អន្តរជាតិ
រដ្ឋាភិបាល​បារាំង​ទទូច​ឲ្យ​ក្រុម​អាវ​ក្រៅ​លឿង​ផ្អាក​បាតុកម្ម​ចុង​សប្តាហ៍​នេះ ក្រោយ​ករណី​វាយប្រហារ​នៅ​Strasbourg
13, Dec 2018 , 4:38 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​បារាំង​បាន​ទទូច​ឲ្យ​ក្រុមបាតុករ​អាវ​ក្រៅ​ពណ៌​លឿង​ចៀសវាង​ការចាប់ផ្តើម​ប្រមូលផ្តុំ​គ្នា​តវ៉ា​ជាថ្មីទៀត​នៅ​សប្តាហ៍​នេះ ដោយសារ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​និង​សន្តិសុខ​សាធារណៈ​ផង​។ បច្ចុប្បន្ន​សន្តិសុខ​បារាំង​ស្ថិតក្រោម​ការ​រឹតបន្តឹង​ខ្លាំង បន្ទាប់ពី​មានការ​វាយប្រហារ​ភេរវកម្ម​មួយ​កើតឡើង​នៅ​ផ្សារ​គ្រឹ​ស្មាស​នា​ក្រុង​ស្ត្រា​ស្បួ​រ (Strasbourg)​។ 

 
​ដ្បិត​មិន​ពេញ​នឹង​ចំណាត់ការ​និង​សម្បទាន​ដែល​ផ្តល់​ឲ្យ​ដោយ​ប្រធានាធិបតី​បារាំង ក្រុមបាតុករ​«​អាវ​ក្រៅ​ពណ៌​លឿង​» ឬ Yellow Vest បានប្រកាស​រួចទៅហើយ​ថា ខ្លួន​នឹង​រៀបចំ​បាតុកម្ម​ជាថ្មីទៀត​នៅ​ចុង​សប្តាហ៍​នេះ​។ ប៉ុន្តែ​អាជ្ញាធរ​បារាំង​កំពុង​ស្វះ​ស្វែងរក​វិធីសាស្ត្រ​ជំរុញ​ឲ្យ​បាតុក​ចៀសវាង​រៀបចំ​បាតុកម្ម​នៅ​សប្តាហ៍​នេះដែរ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋាភិបាល​ក្រុងប៉ារីស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៣ ខែធ្នូ​នេះ​បាន​ទទូច​ឲ្យ​ក្រុមបាតុករ​ពិចារណា និង​ចៀសវាង​ឲ្យ​បាន​នូវ​ការប្រមូលផ្តុំ​គ្នា​តវ៉ា​ជាថ្មីទៀត ស្រប​ពេលដែល​មានការ​វាយប្រហារ​ភេរវកម្ម​កើតឡើង​ថ្មីៗ​នេះ​ផង​។ 
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល​បារាំង Banjamin Griveaux ថ្លែង​ដូច្នេះ​ថា រដ្ឋាភិបាល​មិនបាន​ដាក់​បម្រាម​លើ​ការ​បាតុកម្ម​ដែលមាន​ក្រុមបាតុករ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​ឡើយ​។ ប៉ុន្តែ​អ្នកនាំពាក្យ​រូបនេះ​ចង់​ឲ្យ​បាតុករ​មានការ​ពិចារណា​ឲ្យ​បាន​សមរម្យ​ព្រោះ​រដ្ឋាភិបាល​បានធ្វើ​សម្បទាន​ខ្លះ​រួចទៅហើយ​។​
 
«​សម្រាប់​ពេល​ឥឡូវនេះ យើង​មិនបាន​ហាមឃាត់​ការតវ៉ា​ណាមួយ​ឡើយ​។ ប៉ុន្តែ​វា​ល្អ​បើសិនជា​គ្រប់គ្នា​អាច​រក្សា​ការអត់ធ្មត់​នៅ​ថ្ងៃ​សៅរ៍ មុនពេល​ការរៀបចំ​ពិធី​ជួបជុំគ្នា​ចុងឆ្នាំ ជាជាង​រៀបចំ​ការជួបជុំ​បាតុកម្ម​តវ៉ា និង​ធ្វើ​បង្ខំ​ឲ្យ​កងកម្លាំង​សន្តិសុខ​ត្រូវបំពេញ​កាតព្វកិច្ច​ជាថ្មី​»​។ លោក Griveaux និយាយ​ដូច្នេះ​។ 
 
​តាមពិតទៅ ការអំពាវនាវ​របស់​រដ្ឋាភិបាល​នេះ​ក៏​ធ្វើឡើង​ស្រប​ពេលដែល​សន្តិសុខ និង​សណ្តាប់​សាធារណៈ​នៅ​បារាំង​រង​ការគំរាមកំហែង​ខ្លាំង​ដែរ​។ បញ្ហា​សន្តិសុខ​នោះ គឺ​សំដៅលើ​ការវាយប្រហារ​នៅ​ផ្សារ​គ្រឹ​ស្មាស​នាទី​ក្រុង ស្តា​ស្បួ​រ ដោយ​ខ្មាន់កាំភ្លើង​ដែល​បណ្តាល​ឲ្យ​មនុស្ស​បួន​នាក់​ស្លាប់​និង ច្រើន​នាក់​ផ្សេងទៀត​រងរបួស​ផង​។ ប៉ូលិស​បាន​វាយតម្លៃ​បឋម​ថា វា​ជា​ករណី​ភេរវកម្ម​។​
 
