កីឡាជាតិ
ជាតិ
ទីលាន​បាល់ទាត់​កំពង់ឆ្នាំង​នឹង​ប្រើប្រាស់​សម្រាប់​កម្មវិធី​ប្រកួត​ធំៗ និង​ដាក់​សំណាញ់​ព័ទ្ធជុំវិញ​
14, Dec 2018 , 11:23 am        
រូបភាព
លោក ស សុខា រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា និង​លោកអភិបាលខេត្តកំពង់ឆ្នាំង ឈួរ ច័ន្ទឌឿន ឯកភាពគ្នា​លើការ​ប្រើ​ប្រាស់​ទីលាន​បាល់ទាត់មុខសាលាខេត្ត
លោក ស សុខា រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា និង​លោកអភិបាលខេត្តកំពង់ឆ្នាំង ឈួរ ច័ន្ទឌឿន ឯកភាពគ្នា​លើការ​ប្រើ​ប្រាស់​ទីលាន​បាល់ទាត់មុខសាលាខេត្ត
ដោយ:
​នា​ជំនួប​ពិភាក្សា​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន  និង​កីឡា រួមជាមួយ​ថ្នាក់ដឹកនាំ​ខេត្តកំពង់ឆ្នាំង បាន​រកឃើញ​ដំណោះស្រាយ​ចំនួន​ពីរ​ទាក់ទង​នឹង​ការប្រើប្រាស់​ទីលានកីឡា​បាល់ទាត់​ខេត្ត​កំពង់ឆ្នាំង​។ តារាង​មុខ​សាលាខេត្ត អនុញ្ញាត​ឲ្យ​ប្រើប្រាស់​តែ​កម្មវិធី​កីឡា​ថ្នាក់ជាតិ ឬ​កម្មវិធី​ធំៗ តែប៉ុណ្ណោះ  ដោយឡែក ការហាត់​សម ឬ​លេង​ល្មមៗ ប្រើប្រាស់​ទីលាន​ផ្សេង​មួយទៀត​។ ជាមួយគ្នានេះ តារាង​ត្រូវ​ព័ទ្ធជុំវិញ​ដោយ​សំណាញ់​ដើម្បី​បង្ការ​គ្រោះថ្នាក់​ជាយថាហេតុ​។


 
«​ក្រោយ​យើង​ជួបពិភាក្សា​គ្នា យើង​ទទួលបាន​លទ្ធផល​ដ៏​ល្អប្រសើរ ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា​។ ខ្ញុំ​មិនទាន់​អាច​ប្រាប់​ឲ្យ​ជាក់លាក់​ពីអ្វី​ដែល​យើង​ត្រូវ​រូ​វ​គ្នា​នោះទេ ដោយសារ​យើង​កំពុងធ្វើការ​ងារ​បន្ថែម ដើម្បី​ជំរុញ​ឲ្យ​ការងារ​នេះ​បាន​លទ្ធផល​១០០​ភាគរយ​។ ប៉ុន្តែ​សម្រាប់​ទីតាំង​នេះ​(​ទីលាន​បាល់ទាត់​ខេត្តកំពង់ឆ្នាំង​) នឹងមាន​លទ្ធភាព​រៀប​ចំ​កម្មវិធី និង​ការប្រកួត​ធំៗ​។ តែ​ការហ្វឹកហាត់ គឺ​យើង​មិន​អនុញ្ញាត​នោះទេ ខ្លាច​ប៉ះពាល់​ដល់​សុវត្ថិភាព​ចរាចរណ៍​»​។ នេះ​ជាការ​លើកឡើង​របស់លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា ក្រោយ​ជំនួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តកំពង់ឆ្នាំង ដែល​ដឹកនាំ​ដោយ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ នា​សាលាខេត្ត​កំពង់ឆ្នាំង​។  
 
​រដ្ឋលេខាធិការ​រូបនេះ​បាន​បញ្ជាក់ថា លោក​នឹង​ពិនិត្យមើល​ពី​លទ្ធភាព​ក្នុងការ​អនុញ្ញាត​ឲ្យ​ការហាត់​សម និង​លេង​ល្មមៗ​ដំណើរការ​ឡើងវិញ ក្រោយ​ទីលាន​នេះ​ត្រូវបាន​បំពាក់​សំណាញ់​ជុំវិញ​រួចរាល់​។ ហើយ​លោក ក៏បាន​លើក​ពី​គម្រោង​ជួសជុល​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដាំ​ស្មៅ​ទីលាន​នេះ​ឡើងវិញ​ផងដែរ​។ តែ​លោក មិនទាន់​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​នៅឡើយ​ទេ​។  
 
​កាលពី​ថ្ងៃទី​៣ ធ្នូ ឆ្នាំ​២០១៨ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បានចេញ​សេចក្តីសម្រេច ដោយ​បញ្ឈប់​ឲ្យ​ប្រើប្រាស់​ទីលាន​បាល់ទាត់​មុខ​សាលាខេត្ត​កំពង់ឆ្នាំង ដើម្បី​រៀបចំ​ការប្រកួត​និង​ហ្វឹកហាត់​បាល់ទាត់ ក្រោម​ហេតុផល​ដើម្បី​បង្ហារ​និង​ការពារ​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​។ ចំណាត់ការ​នេះ បាន​ក្លាយជា​ប្រធានបទ​ដ៏​ចម្រូងចម្រាស និង​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​មហាជន ពិសេស​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង​តែម្តង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មាន​អ្នកខ្លះ​បាន​សរសេរ​សារ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន ដើម្បី​សុំ​ការអន្តរាគមន៍​ទៀតផង​។ 
 
​មួយ​សប្តាហ៍​ក្រោយមក​ពោលគឺ​នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ចាត់​គណៈកម្មការ​ជំនាញ​១២​រូប ដែល​ដឹកនាំ​ដោយ​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ ដើម្បី​ចុះទៅ​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​ទីលាន​នេះ​។ ជា​លទ្ធផល​ទីលាន​នេះ ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​ដោយ​អនុញ្ញាត​ឲ្យ​រៀបចំ​តែ​កម្មវិធី​ថ្នាក់ជាតិ និង​ការប្រកួត​ធំៗ និង​ដាក់​សំណាញ់​ព័ន្ធ​ជុំវិញ​ជាដើម​៕​

Tag:
 បាល់ទាត់​
  លោក ស សុខា​
  ខេត្តកំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com