ជាតិ
បទសម្ភាសន៍
«​តុងទីន​» ជា​ពាក្យ​មកពី​ឈ្មោះ​របស់​មន្ត្រី​បារាំង​ម្នាក់
15, Dec 2018 , 1:59 pm        
រូបភាព
ដោយ:
​ពាក្យ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ហៅ​ជាទូទៅ​ថា «​តុងទីន​» ការពិត​មាន​ឫសគល់​ពី​ប្រទេស​បារាំង​។ ពាក្យ​នេះ​គឺ​ក្លាយ​ចេញពី​ឈ្មោះ​របស់​មន្ត្រី​បារាំង​មួយរូប​គឺ​លោក ឡូ​រ៉ង់​ស្សូ តុង​ទី (Lorenzo TONTI) ។


 
​ខាងក្រោម​នេះ​ជាការ​បកស្រាយ​របស់លោក លី វ៉ុ​ង ដែលជា​គ្រូបង្រៀន​ច្បាប់​។ លោក​បាន​សរសេរ​សា​រណា​កម្រិត​បរិញ្ញាបត្រ ស្ដីពី តុងទីន នៅ​ឆ្នាំ​២០១០ និង​បាន​បោះ​ពុ​ម្ភ​ជា​សៀវភៅ​នៅ​ឆ្នាំ​២០១៨ នេះ​។



 
​ក្នុងអំឡុង​សតវត្ស​ទី​១៦ លោក ឡូ​រ៉ង់​ស្សូ តុង​ទី បាន​បង្កើត​គំនិត​ថ្មី​មួយ ដែលជា​គម្រោង​ប្រមូល​ដើមទុន​ពី​សាធារណជន ដើម្បី​ឲ្យ​រដ្ឋាភិបាល​បារាំង​យកប្រាក់​ទាំង​នោះមក​វិនិយោគ​ផ្សេងៗ ខណៈ​ប្រទេសមួយ​នេះ​កំពុង​ជួបប្រទះ​សង្គ្រាម និង​សេដ្ឋកិច្ច​អន់ថយ​។​


 
​តាម​គំនិត​របស់លោក តុង​ទី គឺ​ប្រជាជន​ដែល​ចង់​ចូលរួម​គម្រោង​នេះ ត្រូវ​បង់ប្រាក់​ក្នុង​មូលនិធិ​រួមមួយ រហូតដល់​បាត់បង់​ជីវិត (​ជីវិត​មនុស្ស​)​។ មានន័យថា កូន​តុងទីន​ទាំងអស់ ចេះតែ​បន្ត​បង់ប្រាក់​ចូលក្នុង​មូលនិធិ​រួម​នោះ​ទៅ ហើយ​នៅពេលដែល​សមាជិក​ណា​ម្នាក់​ស្លាប់ នោះគេ​នឹង​យកប្រាក់​ដែល​សមាជិក​តុងទីន​រូបនោះ​បាន​បង់​ទាំង​ប៉ុន្មាន ទៅ​បែងចែក​ឲ្យ​អ្នក​ដែល​នៅរស់​។ គេ​បន្ត​បែងចែក​ដូចនេះ រហូតដល់​កូន​តុងទីន​ចុងក្រោយ​។ ហើយ​ប្រាក់ របស់​អ្នក​ចុងក្រោយ​នេះ ត្រូវ​ក្លាយជា​ថវិការដ្ឋ​។​
 
​នេះ​ជា​តុងទីន​សាធារណៈ ដែល​ត្រូវបាន​អនុវត្ត​នៅ​ប្រទេស​បារាំង ចាប់តាំងពី​សម័យកាល​នោះ​។ សម័យ​ក្រោយមក មាន​ជា​តុងទីន​ឯកជន ដែល​ទម្រង់​លេង​មិន​ខុសគ្នា​ច្រើន​ទេ​។​
​ក្រោយមក​គម្រោង​បែបនេះ ត្រូវបាន​គេ​យកមកប្រើ​នៅ​ចក្រភព​អង់គ្លេស និង​ប្រទេស​ផ្សេងៗ​ទៀត​។​


 
​ម្យ៉ាងវិញទៀត តុងទីន​នេះ គឺជា​ទម្រង់​ដំបូង​នៃ​ជា​មូល​ប​ត្រ​បំណុល​រដ្ឋ (Government Bond) ។​
 
​តុងទីន ត្រូវបាន​អនុវត្ត (​លេង​) នៅក្នុង​សង្គម​ខ្មែរ​មកដល់​បច្ចុប្បន្ននេះ​។ ទោះជា​មិនបាន​ស្រាវជ្រាវ​លម្អិត​ត្រង់ចំណុច​នេះ តែ​លោក លី វ៉ុ​ង បាន​សន្និដ្ឋានថា តុងទីន​នេះ បាន​ហូរ​ចូលមក​កម្ពុជា​នៅ​សម័យ​អាណានិគម​បារាំង​៕

Tag:
 តុងទីន​
  លី វ៉ុ​ង​
© រក្សាសិទ្ធិដោយ thmeythmey.com