អន្តរជាតិ
អាមេរិកចង់ទប់ស្កាត់ឥទ្ធិពលចិននិងរុស្ស៊ីនៅអាហ្វ្រិក តែមិនចង់ចាយលុយធំដូចគេ
× ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ចន ប៊ូលតុន នៅថ្ងៃទី១៣ ខែធ្នូ បានប្រកាសយុទ្ធសាស្ត្ររបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ទ្វីបអាហ្វ្រិក។ លោក ប៊ូលតុន អះអាងថា យុទ្ធសាស្ត្រថ្មីនេះមានគោលដៅទប់ស្កាត់ឥទ្ធិពលចិន និងរុស្ស៊ីនៅអាហ្វ្រិក ខណៈមហាអំណាចទាំងពីរនេះកំពុងបញ្ជ្រៀបឥទ្ធិពលរបស់ខ្លួនពាសពេញទ្វីបមួយនេះ។ ទោះចង់ទប់ស្កាត់គេក្ដី អាមេរិកបែរជាមិនចង់ចំណាយលុយច្រើនទៅវិញ។
សហរដ្ឋអាមេរិកក្រោមរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ហាក់មិនសូវខ្វល់ខ្វាយពីតំបន់អាហ្វ្រិកឡើយ។ អវត្តមានឥទ្ធិពលអាមេរិក ធ្វើឲ្យចិន និងរុស្ស៊ីឆ្លៀតពង្រីកឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំង ដែលធ្វើឲ្យអាមេរិកបារម្ភខ្លាំង។ នៅថ្ងៃទី១៣ ខែធ្នូ លោក ចន ប៊ូលតុន ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ បានដាក់ចេញយុទ្ធសាស្ត្រថ្មីសម្រាប់អាហ្វ្រិក សំដៅទប់ទល់គូប្រជែងទាំងពីរនេះ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋអាហ្វ្រិកផង។
ក្នុងកម្មវិធីនៅឯ Heritage Foundation លោក ប៊ូលតុន បានរិះគន់របៀបអនុវត្តគោលនយោបាយរបស់ចិន និងរុស្ស៊ីនៅទ្វីបមួយនេះតាមវិធីសាស្ត្រជញ្ជក់ឈាមគេ។ លោកបញ្ជាក់ដូច្នេះថា៖ «នយោបាយចិន និងរុស្ស៊ីធ្វើឲ្យកំណើនសេដ្ឋកិច្ចអាហ្វ្រិកជាប់គាំង គំរាមភាពឯករាជ្យហិរញ្ញវត្ថុរបស់ប្រទេអាហ្វ្រិក រារាំងឱកាសរកស៊ីរបស់អាមេរិក លូកលាន់ប្រតិបត្តិការយោធាអាមេរិក និងបង្កការគំរាមកំហែងដល់សន្តិសុខជាតិអាមេរកផង។»
ប្រឈមមុខឥទ្ធិពលចិន និងរុស្ស៊ី អាមេរិកនឹងចំណាយច្រើន និងបង្កើនការចាប់អារម្មណ៍លើទ្វីបមួយនេះ ដែលត្រូវបានចាត់ទុកជាទីលានប្រជែងរវាងអាមេរិក និងគូប្រជែងរបស់ខ្លួនជាពិសេសចិនតែម្ដង។ យ៉ាងណាមិញ មន្ត្រីអាមេរិកដដែលនេះហាក់ទទួលស្គាល់ថា ធនធានរបស់អាមេរិកនៅមានកម្រិតក្នុងការប្រកួតប្រជែងជាមួយចិនដែលសម្បូរដោយលុយមិនសូវខ្វះ។ សម្រាប់អាហ្វ្រិក ក្រុងវ៉ាស៊ីនតោននឹងចាយត្បិតត្បៀតច្រើនជាងមុន និងកាត់ផ្ដាច់ជំនួយដែលមិនមានប្រសិទ្ធភាព។
បើតាមកាសែត The New York Times ទីប្រឹក្សាលោក ត្រាំ រូបនេះ ក៏គំរាមដកជំនួយអាមេរិកពីកញ្ចប់ថវិកាបេសកកម្មរក្សាសន្តិភាពនៅតាមប្រទេសអាហ្វ្រិកខ្លះដែលលោកយល់ថា មិនសូវបានការអ្វីសោះដូចជានៅស៊ូដង់ខាងត្បូងជាដើម។ លោកចាត់ទុករដ្ឋក្មេងខ្មីមួយនេះថា ជាប្រទេសពុករលួយ និងមិនចេះដឹងគុណ។
ការសូវយកចិត្តទុកដាក់របស់រដ្ឋបាលលោក ត្រាំ លើទ្វីបអាហ្វ្រិកនាពេលកន្លងមក បានក្លាយជាឱកាសល្អសម្រាប់ចិនក្នុងពង្រីកឥទ្ធិពលរបស់ខ្លួន។ តាមរយៈការផ្ដល់ជំនួយ កម្ចីប្រាក់រាប់ពាន់លានដុល្លារ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ធ្វើឲ្យចិនអាចឈរជើងបាននៅតំបន់មួយនេះ។ ប៉ុន្តែការព្រួយបារម្ភក៏កើនឡើងដែរក្នុងចំណោមប្រទេសអាហ្វ្រិកខ្លះចំពោះអនាគតរបស់ខ្លួន ជាពិសេសបញ្ហាបំណុលតែម្ដង ខណៈមានបទពិសោធនៅប្រទេសខ្លះដែលត្រូវប្រគល់ឲ្យចិនគ្រប់គ្រងនូវទ្រព្យសម្បត្តិមួយចំនួន ព្រោះគ្មានលទ្ធភាពសងបំណុល៕
Tag:
អាហ្វ្រិក
ចិន
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com