ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រឿងរ៉ាវ​អស្ចារ្យ​ទាំងនេះ​នឹង​កើតឡើង​ចំពោះ​រាងកាយ ប្រសិនបើ​អ្នក​ញាំ​ខ្ទឹមស​ឆៅ​ពេល​ពោះ​ទទេរ​រាល់​ព្រឹក​
15, Dec 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្ទឹមស មិន​ត្រឹមតែ​ជា​គ្រឿងផ្សំ​បង្កើន​រសជាតិ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាច​ផ្ដល់​ផល​វិជ្ជមាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចំពោះ​សុខភាព​បាន​! ខ្ទឹមស​ត្រូវបាន​គេ​ចាត់ទុកជា​ឱសថ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​យូរ​មកហើយ តាមរយៈ​សារធាតុ​ផ្សេងៗ​ដែល​វា​មាន​ផ្ទុក​ជួយ​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​បញ្ហា​សុខភាព​។ ទោះបី​មានការ​យល់ឃើញ​ខុសគ្នា​អំពី​ពេលវេលា និង​របៀប​នៃ​ការ​ទទួលទាន​ខ្ទឹមស ប៉ុន្តែ​ការសិក្សា​ស្រាវជ្រាវ​ភាគច្រើន​បង្ហាញថា ខ្ទឹម​សមាន​ប្រសិទ្ធភាព​បំផុត​ពេល​ឆៅ និង​ត្រូវបាន​ទទួលទាន​នៅពេល​ពោះ​ទទេ​។ វា​ដើរតួ​ជា​អង់​ទី​ប៊ី​យូ​ទិ​ក​ធម្មជាតិ​ពេល​ទទួលទាន​មុន​អាហារ​ពេលព្រឹក​។ ខ្ទឹម​ស្រស់ ឬ​ឆៅ មាន​ផ្ទុក​សារធាតុ allicin ច្រើន ហើយ​សារធាតុ​ដ៏​មាន​ឥទ្ធិពល​នេះ​គ្មាន​នៅក្នុង​ខ្ទឹមស​ឆ្អិន​ឡើយ​។



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​ញាំខ្ទឹមស​ឆៅ​ពេល​ពោះ​ទទេរ​រាល់​ព្រឹក ហើយ​ជឿជាក់ថា​បន្ទាប់ពី​អាន​អត្ថបទ​នេះ​រួច អ្នកនឹង​ប្រែជា​ចូលចិត្ត​ទទួលទាន​ខ្ទឹមស​ឆៅ​រាល់ថ្ងៃ​ជាមិនខាន ៖
 
១. ជា​ថ្នាំ​ផ្សះ​ធម្មជាតិ ឬ​អង់​ទី​ប៊ី​យូ​ទិ​ក​
 
​ខ្ទឹមស​ស្រស់ ហើយ​ឆៅ ដើរតួនាទី​ជា​ភ្នាក់ងារ​ធម្មជាតិ​ប្រឆាំងនឹង​ពពួក​បាក់តេរី​។ ក្នុងស្ថានភាព​ឆៅ ខ្ទឹមស មាន​ផ្ទុក​សារធាតុ allicin ដែល​សម្លាប់​វីរុស និង​បាក់តេរី​គួរ​ឲ្យ​កត់សម្គាល់​។ ដូច្នេះ​ការទទួល​ទាន​ខ្ទឹមស​ឆៅ​ត្រឹម ១ កំពឹស នៅមុន​ពេល​អាហារ​ពេលព្រឹក​អាចជួយ​សម្លាប់​មេរោគ​ក្នុង​ក្រពះ​បាន​ប្រកបដោយ​ប្រសិទ្ធិភាព​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ខ្ទឹមស ក៏​ជួយ​កម្ចាត់​ជាតិពុល​គ្រោះថ្នាក់​ចេញពី​រាងកាយ​ផងដែរ ដោយ​វា​ដើរតួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​។​
 
