កីឡាអន្តរជាតិ
អន្តរជាតិ
Suzuki Cup៖ ប៉ូលីស​ស៊ើបអង្កេត​ជុំវិញ​អ្នកគាំទ្រ​លើស​ចំនួន​ជិត​១​ម៉ឺន​នាក់​នា​ជំនួប​ម៉ាឡេស៊ី​-​វៀតណាម​
13, Dec 2018 , 9:59 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​ម៉ាឡេស៊ី (FAM) នឹង​សហការ​ជាមួយ​ប៉ូលីស​ដើម្បី​ពិនិត្យមើល​ឡើងវិញ​ក្រោយ​មានការ​អះអាងថា​មាន​អ្នកគាំទ្រ​ដែល​គ្មាន​សំបុត្រ​ជាង​៨​ពាន់​នាក់​បាន​ចូលទៅក្នុង​កីឡដ្ឋាន​ជាតិ Bukit Jalil នា​ជំនួប​ជើង​ទី​១ វគ្គ​ផ្តាច់ព្រ័ត្រ AFF Suzuki Cup រវាង​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​និង​វៀតណាម កាលពី​ថ្ងៃទី​១១ ខែធ្នូ​។

 

 
​លោក Stuart Ramalingam អគ្គលេខាធិការ FAM ដែល​បាន​ពិភាក្សា​រឿងនេះ​ជាមួយ​អ្នកតំណាង​ការិយាល័យ​កណ្តាល​នគរ​បាល​នៅ​តំបន់​នោះ លើកឡើងថា​ហេតុការណ៍​បែបនេះ​មិន​ត្រឹមតែ​ធ្វើអោយ​ខូច​កេរ្ដិ៍ឈ្មោះ​ម៉ាឡេស៊ី​នោះទេ តែ​ថែមទាំង​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នក​ដែល​បាន​ទិញ​សំបុត្រ​សម្រាប់​ទស្សនាការ​ប្រកួត​នោះ​ទៀតផង​។​


 
«FAM នឹងធ្វើ​ឲ្យ​ប្រាកដថា​រឿង​អាម៉ាស​បែបនេះ​នឹងមិន​កើតឡើង​ម្តង​ទៀង​ឡើយ​»​។ លោក Stuart អធិប្បាយ​បែបនេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​ដែល​ចេញផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ FAM នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨​។ 
 
​លោក​បាន​អះអាង​បន្ថែមថា​មាន​ក្រុមអ្នកលេង​អ៊ីនធឺណិត​នៅតាម​បណ្តាញ​សង្គម​មួយក្រុម ថា​អ្នកគាំទ្រ​ជាង ៨៨០០០ នាក់​បាន​ចូលរួម​ទស្សនា ខណៈដែល FAM បាន​លក់​សំបុត្រ​ត្រឹម ៨០០០០​សន្លឹក​ប៉ុណ្ណោះ សម្រាប់​ការប្រកួត​ដែល​បានបញ្ចប់​ក្នុង​លទ្ធផល​២​ទល់នឹង​២​នោះ​។ កីឡដ្ឋាន Bukit Jalil ដែល​ស្ថិតក្នុង​ក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​អាច​ផ្ទុក​អ្នកគាំទ្រ​សរុប​បាន ៨៧៤១១​នាក់​។​


 
​វៀតណាម នឹង​ដឹកនាំ​សម្រាប់​ជំនួប​ជើង​ទី ២ នៃ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFF Suzuki Cup 2018 វិញ​ម្តង ដែល​នឹង​ត្រូវធ្វើ​ធ្វើឡើង​នៅ​ថ្ងៃទី​១៥ ខែធ្នូ នៅឯ​កីឡដ្ឋាន MyDinh ក្នុង​ក្រុង​ហាណូយ​៕
 

Tag:
 បាល់ទាត់​
  AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com