់ខ្លួន​។ គាត់​គ្មាន​សាច់ញាតិ​ណា​ម្នាក់​ឡើយ ប៉ុន្តែ​នៅមុខ​បន្ទប់​ពិនិត្យ គេ​ឃើញ​ឆ្កែ​៤​ក្បាល​នៅ​រង់ចាំ​យ៉ាង​អន្ទះសារ​។​

 
​អ្នកគ្រូ​ពេទ្យ Cris Mamprim និង​មិត្តភក្តិ​មួយចំនួន ត្រូវចំ​វេន​ធ្វើការ​យប់​នៅ​មន្ទីរពេទ្យ Hospital Regional Alto Vale នៅ​ក្រុង Rio do Sul ប្រទេស​ប្រេ​ស៊ី​ល​។ លោក Cesar បាន​ទៅកាន់​ទីនោះ ដើម្បី​ពិនិត្យ​ស្ថានភាព​ជំងឺ​ដែល​ធ្វើទុក្ខ​ក្នុង​ខ្លួន​គាត់​។ 
 
​បុរស​គ្មាន​ផ្ទះសំបែង​ម្នាក់នេះ មិនមាន​ទ្រព្យសម្បត្តិ​ច្រើន ឬ​ញាតិមិត្ត​នោះឡើយ ប៉ុន្តែ​អ្នកគ្រូ​ពេទ្យ Mamprim រំភើប​យ៉ាងខ្លាំង ដោយបាន​ឃើញ​មិត្តភក្តិ​របស់គាត់​នៅចាំ​នៅមុខ​បន្ទប់​។ អ្នក​ទាំងនោះ គឺជា​សុនខ​ជាទី​ស្រឡាញ់​របស់លោក Cesar ទាំង​៤​ក្បាល​។ 
 


​យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន The Dodo សត្វ​ឆ្កែ​ទាំងនោះ រង់ចាំ​ម្ចាស់​ពួកវា​នៅមុខ​បន្ទប់​ពិនិត្យ​ជំងឺ​យ៉ាង​មាន​សណ្តាប់​។ ពួកវា​ជា​សុនខ​ដែលមាន​ការចិញ្ចឹម​បីបាច់​យ៉ាង​ល្អ ពោល​គឺមាន​លក្ខណៈ​ល្អប្រសើរ​ជាង​សត្វ​ចិញ្ចឹម​មួយចំនួន​។​
 
​លោក Cesar បាន​អះអាងថា ពេលខ្លះ​លោក​សុខចិត្ត​អត់​ហូប​អាហារ​ខ្លួនឯង ដើម្បី​បាន​ចំណី​សម្រាប់​ឆ្កែ​ដែលជា​មិត្តសំឡាញ់​របស់ខ្លួន​។ អ្នកគ្រូ​ពេទ្យ Mamprim បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​កោតសរសើរ​លោក Cesar ថា ជា​មនុស្ស​ដ៏​សាមញ្ញ​ម្នាក់ គ្មាន​ទ្រព្យសម្បត្តិ ហើយ​រស់នៅក្នុង​ភាព​អត់​ឃ្លាត រងា កណ្តោចកណ្តែង ប៉ុន្តែ​នៅក្បែរ​ខ្លួន​គាត់ បែរ​ជាមាន​មិត្តភក្តិ​ដ៏​ល្អ និង​ស្មោះត្រង់​បំផុត​។​
 

Mamprim បាន​សរសេរ​បន្ថែមថា​៖ «​មើលឃើញ​ទិដ្ឋភាព​ដែល​សុនខ​ទាំងនោះ​រង់ចាំ​នៅ​មាត់ទ្វារ​យ៉ាង​ដូច្នេះ បង្ហាញថា ពួកគេ​ពោរពេញ​ទៅដោយ​ការយកចិត្តទុកដាក់ និង​ក្តី​ស្រឡាញ់​ដ៏​ធំធេង​»​។ សុនខ​ទាំងនោះ បន្ត​រង់ចាំ​រហូតដល់​ម្ចាស់ខ្លួន​ចេញ ប៉ុន្តែ​ក្រោយមក​បុគ្គលិក​មន្ទីរពេទ្យ​បាន​នាំចូល​ក្នុង​ដើម្បី​ឲ្យ​ពួកវា​ស៊ី​ចំណី​៕ 
 

Tag:
 ​សុនខ
© រក្សាសិទ្ធិដោយ thmeythmey.com