អន្តរជាតិ
ការវិនិយោគ​បរទេស​នៅ​ចិន​ធ្លាក់ចុះ​យ៉ាងគំហុក មុន​ការផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​
14, Dec 2018 , 9:59 pm        
រូបភាព
ដោយ:
​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​នៅក្នុង​ប្រទេស​ចិន (FDI) បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ក្នុង​ខែវិច្ឆិកា ស្រប​ពេលដែល​កង្វល់​ជុំវិញ​សម​ភូមិ​ពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋ​មេ​រិ​ក​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​វិនិយោគិន​បរទេស​។ ការធ្លាក់ចុះ​នេះដែរ​ក៏បាន​កើតឡើង នៅ​មុនពេល​ការផ្អាក​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង​ទៅទៀត​។​

 
​យោងតាម​ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម​ចិន នៅ​ថ្ងៃទី​ព្រហស្បតិ៍ ទី​១៣ ខែធ្នូ ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​ក្នុងប្រទេស​ចិន ក្នុង​ខែវិច្ឆិកា មាន​ទំហំ​ទឹកប្រាក់​ស្មើនឹង ១៣,៦​ពាន់​លាន​ដុល្លារ​។ ចំនួន​នេះ បាន​ធ្លាក់ចុះ​ដល់​ទៅ ២៧,៦ ភាគរយ​ឯណោះ បើ​ធៀប​ទៅនឹង​ពេលវេលា​ដូចគ្នា កាល​ឆ្នាំ​២០១៧​។ 
 
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ការធ្លាក់ចុះ​យ៉ាង​លឿន​នេះ​បានកើត​ឡើង នៅមុន​ប្រធានាធិបតី​ចិន ស៊ី ចិន​ភីង និង​សម​ភាគី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​យល់ព្រម​បង្កើត​បទ​ឈប់​បាញ់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ចំនួន ៩០​ថ្ងៃ អំឡុង​ជំនួប​ក្រៅ​កិច្ចប្រជុំ​កំពូល  G-20 នា​រដ្ឋធានី Buenos Aires  អា​ហ្ស​ង់​ទីន កាលពី​ថ្ងៃទី​០១ ខែធ្នូ ថ្មីៗ​នេះ​។​
 
​ទាក់ទិន​នឹង​ទិន្នន័យ​ចុងក្រោយ​នេះ  អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន Gao Feng បាន​ថ្លែង​បញ្ជាក់ថា​៖ «​មូលហេតុ​នៃ​ការធ្លាក់ចុះ​យ៉ាងគំហុក​នៅក្នុង​ខែវិច្ឆិកា​នេះ​គឺ​មកពី ការប្រៀបធៀប​រវាងរ​យៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន មាន​កម្រិត​ខ្ពស់​ពេក​»​។ 
 
​យ៉ាងណាមិញ អ្នកជំនាញ​សេដ្ឋកិច្ច បាន​លើកឡើងថា ការថយចុះ​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​ក្នុង​ចិន​គឺ​មិនអាច​ជៀសផុត​នោះឡើយ ដ្បិតថា ឥទ្ធិពល​មកពី​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​វ៉ាស៊ីនតោន ប៉ះពាល់​ដល់​ទំនុកចិត្ត​ធ្វើ​ជំនួញ​របស់​ពួក​វិនិយោគិន​បរទេស​។​
 
​បើតាម​សារព័ត៌មាន​ហុងកុង South China Morning Post  លោក Shen Jianguang  ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ JD ក្នុង​ទីក្រុង​ប៉េកាំង បាន​គូសបញ្ជាក់ថា រូបភាព​ដែល​ពិភពលោក​បានឃើញ​ពាក់ព័ន្ធ​នឹង​ការដំឡើង​ពន្ធ​ទៅវិញទៅមក រវាង​មហាអំណាច​សេដ្ឋកិច្ច​ទីមួយ និង​ទី​ពីរ គឺជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ បណ្តា​ក្រុមហ៊ុន​បរទេស​ភ័យខ្លាច​ក្នុងការ​ដាក់​វិនិយោគទុន ក្នុង​ចិន​នាពេល​បច្ចុប្បន្ននេះ​។ 
 
​សង្គ្រាម​ពាណិជ្ជកម្ម​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ការវិនិយោគ​បរទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កំពុង​បង្ខំ​ក្រុមហ៊ុន​មួយចំនួន​ក្នុង​សង្វាក់​ផ្គត់ផ្គង់​ឧស្សាហកម្ម ផ្លាស់ប្តូរ​រោងចក្រ​របស់ខ្លួន​ចេញពី​ចិន​ថែម​ទៀតផង​។ ហើយ​ការផ្លាស់ប្តូរ​ទីតាំង​របស់​ក្រុមហ៊ុន​បរទេស​ពី​ចិន​បែបនេះ នឹង​បង្កើត​ផលប៉ះពាល់​កាន់តែខ្លាំង​ថែមទៀត​ទៅលើ​សេដ្ឋកិច្ច​ទំហំ​១២ ទ្រី​លាន​ដុល្លារ​របស់​ចិន​។ នេះ​ជាការ​អះអាង​របស់លោក Shen Jianguang​។ អ្នកជំនាញ​រូបនេះ បាន​ពន្យល់​ទៀតថា​៖ «​នេះ​ជា​ហេតុផល​ដែល​ចិន​កំពុង​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​ឈានដល់​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​»​។ 
 
​គួរ​ឲ្យ​ដឹង​ដែរ​ថា ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​ក្នុងប្រទេស​ចិន ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០១៨​នេះ បាន​ធ្លាក់ចុះ ១,២​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំមុន ដែល​ស្មើនឹង​ទំហំ​ទឹកប្រាក់​ប្រមាណ ១១៥,៣​ពាន់​លាន​ដុល្លារ​៕

Tag:
 សង្គ្រាម​ពាណិជ្ជកម្ម សេដ្ឋកិច្ច​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com