ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក Raoul Jennar៖«​បើ​ពួកលោក​ដាក់​សម្ពាធ យើង​កាន់តែ​ពន្យារ​ពេល​»
14, Dec 2018 , 10:08 am        
រូបភាព
​វា​ហាក់ដូច​ជាមាន​ភាព​ធូរស្រាល​មួយកម្រិត នៅក្នុង​បរិយាកាស​នយោបាយ​កម្ពុ​ជា​។ សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល​ចុះ​ថ្ងៃទី​៣​ខែធ្នូ​កន្លងទៅ បាន​ក្លាយជា​ចំណុច​ចាប់ផ្តើម​នៃ​ការវិវឌ្ឍ​ល្អ​នៃ​ស្ថានភាព​នយោបាយ​នេះ​។ សំណុំ​ក្តីក្តាំ​របស់​ប្រធាន​សហជីព​ត្រូវបាន​ដោះស្រាយ​, អ្នក​បាត់បង់​សិទ្ធិ​នយោបាយ នឹង​អាច​ទទួលបាន​សិទ្ធិ​នោះ​ត្រឡប់មកវិញ​តាម​នីតិវិធី​, រដ្ឋាភិបាល​ប្តេជ្ញា​បន្ត​ដោះស្រាយ​សិទ្ធិ​ការងារ និង​សហជីព ជម្លោះដីធ្លី និង​ព្រមទាំង​មិន​បំភ្លេចចោល​ការលើកតម្កើង​សេរីភាព​សារព័ត៌មាន​។ មានការ​អធិប្បាយ​ថា សេចក្តីសម្រេច​របស់រ​ដ្ឋា​ភិ​បាល​នេះ បានកើត​ឡើង​ដោយសារ​តែមាន​សម្ពាធ​ពី​ដៃគូ អភិវឌ្ឍន៍​។ ប៉ុន្តែ​លោក Raoul-Marc Jennar ដែលជា​ទីប្រឹក្សា​រដ្ឋាភិបាល​កម្ពុជា មិន​យល់ស្រប​នឹង​អត្ថាធិប្បាយ​នោះឡើយ ហើយ​បាន​អះអាង​អំពី​សេចក្តីសម្រេចចិត្ត​ដោយ​ឯករាជ្យ​របស់​រដ្ឋាភិបាល​កម្ពុជា​។ លោក Raoul-Marc Jennar បាន​និយាយ​អំពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​គណបក្សកាន់អំណាច ដើម្បី​ស្តារ​ស្ថានភាព​នយោបាយ​កម្ពុជា​ឲ្យ​ត្រឡប់​មករក​ប្រក្រតីភាព​វិញ ដោយ​ស្មារតី​អព្យាក្រឹត​។​

 
​លោក Raoul-Marc Jennar បានផ្តល់​បទ​សម្ភាស​ដ​ល់​លោក លាង ដឺ​លុច នាយក​ប្រតិបត្តិ​សារព័ត៌មាន​ថ្មីៗ​៖
 
​លោក លាង ដឺ​លុច​៖ ដូច​លោក​ដឹង​ស្រាប់​ហើយ​ថា លោក ប្រាក់ សុខុន ដែលជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រមុខ​ការទូត​កម្ពុជា​បាន​ទស្សនកិច្ច​ប្រទេស​អឺរ៉ុប​ចំនួន​ពីរ​គឺ ហុង​គ្រី និង​រូ​ម៉ា​នី ចំ​ពេលដែល​កម្ពុជា​កំពុងមាន​បញ្ហា​ជាមួយ​សហភាព​អឺរ៉ុប​ក្នុង​សំណុំរឿង  EBA (Everything But Arms)​។ តើ​ទស្សនកិច្ច​នោះ មាន​គោលដៅ​អ្វីខ្លះ​?
 
