ជាតិ
សង្គមជាតិ
រដូវ​ធ្វើ​ប្រហុក ផ្អក​! ត្រី​ប្រា ត្រី​រៀល និង​ត្រី​ស្លឹក​ឫ​ស្សី កំពុង​ត្រូវប៉ាន់
14, Dec 2018 , 8:59 pm        
រូបភាព
រូបភាព​ប្រជាពល​រដ្ឋកំពុង​ទិញ​ត្រី​សម្រាប់​ធ្វើ​ប្រហុក នៅ​កំពុង​ផែ​នេសាទត្រី​គីឡូ​ម៉ែត្រ​លេខ​៩ ខណ្ឌឬស្សី​កែវ រាជធានី​ភ្នំពេញ​
រូបភាព​ប្រជាពល​រដ្ឋកំពុង​ទិញ​ត្រី​សម្រាប់​ធ្វើ​ប្រហុក នៅ​កំពុង​ផែ​នេសាទត្រី​គីឡូ​ម៉ែត្រ​លេខ​៩ ខណ្ឌឬស្សី​កែវ រាជធានី​ភ្នំពេញ​
ដោយ:
​ភ្នំពេញ​៖ រដូវ​កាល​ធ្វើ​ប្រហុក ផ្អក មកដល់ ប្រជា​នេសាទ​បាន​ប្រមូល​ផល​ត្រី​ប្រា ត្រី​រៀល និង​ត្រី​ស្លឹក​ឫ​ស្សី សម្រាប់​ដាក់លក់​ដល់​សាធារណៈជន​។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​កំពង់ផែ​គីឡូម៉ែត្រ​លេខ​៩ ខណ្ឌ​ឫស្សី​កែវ និង​អ្នក​នៅ​ទី​ឆ្ងាយ ក៏​ប្រញាប់ប្រញាល់​មក​ទិញ​ត្រី​សម្រាប់​ទុក​ធ្វើ​ប្រហុក ដើម្បី​ទុក​បរិភោគ​ក្នុង​ក្រុមគ្រួសារ​ពេញ​មួយឆ្នាំ ហើយ​អ្នកខ្លះ​ទិញ​ត្រី​សម្រាប់ធ្វើ​ប្រហុក ដើម្បី​យកទៅលក់​បន្ត​នៅតាម​ទីផ្សារ​ផងដែរ​។​


 
​លោកស្រី វ៉ន អាយុ​៦៣​ឆ្នាំ បានធ្វើ​ដំណើរ​ពី​ខេត្តកំពង់ស្ពឺ ដើម្បី​មក​ទិញ​ត្រី​៥០​គីឡូក្រាម សម្រាប់​យកទៅ​ធ្វើ​ប្រហុក​។ ប្រហុក​ដែល​លោកស្រី​ធ្វើ​ដោយ​ផ្ទាល់ដៃ​ខ្លួនឯង ដោយ​ទុក​សម្រាប់​បរិភោគ​ប៉ុណ្ណោះ ពោលគឺ​មិនមែន​លក់​ឡើយ​។ មូល​ហេតុដែល​លោកស្រី វ៉ន ទិញ​ប្រហុក​ធ្វើ​ដោយ​ដៃ​ខ្លួនឯង​នេះ ព្រោះ​លោកស្រី​គិតពី​សុវត្ថិភាព និង​សុខភាព​សម្រាប់​គ្រួសារ​លោកស្រី ។ កំពុងតែ​ខ្ចប់​ត្រី​សម្រាប់ធ្វើ​ប្រហុក​ដាក់​ក្នុង​ការុង លោកស្រី វ៉ន បាន​និយាយថា​៖ «​អុំ​ធ្វើ​ត្រី​ប្រហុក​នេះ ទុក​ហូប និង​ទុក​ចែក​កូន ចែក​ចៅ ម្នាក់​១០​គីឡូៗ​ផងដែរ​»​។​

 

​ពលរដ្ឋ​ម្នាក់ទៀត​ជា​អ្នករស់នៅ​ម្តុំ​ទួល​សង្កែ គឺ​លោកស្រី ឈួន ច​ន្ធី ក៏​ជា​អ្នក​មក​ទិញ​ត្រី​ធ្វើ​ត្រី​ប្រហុក​ផងដែរ​។  លោកស្រី ច​ន្ធី និយាយថា លោកស្រី​តែងតែ​មក​ទិញ​ត្រី​ប្រហុក​ជា​រៀងរាល់ឆ្នាំ មិនដែល​ខាន​ទេ ដោយសារតែ​គិតពី​សុខភាព ទើប​អ្នកស្រី​សម្រេចចិត្ត​ធ្វើ​ត្រី​ប្រហុក​នេះ​ខ្លួនឯង​។ «​យើង​ចេះតែធ្វើ​ទុក​ទៅ ពេលណា​ត្រូវ​ហូប​បាន​យើង​ហូប​ទៅ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី ឈួន ច​ន្ធី​។ 


