ជាតិ
លោក ស៊ុន ចាន់ថុល៖ រដ្ឋត្រូវខាតបង់លុយរាប់លានដុល្លារ លើករណីរំលោភចំណីផ្លូវ
× ភ្នំពេញ៖ ករណីរំលោភចំណីផ្លូវ នៅតែជាបញ្ហាលំបាកសម្រាប់អាជ្ញាធរដោះស្រាយ។ បញ្ហានេះ តែងតែកើតឡើងនៅពេលដែលរដ្ឋាភិបាល ចាប់ផ្ដើមអនុវគោលការណ៍ពង្រឹកផ្លូវថ្នល់។ រដ្ឋាភិបាល ខាតបង់ថវិការាប់លានដុល្លារ លើបញ្ហារំលោភចំណីផ្លូវនេះ។
រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាននិយាយថា ក្រសួងតែងតែជួបបញ្ហាលំបាកនៅពេលពង្រីកផ្លូវម្ដងៗ ដោយសារតែពលរដ្ឋខ្លះ មិនព្រមរើចេញពីដីចំណីផ្លូវ ខណៈដែលពួកគាត់មករំលោភលើដីរបស់រដ្ឋ ហើយទាមទារឲ្យក្រសួងសងសំណងទៅលើពួកគេ។ ដោយសារតែបញ្ហានេះហើយ ទើបរដ្ឋាភិបាលបានចំណាយថវិកាអស់រាប់លានដុល្លារ ដើម្បីដោះស្រាយបញ្ហារំលោភចំណីផ្លូវនេះ។
ថ្លែងក្នុងពិធីដាក់ឲ្យដំណើរការជាផ្លូវការកម្មវិធីថែទាំផ្លូវ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងសាធារណៈការរូបនេះ បាននិយាយថា៖ « យើងសុំឲ្យពួកគាត់រើចេញ គាត់មិនរើចេញទៀត ពេលយើងធ្វើផ្លូវម្ដងៗ ចំណីផ្លូវរបស់យើងសោះ តែពេលត្រូវពង្រីកផ្លូវ ផលប៉ះពាល់ត្រូវសងគាត់រាប់លានដុល្លារអាមេរិក ។បើមិនសង់ទេ សិទ្ធិមនុស្សនិយាយតែផ្ដេសតែផ្ដាស អង្គការក្រៅរដ្ឋាភិបាលនៅពីក្រោយខ្នងទៀត ហើយបើមានអ្នកញុះញង់នៅពីក្រោយទៀតវីវរតែម្ដង ។ផ្លូវយើងសោះ ដីរបស់រដ្ឋយើងសោះ គាត់យកទៅធ្វើកន្លែងលក់ដូរ ដល់ពេលរើត្រូវសងរាប់លានដុល្លារ អ៊ីចឹងយើងត្រូវអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់មែនទែន»។
ជាមួយគ្នានេះលោក ស៊ុន ចាន់ថុល ស្នើដល់អាជ្ញាធរអនុវត្តច្បាប់ចំណីផ្លូវឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយការពារផ្លូវ មិនឲ្យខូចមុនពេលកំណត់ ជាពិសេសទប់ស្កាត់ការរំលោភចំណីផ្លូវជាដើម។ « ខ្ញុំសូមសំណូមពរដល់អជ្ញាធរដែនដីទាំងអស់ សូមមេត្តាអនុវត្តច្បាប់ចំណីផ្លូវដែលមានស្រាប់ មិនអាចប្រើប្រាស់ចំណីផ្លូវជាកន្លែងលក់ដូរបានទេ ហើយមិនអាចសង់ផ្ទះរបស់គាត់ខ្ពស់ជាងផ្លូវបានទេ ទឹកហូរអត់ចូលលូ វាហូរលើផ្លូវរបស់យើង ដែលធ្វើឲ្យផ្លូវរបស់យើងខូចខាត យើងសង្ឃឹមថាអាជ្ញាធរទាំងអស់អនុវត្តតាមច្បាប់ ដែលយើងមានជាធរមាន»។ នេះជាការអំពាវនាវរបស់អាជ្ញាធរ។
មាត្រា៨ ក្នុងអនុក្រឹតស្តីពី ការគ្រប់គ្រងដីចំណីតាមបណ្ដោយផ្លូវជាតិ និងផ្លូវរថភ្លើង នៃព្រះរាជាណាចក្រកម្ពុជាចែងថា ដីចំណីផ្លូវ ត្រូវបានកំណត់សម្រាប់បម្រើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័នរូបវន្ត ដូចតទៅ៖ ផ្លូវជាតិកម្រិត១ ដីចំណីផ្លូវមានប្រវែង៣០ម៉ែត្រពីសងខាងអ័ក្សផ្លូវ។ ផ្លូវជាតិកម្រិត២ ដីចំណីផ្លូវមានប្រវែង ២៥ម៉ែត្រ ពីសងខាងអ័ក្សផ្លូវ៕
Tag:
ចំណីផ្លូវ
លោក ស៊ុន ចាន់ថុល
ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com