​លោក Raoul-Marc Jennar៖ តាមពិត​គ្រាន់តែ​ជា​រឿង​ចៃដន្យ​តែប៉ុណ្ណោះ​។ ដំណើរ​ទស្ស​កិច្ច​នៅ​ប្រទេស​រូ​ម៉ា​នី ត្រូវបាន​គ្រោង​មកជា​យូរហើយ​។ លោក​ដឹង​ទេ​? ការខិតខំ​របស់លោក​ឧបនាយករដ្ឋមន្ត្រី គឺ​ធ្វើយ៉ាងណា​ឲ្យ​នយោបាយ​ការទូត​របស់​កម្ពុ​ជាមាន​ភាពរស់រវើក​។ យើង​ត្រូវបង្កើត​ទំនាក់ទំនង​ឡើងវិញ ជាមួយ​ប្រទេស​ដែល​កម្ពុជា​យើង​មាន​ទំនាក់ទំនង​តាំងពី​ឆ្នាំ​១៩៩៣​មក ឬក៏​មុននេះ​ក៏ដោយ​។ ឧទាហរណ៍ ដូចជា​បើក​ស្ថានទូត​ឡើងវិញ​នៅ​ទីក្រុង គែរ ប្រទេស​អេ​ហ្ស៊ី​ប​។ រីឯ​ប្រទេស​ហុង​គ្រី​វិញ រដ្ឋាភិបាល​ហុង​គ្រី​បាន​មកដល់​កម្ពុ​ជាមុន​គេ​ភ្លាមៗ ក្នុង​ឆ្នាំ​១៩៧៩ បន្ទាប់ពី​ការដួលរលំ​នៃ​របប​ប៉ុលពត​។ ដូច្នេះ​ប្រទេស​ខ្លះ​បាន​មាន​វត្ត​មាននៅ​កម្ពុជា ក្នុងពេលដែល​កម្ពុជា​ជួប​ទុក្ខលំបាក​យ៉ាងខ្លាំង ហើយ​ដែល​យើង​ត្រូវបង្កើត និង​រឹតចំណង​ទាក់ទង​ឡើងវិញ​ជាមួយ​ពួកគេ​។​


 
​ខ្ញុំ​ចង់​ជម្រាប​លោក​ថា ឆន្ទៈ​របស់លោក​ឧបនាយករដ្ឋមន្ត្រី គឹ​ត្រូវធ្វើ​ការងារ​ការទូត​ផ្នែក​នយោបាយ​ផង ការទូត​ផ្នែក​សេដ្ឋកិច្ច​ផង និង​ការទូត​ផ្នែក​វប្បធម៌​ផង ដែល​ក្នុង​វប្បធម៌​នោះ ត្រូវមាន​វិស័យ​ទេសចរណ៍​។ 
 
​លោក លាង ដឺ​លុច​៖ ដូច្នេះ គឺ​មិនមែន​ដោយសារ​ប្រទេស​ទាំងពីរ​ជា​សមាជិក​របស់​សភាព​អឺរ៉ុប ហើយ​កម្ពុជា​ត្រូវការ​សំឡេងគាំទ្រ ឬ​ការជួយ​ពី​សមាជិក​សភាព​អឺរ៉ុប ក្នុង​សំណុំរឿង EBA នោះទេ​?
 
​លោក Raoul-Marc Jennar៖ វា​មិនមែនជា​គោលបំណង​នៃ​ទស្សនកិច្ច​នោះឡើយ​។ កម្ពុជា​ក៏​មិន​ស្នើសុំ​ការគាំទ្រ​អ្វី​ដែរ​។ ផ្ទុយទៅវិញ បើសិនជា​គេ​សួរ ឬ​គេ​លើកឡើង​នៅក្នុង​កិច្ចពិភាក្សា​ណាមួយ យើង​នឹង​ពន្យល់​ពួកគេ​។ យើង​នឹង​ពន្យល់ ទីមួយ ពី​អត្តសញ្ញាណ​នៃ​គណបក្សប្រឆាំង​នៅ​កម្ពុជា​។ ទី​ពីរ ហេតុអ្វី​បានជា​រដ្ឋាភិបាល​កម្ពុជា​សម្រេចចិត្ត​ធ្វើ​យ៉ាង​ដូច្នេះ​? និង​ទី​បី គឺ​ពន្យល់​អំពី​ឆន្ទៈ​របស់​យើង​ដែល​ចង់​លើកតម្កើង​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​។ អ្វីដែល​យើង​ចង់បាន គឺ​គណបក្សប្រឆាំង​មួយ​ដែលមាន​ការទទួលខុសត្រូវ ដែល​មិន​ធ្វើ​ប្រជា​ភិ​ថុ​ត ដែល​មិនចេះ​ញុះញង់​ប្រើ​កម្លាំង​ប្រជាពលរដ្ឋ និង​មិន​ញុះញង់​ឲ្យ​មានការ​រើសអើង​ពូជសាសន៍​។ យើង​ចង់បាន​គណបក្សប្រឆាំង​មួយ​ដែល​ដើរតួ​ជា​អ្នក​រិះគន់​ស្ថាបនា​។ ខ្ញុំ​ហ៊ាន​អះអាងថា សម្តេច ហ៊ុន សែន និង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ពិតជា​យល់​យ៉ាងច្បាស់​ថា មនុស្ស​ទាំងអស់​មិនអាច​មានគំនិត​ដូចគ្នា​នោះទេ​។ នៅក្នុង​សង្គម​ធម្មតា​មួយ វា​ជា​រឿង​ធម្មតា​ដែល​មនុស្ស​មានគំនិត​ផ្ទុយគ្នា ហើយ​ការណ៍​នេះ​ក៏មាន​នៅក្នុង​វិស័យ​នយោបាយ​ដូចគ្នា​ដែរ​។ ប៉ុន្តែ​គេ​ត្រូវគោរព​គ្នា គោរព​ស្ថាប័នរដ្ឋ​។ 
 