 
​ចំណែក​អ្នកស្រី ឈួន ម៉ា​រ៉ា ក៏បាន​មក​ទិញ​ត្រី​៦០​គីឡូក្រាម​នៅ​បែ​ត្រី ក្រោយ​ឮ​ដំ​ណឺង​ថា ឆ្នាំនេះ​សម្បូរ​ត្រី​។ មាន​វ័យ​៦២​ឆ្នាំ ទើបតែ​សម្រេចចិត្ត​ធ្វើ​ត្រី​ប្រហុក​នេះ រយៈពេល​២​ឆ្នាំ​តែប៉ុណ្ណោះ សម្រាប់​ឲ្យ​កូនចៅ​ទុក​ធ្វើ​ម្ហូប​។​


 
​លោកស្រី កោ រ៉​ហា​នី អ្នក​ចែកចាយ​ត្រី​ប្រហុក ទើបតែ​ចាប់ផ្តើម​ប្រមូល​ត្រី​នៅ​ថ្ងៃ​ដំបូង នា​ថ្ងៃទី​១៤ ខែ​ឆ្នូ  បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ឆ្នាំនេះ​មាន​ត្រី​ច្រើន ដោយសារតែ​អត់​មាន​ភ្លៀង​ធ្លាក់​។ កំពុងតែ​ញាប់ដៃ​ញាប់ជើង​ថ្លឹង​ត្រី​ឲ្យ​អតិថិជន​ដែល​ចុះមក​ទិញ​ត្រី​នៅ​កំពង់ផែ​នេសាទ​ត្រី​គីឡូម៉ែត្រ​លេខ​៩ លោកស្រី រ៉​ហា​នី បញ្ជាក់ថា​៖«​មើលទៅ​ឆ្នាំនេះ ការប្រមូល​ត្រី រៀង​គ្រាន់​ជាង​ឆ្នាំមុន ហើយ​ត្រី​ក៏​ល្អ ហើយ​ធំៗ ហើយ​យើង​សង្ឃឹមថា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត នឹងមាន​ត្រី​ធ្លាក់​មក​ច្រើន អ៊ីចឹង​សុំ​ឲ្យ​កុំ​តែមាន​ភ្លៀង​ទៅបាន​ហើយ ពេលណា​មាន​ភ្លៀង​ត្រី​វា​អត់​ចុះ​ទេ​»​។ 


 
​មានរ​បរជា​អ្នក​ចែកចាយ​ត្រី​សម្រាប់ធ្វើ​ប្រហុក​ជិត​៣០​ឆ្នាំ លោកស្រី រ៉​ហា​នី បាន​ប្រាប់ថា អ្នកស្រី​ប្រមូលបាន​ត្រី​នៅ​ថ្ងៃ​ដំបូង​បាន​ប្រមាណ​៤​តោន សម្រាប់​លក់​ទៅ​ឲ្យ​ប្រជា​នេសាទ ឬ​ពលរដ្ឋ​រស់នៅ​តាម​ទីផ្សារ និង​អ្នក​ប្រកបមុខរបរ​ធ្វើ​ប្រហុក​។ អ្នកស្រី​បញ្ជាក់ទៀតថា​៖«​ថ្ងៃនេះ​ប្រមូលបាន​ច្រើន​គួរសម ហើយ​ខ្ញុំ​បាន​វៃ​ត្រី​បាន​៣​ទៅ​៤​តោន​ហើយ សម្រាប់​លក់​ឲ្យ​អ្នករស់នៅ​តាម​ស្រុកស្រែ​សម្រាប់ធ្វើ​ប្រហុក​។ ត្រី​សម្រាប់ធ្វើ​ប្រហុក​នោះ​មានតម្លៃ​២០០០​រៀល និង​ត្រី​ដែល​កាត់​ក្បាល​ហើយ​មានតម្លៃ​៣៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​»​។ 


 
​ជាមួយគ្នា​ផងដែរ រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ស្រ៊ុន លឹម​សុខ បានចេញ​សេចក្តីជូនដំណឹង​ដល់​ពលរដ្ឋ​ដែលមាន​បំណង​ចង់​ធ្វើ​ត្រី​ប្រហុក ផ្អក ត្រីឆ្អើរ ទាំងអស់ រួសរាន់​ប្រកបមុខរបរ​របស់ខ្លួន ឲ្យ​ទាន់ពេល​ពេល​មាន​ផ្ទៃមេឃ​ស្រឡះ​ល្អ និង​គ្មាន​ភ្លៀង​កក់ខែ​។ បើតាម​រដ្ឋបាល​ជលផល​ដដែល បញ្ជាក់ថា ឆ្នាំនេះ​កម្ពស់​ទឹក​នៅក្នុង​បឹង​ទន្លេសាប​ស្រក​ទឹក​លឿន និង​លំហូរ​ទឹក​នៅតាម​ទន្លេសាប​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល មាន​លក្ខណៈ​ល្អប្រសើរ ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​នេសាទ​ត្រី​បាន​ច្រើនជាង​រាល់​ឆ្នាំ​៕
 
 

Tag:
 ត្រី​
 ​ប្រហុក
© រក្សាសិទ្ធិដោយ thmeythmey.com