២. បង្កើន​សុខភាព​បេះដូង
 
​ខ្ទឹមស ជួយ​រក្សា​សុខភាព​ស​សៃ​ឈាម​បេះដូង​ល្អប្រសើរ ដោយ​វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ការ​រលាក​ដែល​ជួយ​កាត់បន្ថយ​បញ្ហា​រលាក​ផ្សេងៗ​ក្នុង​ស​សៃ​ឈាម ព្រមទាំង​ទប់ស្កាត់​ការបំផ្លាញ​ដល់​ជ​ញ្ចាំ​ង​ខាង​ក្នុងនៃ​ស​សៃ​ឈាម​ផងដែរ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ទទួលទាន​ខ្ទឹមស​ឆៅ ១ កំពឹស នៅពេល​ពោះ​ទទេរ​មុន​អាហារ​ពេលព្រឹក​នោះ​អ្នកនឹង​ជៀស​ផុតពី​បញ្ហា​កកស្ទះ​ស​សៃ​ឈាម​។​
 
៣. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​
 
​ងាយ​នឹង​គ្រុនផ្ដាសាយ ឬ​កើត​ជំងឺ​ផ្ដាសាយ​មែន​ទេ​? នោះ​ក៏​ព្រោះតែ​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​អ្នក​ចុះខ្សោយ​។ ការ​ទទួលទាន​ខ្ទឹមស ១ កំពឹស នៅពេល​ព្រឹក​អាចជួយ​អ្នក​ទប់​ទល់នឹង​ស្ថានភាព​ទាំងនេះ​បាន​! ខ្ទឹមស ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​មាន​លក្ខណៈ​ប្រសើរឡើង​ជាង​មុនដ​ហើយ​រាងកាយ​អាច​ប្រយុទ្ធប្រឆាំង​ជាមួយ​វីរុស និង​បាក់តេរី​ប្រកបដោយ​ប្រសិទ្ធិភាព​។​
 
៤. គ្រប់គ្រង​សម្ពាធ​ឈាម​
 
​ខ្ទឹមស​ឆៅ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ Allicin ជួយ​គ្រប់គ្រង​កម្រិត​នៃ​សម្ពាធ​ឈាម​។ ខ្ទឹមស​ស្រស់​ឆៅ​ត្រឹម ១ កំពឹស មាន​ផ្ទុក​សារធាតុ Allicin ប្រមាណ​ពី ៥ ទៅ ៩ មី​លី​ក្រាម​ឯណោះ​។​
 
៥. គ្រប់គ្រង​កម្រិត​អាំង​ស៊ុយ​លីន​
 
​ការ​ទទួលទាន​ខ្ទឹមស​ឆៅ​ត្រឹម ១ កំពឹស​តូច​ជាប្រចាំ ក៏​អាចមាន​ប្រយោជន៍​យ៉ាង​ប្រសើរ​សម្រាប់​អ្នក​ដែល​ហត់​នឹង​លេបថ្នាំ​គ្រប់គ្រង​កម្រិត​អាំង​ស៊ុយ​លីន​បានដែរ​។ ខ្ទឹមស មាន​ផ្ទុក​សមាសធាតុ​ម្យ៉ាង​ហៅថា Allyl Propyl disulphides រួមជាមួយ S-allyl cysteine sulfoxide និង allicin ដែល​ធ្វើ​ឲ្យ​ភាពប្រែប្រួល​នៃ​កម្រិត​អាំង​ស៊ុយ​លីន​ក្នុង​ខ្លួន​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ មាន​លក្ខណៈ​ប្រសើរឡើង​។​
 
៦. បង្កើន​មុខងារ​ពោះវៀន​
 
​ខ្ទឹមស​ឆៅ មាន​ផ្ទុក​សារធាតុ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​ធ្វើ​ឲ្យ​មុខងារ​នៃ​ពោះវៀន​ប្រសើរឡើង​ជាង​មុន​។ លើសពីនេះទៅទៀត ខ្ទឹមស​ឆៅ ក៏​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​បាក់តេរី​គ្រោះថ្នាក់​ផ្សេងៗ​ក្នុង​ពោះវៀន​ផងដែរ​។ លើសពីនេះទៅទៀត​ខ្ទឹម​សមាន​ឥទ្ធិពល​លើ​ការបញ្ចេញ​ទឹក​អាស៊ីត​ក្រពះ​អោយបាន​ត្រឹមត្រូវ ហើយ​កាត់បន្ថយ​ការ​រលាក​នៅក្នុង​ប្រដាប់​រំលាយ​អាហារ​។​
 