​លោក លាង ដឺ​លុច​៖ កាលពី​ថ្ងៃទី​៣​ខែធ្នូ រដ្ឋាភិបាល តាមរយៈ​ក្រសួង​ការ​បរទេស បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែល​បានបង្ហាញ​ពី​ចំណុច​ចាប់ផ្តើម​នៃ​ស្ថានភាព​ធូរស្រាល​នៃ​ភាព​តានតឹង​ក្នុង​បរិយាកាស​នយោបាយ​។ ហេតុអ្វី​បានជា​មាន​សេចក្តីថ្លែងការណ៍​បែបនេះ នៅពេលនេះ​? អ្វី​ជាដើម​ចម​នៃ​សេចក្តីថ្លែងការណ៍​នេះ​?
 
​លោក Raoul-Marc Jennar៖ មូលហេតុ​គឺ​សាមញ្ញ​ទេ​។ វា​ដូច​ជាមាន​ករណី​វះកាត់​ជំងឺ​មួយ បន្ទាប់មក​គឺជា​ស្ថានភាព​ងើបពីឈឺ​របស់​អ្នកជំងឺ​។ គ្រាន់តែ​ថា​នៅ​ចន្លោះ ដំណាក់កាល​វះកាត់ និង​ការ​ងើបពីឈឺ​នេះ វា​មានការ​បោះឆ្នោត​មួយ​។ ជាធម្មតា​ទេ បន្ទាប់ពី​ស្ថានភាព​ងើបពីឈឺ យើង​ចង់បាន​ឲ្យ​អ្វីៗ​មកជា​ប្រក្រតី​វិញ​។ តែ​យើង​ត្រូវការ​ពេលវេលា ដើម្បី​ធ្វើ​អ្វីៗ​ឲ្យ​មក​ធម្មតា​បាន​។

យើង​ត្រូវការ​ឲ្យ​មាន​រដ្ឋសភា​។ បើ​គ្មាន​រដ្ឋសភា យើង​មិនអាច​កែ​ច្បាប់​បានទេ​។ សេចក្តីថ្លែងការណ៍​ប៉ុន្មាន​សន្លឹក​នេះ វា​គឺជា​លទ្ធផល​នៃ​ការងារ​ដ៏​យូរ​ដែល​យើង​បានធ្វើ​។​
 
​លោក លាង ដឺ​លុច​៖ ប៉ុន្តែ​មានមតិ​មួយចំនួន​ដែល​គិតថា ប្រហែល​រដ្ឋាភិបាល​បាន​បារម្ភ​ពី​ការដាក់ទណ្ឌកម្ម​ដែរ​!
 
