បាត់ដំបង: រយៈពេលជាង ៤ឆ្នាំហើយដែលលោក ញែក ចំរើន និង ប្រពន្ធ បានប្រកបមុខរបរបណ្តុះផ្សិតចំបើងលក់។ ផ្សិតចំបើងរបស់លោកតាវ័យ៧២ឆ្នាំរូបនេះ ភាគច្រើនលក់ឲ្យទៅម៉ូយរបស់គាត់ ដែលគេយកទៅលក់បន្ត នៅតាមផ្សារបាត់ដំបង។ ក្នុង១មួយខែលោក ញែក ចំរើន អាចរកចំណូលបានពីអាជីវកម្មមួយនេះ ជាង២ពាន់ដុលា្លរ។
លោក ញែក ចំរើន និង អ្នកស្រី យ៉ែម យឺត រស់នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្រកបរបរបណ្តុះផ្សិតចំបើងចំនួន៤ឆ្នាំមកហើយ ដែលបច្ចុប្បន្ននេះគាត់មានរោងផ្សិតដល់ចំនួន១១រោង។ ដើម្បីបណ្ដុះផ្សិតយកផលលក់នោះ ប្តីប្រពន្ធរូបនេះ ត្រូវចំណាយថវិកាទៅលើការធ្វើរោង និងគ្រឿងផ្សំ អស់ជាង១៥០០ដុល្លារ ដោយរួមមានស្បូវ ,ឫស្សី,ចំបើង,សំបកសណ្ដែកបាយ,កំបោរ,ឈើមេផ្សិតផងដែរ។
តាមរយៈរបរបណ្ដុះផ្សិតចំបើងលក់ ដែលគ្រួសារលោក ញែក ចំរើន បានអនុវត្តជាប្រចាំថ្ងៃកន្លងមក អាចធ្វើឲ្យពួកគាត់រកចំណូលបានជាង ២ពាន់ដុលា្លរក្នុងមួយខែ ពីអាជីវកម្មមួយនេះ ។ ហើយនៅខែខ្លះ គ្រួសារដែលមានកូន៣នាក់នេះ អាចរកចំណូលបានរហូតដល់៦ពាន់ដុល្លារទៀតផង។
ថ្លែងប្រាប់ Thmey Thmey 25 លោកតាវ័យ៧២ឆ្នាំរូបនេះ បានបញ្ជាក់ដូច្នេះថា ៖«ក្នុងមួយថ្ងៃគាត់អាចលក់ផ្សិតចំបើងនេះបានចន្លោះ៦០ទៅ៧០ម៉ឺនរៀល អាស្រ័យទៅលើផ្សិតដុះច្រើនឬតិច។ ហើយបើលក់ទូទៅផ្សិត ១គីឡូក្រាមតម្លៃ១២០០០រៀល»។
ដើមឡើយលោក ញែក ចំរើន ចាប់ផ្ដើមប្រកបរបរបណ្ដុះផ្សិតចំបើង មុនដំបូងចំនួន១រោងប៉ុណ្ណោះ។ប៉ុន្តែដោយសារតែរបរបណ្ដុះផ្សិតចំបើងនេះ ធ្វើឲ្យជីវភាពកាន់តែល្អប្រសើរនោះ លោកតា ញែក ចំរើន ក៏សម្រេចពង្រីករោងបណ្ដុះផ្សិតជាបន្តបន្ទាប់ រហូតដល់មានរោងចំនួន១១ នៅក្នុងដៃ។
និយាយដោយមិនលាក់លៀមលោកតាវ័យ៧២ឆ្នាំ ដែលចេះរបៀបបណ្តុះផ្សិតចំបើងពីបងប្អូនរបស់ខ្លួនកាលពីជាង៤ឆ្នាំមុននោះ បានពន្យល់ពីបច្ចេកទេសការបណ្ដុះផ្សិតនេះថា មុននឹងអាចទទួលបានផលនេះ គឺគាត់ត្រូវយកវត្ថុធាតុដើម នៃធាតុផ្សំរបស់វាសិន ដែលក្នុងនោះរួមមាន ចំបើង , សំបកសណ្ដែកបាយ, កំបោរ, និងមេផ្សិតមកលាយបញ្ចូលគ្នា ទើបអាចយកទៅដាក់បណ្ដុះបានជាផ្សិត។ គ្រឿងផ្សំទាំងនេះគឺលោក ចំរើន ត្រូវចំណាយប្រាក់ទិញម្ដង អស់ប្រមាណ១៥០០ដុល្លារ។
ក្រោយពីមានធាតុផ្សំគ្រប់ហើយ លោក ចំរើន ត្រូវយកចំបើងទៅត្រាំទឹក១យប់ឬ២យប់ ហើយយកមកផ្អាប់ទុក១ថ្ងៃរួចយកមកមូល ដោយត្រូវលាយជាមួយសំបកសណ្ដែកបាយ កំបោរ និងមេផ្សិតរួចនោះ ទើបតម្រៀបជិតៗគ្នាដាក់លើរានជាជួរនៅក្នុងរោង ដោយត្រូវថែទាំយ៉ាងយកចិត្តទុកដាក់បំផុត ជាពិសេសការគ្រប់គ្រងសីតុណ្ហភាពជាដើម ដើម្បីឲ្យផ្សិតដុះចេញមកល្អ៕