​ត្រឡប់មកវិញ ចលនា​បាតុកម្ម​អាវ​ក្រៅ​ពណ៌​លឿង​នេះ​បានចាប់ផ្តើម​ឡើង​ដំបូង​នៅ​ថ្ងៃ ១៧ ខែវិច្ឆិកា ដើម្បី​ឆ្លើយតប​នឹង​ផែនការ​ដំឡើង​ពន្ធ​ប្រេង​របស់​រដ្ឋាភិបាល​បារាំង​។ ចលនា​នេះ​ប្រមែរ​ប្រមូលបាន​អ្នកគាំទ្រ​ច្រើន ហើយ​បន្ត​រីកសាយ​ភាយ​គួរ​ឲ្យ​បារម្ភ​។  ចលនា​បាតុកម្ម​នេះ​បាន​បន្តធ្វើ​ឡើងជា​បន្តបន្ទាប់ ហើយ​ចុង​សប្តាហ៍​មុន​ជា​ពេល​ចុងក្រោយបង្អស់​ដែល​បាតុករ​ចេញ​តវ៉ា រហូត​មានការ​ប៉ះទង្គិច​គ្នា និង​មានការ​ខូចខាត​ទ្រព្យសម្បត្តិ​ឯកជន​និង​សាធារណៈ​ច្រើនសន្ធឹក​ដែរ​។ ប៉ូលិស ប្រាំបី​ម៉ឺន​នាក់​ត្រូវបាន​ពង្រាយ​នៅ​ទូទាំង​ទីក្រុង​ប៉ារីស​ចុង​សប្តាហ៍​មុន ប៉ុន្តែ​ក្រុមបាតុករ​នៅតែ​អាច​វាយកម្ទេច​ទ្វារ កញ្ចក់​ហាង ចូល​លួច​ឥ​វ៉ាន់ និង​ដុត​កម្ទេច​រថយន្ត​ជាច្រើន​គ្រឿង​តាម​ដងផ្លូវ​ដែរ​។​
 
​ឃើញ​ស្ថានការណ៍​មិនសូវ​ស្រួល រដ្ឋាភិបាល​បារាំង​បានសម្រេច​ព្យួរ​គម្រោង​ដំឡើង​ពន្ធ​ប្រេង ហើយ​ដល់​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ទៀត ប្រ​ធានា​ប​ធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បានចេញ​អន្តរាគមន៍ ដោយ​សាក់​ចេញ​វិធានការ​មួយចំនួន​ដើម្បី​ឆ្លើយតប​នឹង​ការទាមទារ​របស់​បាតុករ​ដែរ​។​
 
​ចំណុច​សម្បទាន​ទីមួយ​របស់​រដ្ឋាភិបាល​គឺ បារាំង​សម្រេច​ដំឡើង​ប្រាប់​ឈ្នួល​អប្បបរមា​ក្នុង​ទំហំ ៧ ភាគរយ ឬ ១០០ អឺរ៉ូ​ក្នុង​មួយខែ​ពី​ឆ្នាំ ២០១៩ នេះ​តទៅ​។  ត្រឹម​ឆ្នាំ ២០១៨ ប្រាក់​ឈ្នួល​អប្បបរមា​របស់​ប្រជាជន​បារាំង​គឺ ១៤៩៨ អឺរ៉ូ​មុនពេល​បង់ពន្ធ ហើយ​ក្រោយ​បង់ពន្ធ​ឈ្នួល​នៅសល់​ប្រហែល ១១៨៥​អឺរ៉ូ​។ ចំណុច​ទី​ពីរ គឺ​បារាំង​លុបចោល​គម្រោង​ដាក់​ពន្ធ​លើ​អ្នក​ដែល​បាន​ប្រាក់​សោធ​និវត្តន៍​តិចជាង ២០០០ អឺរ៉ូ និង លុបចោល​ពន្ធ​លើ​ប្រាក់​ថែម​ម៉ោង​ផង​។ ចំណុច​ទី​បី គឺ​រដ្ឋាភិបាល​បារាំង​ក៏​ជំរុញ​លើកទឹកចិត្ត​ឲ្យ​និយោជក​ផ្តល់ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដោយ​និ​យោ​ជិ​កនៅ​ចុងឆ្នាំ​ដោយ​គ្មាន​បង់ពន្ធ​ដែរ​។​
 
​យ៉ាងណា​ក៏ដោយចុះ សម្បទាន​ទាំង​អម្បា​ម៉ាន​របស់​រដ្ឋាភិបាល​ក្រុងប៉ារីស​មិន​ធ្វើ​ឲ្យ​បាតុករ​ស្ងប់ចិត្ត​ឈប់​តវ៉ា​ឡើយ​។ ពួកគេ​អះអាងថា សម្បទាន​របស់​រដ្ឋាភិបាល​តិចជាង​ការចង់បាន ហើយ​វា​ក៏​ហាក់​យឺតយ៉ាវ​បន្តិច​ដែរ​។ ដូច្នេះហើយ បើសិនជា​គ្មាន​ការចរចា​ណាមួយ​ជាថ្មីទៀត​ទេ​ជាមួយ​រដ្ឋាភិបាល​នោះ វា​គ្មាន​ឡើយ​ការរំសាយ​ចលនា​បាតុកម្ម​នៅពេលនេះ​៕
 

Tag:
 ​បារាំង​
  Yellow Vest
  Strasbourg
© រក្សាសិទ្ធិដោយ thmeythmey.com