​លោក Raoul-Marc Jennar៖ សេចក្តីថ្លែងការណ៍​នេះ យើង​បានធ្វើ​វា​ដោយ​ឯករាជ្យ ដោយ​គ្មាន​សម្ពាធ​។ ខ្ញុំ​សូមបញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​មិន​ធ្វើ​អ្វីមួយ​ក្រោម​បញ្ជា​របស់​មហា​អំ​ណា​បរទេស​ណាមួយ​ឡើយ ទោះបីជា សហរដ្ឋអាមេរិក ចិន ឬ​សហភាព​អឺរ៉ុប​។ ពួកគេ​បាន​បានទាមទារ​ឲ្យ​យើង​ដោះលែង​លោក កឹម សុខា ឲ្យ​បាន​មុន​បោះឆ្នោត និង​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​អ្នក​ទាំង​១១៨​។ យើង​យល់ថា ការទាមទារ​នោះ គឺជា​សម្ពាធ​។ ដូច្នេះ យើង​មិនបាន​ធ្វើតាម​ឡើយ​។ រដ្ឋាភិបាល​កម្ពុជា គឺជា​រដ្ឋាភិបាល​អធិប​តេ​យ្យ​។ អ្វីដែល​យើង​ចង់​ស្តីបន្ទោស​សហភាព​អឺរ៉ុប គឺ​ដោយសារតែ​ពួកគេ​មិន​ចង់​ទទួលស្គាល់ថា យើង​គ្រាន់តែ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​ប៉ុណ្ណោះ ដែល​ចែងថា គណបក្សនយោបាយ​មួយ​មិនអាច​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ដោយ​បរទេស​នោះទេ​។ នៅលើ​ពិភពលោក​យើង​នេះ គ្មាន​ប្រទេស​ណាមួយ ពិសេស​នៅ​អឺរ៉ុប យល់ព្រម និង​អនុញ្ញាត​ឲ្យ​គណបក្សនយោបាយ​មួយ​អាច​ទទួលបាន​ការឧបត្ថម្ភ​ពី​រដ្ឋាភិបាល​បរទេស អាច​ទទួលយក​អ្នកជំនាញ​ការបរទេស ដោយមាន​គោលដៅ​ផ្តួលរំលំ​រដ្ឋាភិបាល​ក្នុងស្រុក​តាមរយៈ​វិធី​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​នោះឡើយ​។​


 
​ខ្ញុំ​ក៏​ឭ​ដែរ​ថា រដ្ឋាភិបាល​ប្រហែល​ភ័យខ្លាច​ចំពោះ​ការដាក់ទណ្ឌកម្ម ដូច្នេះហើយ​បានជា​មាន​សេចក្តីថ្លែងការណ៍​នោះ​។ ខ្ញុំ​អាច​និយាយប្រាប់​បាន​ថា មានការ​ប្រជុំពិភាក្សា​ជាច្រើន​រវាង​សម្តេច ហ៊ុន សែន សម្តេច ស ខេង និង​រដ្ឋមន្ត្រី​សំខាន់ៗ​ជាច្រើន ដើម្បី​រក​ដំណោះស្រាយ​ថា តើ​បន្ទាប់ពី​ការវះកាត់ និង​ដំណាក់កាល​ងើបពីឈឺ​នេះ យើង​ត្រូវ​ធ្វើយ៉ាងណា​ដើម្បី​ទទួលបាន​ស្ថានភាព​ធម្មតា​វិញ​នោះ​? ឯកអគ្គរាជទូត​ប៊ែ​ល​ហ្ស៊ិ​ក បាន​និយាយប្រាប់​ខ្ញុំ​ថា «​សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល​នោះ គឺ​ល្អ​ណាស់ ប៉ុន្តែ​ត្រូវមាន​ការអនុវត្ត​ជាក់ស្តែង​»​។ ខ្ញុំ​បាន​ឆ្លើយតប​វិញ​ថា «​ត្រូវគោរព​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​។ បើ​ពួកលោក​កាន់តែ​ដាក់​សម្ពាធ យើង​កាន់តែ​ពន្យា​ពេល​។ យើង​មិន​អាចធ្វើ​អ្វី នៅពេលដែល​គេ​យក​កាំបិត​មក​ភ្ជង់​បំពង់ក​យើង ដូច​ដែរ​ពួកលោក​បានធ្វើ​មុនពេល​បោះឆ្នោត​នោះទេ​! វា​មិនអាច​ទៅរួច​ឡើយ​»​។​
 
លោក លាង ដឺ​លុច​៖ លោក Jennar! លោក​ហាក់ដូចជា​កំពុង​និយាយប្រាប់​ខ្ញុំ​ថា អ្វីៗ​ដែល​កើតឡើង​នៅពេលនេះ ពិសេស​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល គឺជា​អ្វីដែល​គណបក្សកាន់អំណាច​បាន​គូសវាស​ទុក​រួចហើយ​?
 
​លោក Raoul-Marc Jennar៖ ត្រូវ​ហើយ​!
 
​លោក លាង ដឺ​លុច​៖ បានន័យថា បើសិនជា​ដៃគូ​អភិវឌ្ឍ​កាន់តែ​ស្ងប់ស្ងាត់ អ្វីៗ​នឹង​កាន់តែ​ល្អប្រសើរ​?
 