៧. កម្ចាត់​ជាតិពុល​
 
​ការប្រើប្រាស់​ខ្ទឹមស​ដើម្បី​កាត់បន្ថយ​កម្ចាត់​ជាតិពុល​ផ្សេងៗ​ចេញពី​រាងកាយ គឺជា​រូបមន្ត​ដ៏​ចំណាស់​មួយ​ដែល​ងាយ ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​។ ខ្ទឹមស​ឆៅ មាន​ផ្ទុក​វីតាមីន C ជួយ​ធ្វើ​ឲ្យ​មុខងារ​ថ្លើម​កាន់តែ​ប្រសើរឡើង​។ វា​ក៏​ជួយ​បង្កើន​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ដោយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ក្នុង​ឈាម​ផងដែរ​។ ការ​ទទួលទាន​ខ្ទឹមស​ឆៅ​ពេល​ពោះ​ទទេ​អាច​ជះឥទ្ធិពល​ដល់​ការបញ្ចេញ​ទឹកប្រមាត់ និង​ជម្រុញ​ដល់​មុខងារ​បន្សាប​ជាតិពុល​នៃ​ថ្លើម​ឲ្យ​កាន់តែ​ប្រសើរ​។​
 
៨. ពង្រឹង​សុខភាព​ឆ្អឹង​

​ត្រឹម ១ កំពឹស​តូច​នៃ​ខ្ទឹមស មាន​ផ្ទុក​នូវ​ជាតិ​រ៉ែ​ចាំបាច់ និង​វីតាមីន​ជាច្រើន​។ ជាតិ​រ៉ែ​ទាំងនោះ រួមជាមួយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​អង់ស៊ីម ជួយ​រក្សា​សុខភាព​ឆ្អឹង​រឹងមាំ ជៀស​ផុតពី​ជំងឺ​ពុក​ឆ្អឹង​។​
 
​របៀប​ទទួលទាន​ខ្ទឹមស​ឆៅ ៖  ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញ​ពី​ខ្ទឹមស​ឆៅ ចូរ​ទទួលទាន​យ៉ាងហោចណាស់​ម្ដង​ក្នុង​មួយថ្ងៃ​។​
 
– ដើម្បី​កាត់បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ចូរ​ទទួលទាន​ខ្ទឹមស ៤ កំពឹស​នៅពេល​ព្រឹក​។​
 
– ដើម្បី​ស្រក​ក្បាលពោះ ចូរ​ទទួលទាន​ខ្ទឹមស​ឆៅ​ប៉ុន្មាន​កំពឹស​រាល់​ព្រឹក ជាមួយ​ទឹកក្រូច​ឆ្មារ ១ កែវ​។​
 
– ទទួលទាន​ខ្ទឹមស​ស្រស់​ពី ២ ទៅ ៣ កំពឹស ជាមួយ​បន្លែ​ផ្សេងទៀត​ដើម្បី​ពង្រឹង​សុខភាព​ឆ្អឹង​។​
 
– ដើម្បី​កម្ចាត់​មុន ចូរ​យក​ខ្ទឹមស​ស្រស់ ២ ឬ ៣ កំពឹស​ទៅ​កិន​យក​ទឹក​។ ហើយ​លាបទឹក​ខ្ទឹមស​លើ​មុន និង​រងចាំ​សម្រាប់​រយៈពេល ២ នាទី​សិន សឹម​លាង​ចេញ​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច​។​
 
– ដើម្បី​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល ទទួលទាន​ខ្ទឹមស​ជាមួយ​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com