អន្តរជាតិ
ម៉ា​ឌុយ​រ៉ូ ចោទថា ទីប្រឹក្សា​លោក ត្រាំ រៀប​គម្រោង​ធ្វើឃាត​លោក​ដោយ​សមគំនិត​ជាមួយ​កូ​ឡុំ​ប៊ី​
13, Dec 2018 , 5:28 pm        
រូបភាព
​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ បាន​ចោទ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ច​ន ប៊ូល​តុ​ន ថា រៀបចំ​ផែនការ​ធ្វើឃាត​លោក ដោយមាន​ប្រធានាធិបតី​កូ​ឡុំ​ប៊ី​ជា​គូកន​ផង​។ បើតាម​លោក ម៉ា​ឌុយ​រ៉ូ មន្ត្រី​អាមេរិក​ដដែល​នេះ​បានរៀបចំ​ការហ្វឹកហាត់​ទាហាន​ស៊ីឈ្នួល​ជាច្រើន​ដើម្បី​អនុវត្ត​ផែនការ​ហិង្សា​នេះ​។ នេះ​មិនមែនជា​លើក​ទី​ដំបូង​ទេ​ដែល​មេដឹកនាំ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ចោទ​ប្រទេស​ទាំងពីរ​ថា មានបំណង​អាក្រក់​លើ​រូបលោក​នោះ​។​

 
«​លោក ប៊ូល​តុ​ន កំពុង​រៀប​គម្រោង​ធ្វើឃាត​ខ្ញុំ​»​។ នេះ​ជាការ​ចោទ​ចំៗ​របស់​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ទៅកាន់​លោក ច​ន ប៊ូល​តុ​ន ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ ទំនាក់ទំនង​រវាង​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​អាមេរិក មិនល្អ​ឡើយ​ចាប់តាំងពី​សម័យ​លោក ហ៊ូ​ហ្គោ ឆា​វេស នៅ​ដឹកនាំ​មកម្ល៉េះ ដោយ​ក្រុង​កា​រ៉ា​កាស់​បាន​ចោទ​ក្រុង​វ៉ាស៊ីនតោន​ថា មាន​គម្រោង​ប្ដូរ​របប​ដឹកនាំ​របស់ខ្លួន​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក ម៉ា​ឌុយ​រ៉ូ អះអាងថា លោក ប៊ូល​តុ​ន កំពុង​ដឹកនាំ​ផែនការ​បញ្ចេញ​ហិង្សា និង​ធ្វើ​រដ្ឋប្រហារ​ដើម្បី​បង្កើត​រដ្ឋាភិបាលបណ្ដោះអាសន្ន​មួយ​។ ដើម្បី​អនុវត្ត​ផែនការ មេដឹកនាំ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ចោទ​លោក ប៊ូល​តុ​ន ទៀតថា បានរៀបចំ​ការហ្វឹកហាត់​ឲ្យ​ទាហាន​ស៊ីឈ្នួល​នៅ​កន្លែង​ផ្សេងៗ​គ្នា​ដើម្បី​ប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា ហើយ​មក​ពេលនេះ​មាន​ចំនួន​ច្រើនជាង​៧៣០​នាក់​។​
 
​បើតាម​សារព័ត៌មាន RT លោក ម៉ា​ឌុយ​រ៉ូ បន្តថា ទីប្រឹក្សា​លោក ត្រាំ មិនមែន​ធ្វើ​រឿងនេះ​តែម្នាក់ឯង​ឡើយ ដោយមាន​កូ​ឡុំ​ប៊ី​ចូល​ដៃ​យ៉ាងខ្លាំង​។ មេដឹកនាំ​ក្រាញ​អំណាច​រូបនេះ​បាន​វាយប្រហារ​ខ្លាំងៗ​លើ​ប្រធានាធិបតី​កូ​ឡុំ​ប៊ី  Ivan Duque ចាត់ទុកជា​គូ​ន​កន​របស់លោក ប៊ូល​តុ​ន ។ ទំនង​ខឹង​ចិត្តខ្លាំង​នោះ ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដល់​ថ្នាក់​និយាយថា លោក Duque សុំ​ការអនុញ្ញាត​ពី​ទូត​អាមេរិក​ប្រចាំ​កូ​ឡុំ​ប៊ី​សិន ទើប​ហ៊ាន​ចូល​បន្ទប់ទឹក​។​
 
​ជាច្រើន​លោក​ច្រើនសារ ប្រមុខ​ដឹកនាំ​ក្រុង​កា​រ៉ា​កាស់​តែង​រិះគន់​អាមេរិក និង​សម្ព័ន្ធមិត្ត​នៅ​តំបន់​ឡាទីន​លើ​ការរៀបចំ​ផែនការ​ធ្វើឃាត​នេះ​។ កាលពី​ខែសីហា លោក ម៉ា​ឌុយ​រ៉ូ បាន​ចោទ​ក្រុង​វ៉ាស៊ីនតោន​ម្ដង​ហើយ បន្ទាប់ពី​មានការ​វាយប្រហារ​តាម​ដ្រូ​ន​អំឡុង​ព្យុហយាត្រា​យោធា​ក្នុង​រដ្ឋធានី​។ អាជ្ញាធរ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ចាត់ទុក​ហេតុការណ៍​នេះ ជាការ​ប៉ុនប៉ង​ធ្វើឃាត​ដែល​បរាជ័យ ហើយ​ដែល​លោក ម៉ា​ឌុយ​រ៉ូ ទម្លាក់កំហុស​លើ​កូ​ឡុំ​ប៊ី​ដែរ​។​
 
​យ៉ាងណាក្ដី ក្រុង​បូ​ហ្គោ​តា​បាន​ទាត់ចោល​សម្ដី​ចោទប្រកាន់​របស់លោក ម៉ា​ឌុយ​រ៉ូ ។ ក្រសួងការបរទេស​កូ​ឡុំ​ប៊ី​ចាត់ទុក​ការលើកឡើង​របស់​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា ជា​រឿង​ស្រមើស្រមៃ មិនគួរ​ឲ្យ​គោរព និង​មិនគួរ​ឲ្យ​ជឿ​សោះឡើយ​។ 
 
​សូមបញ្ជាក់ថា ក្រោម​ការដឹកនាំ​របស់​លោក ម៉ា​ឌុយ​រ៉ូ វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​ធ្លាប់ជា​ប្រទេស​នាំចេញ​ប្រេង​ធំ​មួយ​របស់​ពិភពលោក បែរ​ក្លាយជា​ប្រទេស​ក្រីក្រ អតិផរណា​កើន​ខ្ពស់​មិន​ធ្លាប់មាន និង​មាន​ប្រឈមមុខ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ខ្លាំង​។ រដ្ឋបាល​លោក ត្រាំ តែង​លើកឡើង​ពី​លទ្ធភាព​កម្ចាត់​លោក ម៉ា​ឌុយ​រ៉ូ ចេញពី​តំណែង ខណៈ​មន្ត្រី​ខ្លះ​យល់ថា អន្តរាគមន៍​មនុស្សធម៌​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា គួរតែ​កើតឡើង​ដើម្បី​បញ្ចប់​បញ្ហា​ផង​៕
 

Tag:
 វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  អាមេរិក​
  កូ​ឡុំ​ប៊ី​
  នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com