​លោក Raoul-Marc Jennar៖ សំពាធ​កាន់តែ​តិច យើង​ដោះស្រាយ​កាន់តែ​លឿន​។ មានរឿង​មួយទៀត​ដែល​ខ្ញុំ​ត្រូវ​និយាយប្រាប់​លោក ហើយ​វា​មិនមែនជា​រឿង​ដែល​អាចធ្វើ​ក្នុង​មួយថ្ងៃ ឬ​ពីរ​ថ្ងៃ​នោះទេ​។ គឺ​ការសន្ទនា​ជាមួយ​លោក កឹម សុខា​។ លោក សម រង្ស៊ី លែង​ជា​ភាគី​ដែល​យើង​ត្រូវ​រក​ដំណោះស្រាយ​ជាមួយ ទៀតហើយ​។ ខ្ញុំ​ក៏បាន​និយាយប្រាប់​ឯកអគ្គរាជទូត​ប៊ែ​ល​ហ្ស៊ិ​ក​ដែរ​ថា «​មិនចាំបាច់​សុំ​អ្វី​ពី​ពួកយើង​ឲ្យ លោក សម រង្ស៊ី នោះទេ​! ដឹង​តែ​អត់​ហើយ​»​។​
 
​លោក​ដឹង​ទេ​ថា​ហេតុអ្វី​? លោក​នឹកឃើញ​ទេ ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣? ស្ថានភាព​បាន​ឡើងក​ម្តៅ​។ សម្តេច ហ៊ុន សែន បានស្នើ​ឲ្យ​មាន​វប្បធម៌​សន្ទនា​។ អ្វី​មានដំណើរ​ការល្អ​។
ក្រោយមក​មានការ​ទទួល​ទាន​អាហារ​ជា​លក្ខណៈ​គ្រួសារ​រវាង​គ្រួសារ​សម្តេច ហ៊ុន សែន និង​គ្រួសារ លោក សម រង្ស៊ី​។ តែមួយ​សប្តាហ៍​ក្រោយមក នៅក្នុង​សារព័ត៌​មានបារាំង  Libération លោក សម រង្ស៊ី បាន​ជេរ​លោកនាយក​រដ្ឋមន្ត្រី ដោយ​ប្រៀបធៀប​ទៅ សា​ដាម ហ៊ូ​សេន ទៅ​កា​ដា​ហ្វ៊ី ទៅជា​ជន​ផ្តាច់ការ​។​
 
​សម្តេច ហ៊ុន សែន បានទទួល​ការឈឺចាប់​យ៉ាងខ្លាំង នៅពេលដែល​លោក សម រង្ស៊ី ក្បត់ និង​មិន​គោរព វប្បធម៌​សន្ទនា​។ វាបី​ដូចជា​ភាគី​ពីរ​ដែល​ព្រមព្រៀងគ្នា​លើ​អ្វីមួយ ហើយ​មាន​ភាគី​ម្ខាង​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​យ៉ាង​កំរោល​អ៊ីចឹង​ដែរ​។ ខ្ញុំ​ជឿ​ច្បាស់​ក្នុង​ចិត្ត ហើយ​រដ្ឋមន្ត្រី​របស់ខ្ញុំ​ក៏បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ដែរ​ថា ចាប់ពីពេលនេះ​ទៅ គឺ​គ្មាន​ការព្រមព្រៀង​អ្វី​ទៀតឡើយ​ជាមួយ​លោក សម រង្ស៊ី​។ ខុសពី​លោក កឹម សុខា​។​
 
​ទម្រាំ​មកដល់​ដំណាក់កាល​នេះ យើង​បានធ្វើ​ការងារ​ច្រើនណាស់​។ ដូច្នេះហើយ​បានជា​ខ្ញុំ​ចង់​និយាយថា វា​ពិតជា​ខុស ដែលមាន​អ្នកខ្លះ​គិតថា ការចេញ​សេចក្តីថ្លែងការណ៍​កន្លងទៅនេះ គឺ​ដោយសារតែ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ភ័យខ្លាច​ពី​ការគំរាមកំហែង​របស់​សហភាព​អឺរ៉ុប​។ យើង​មាន​របៀប​ធ្វើ​ការងារ​របស់​យើង​។ យើង ដឹង ខ្លួនឯង ថា​យើង​ចង់បាន​អ្វី​៕
 
 

Tag:
 Raoul Jennar
  EBA
  ហ៊ុន សែន​
  កឹម សុខា​
  សម្ពាធ​
© រក្សាសិទ្ធិដោយ thmeythmey.com