មហាអំណាចសេដ្ឋកិច្ចទីពីរ ចិន បានរិះគន់ និងទាមទារឲ្យបណ្តាប្រទេសអ្នកមានទាំងអស់សង«បំណុល»ទៅកាន់ពិភពលោកវិញជុំវិញការបំពុលបរិយកាស និងបង្កឲ្យមានការប្រែប្រួលអាកាសធាតុពិភពលោក។ សម្តីរិះគន់របស់ចិនធ្វើស្របពេលដែលតំណាងប្រជាជាតិជិត ២០០ កំពុងបន្តចរចាគ្នានៅ ប៉ូឡូញ ដើម្បីឈានទៅបញ្ចប់សៀវភៅណែនាំសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសដែលនឹងត្រូវចូលជាធរមានចាប់ពីឆ្នាំ ២០២០តទៅ។
ទំនងជារងសម្ពាធខ្លាំងលើការឈានទៅអនុវត្តប្តូរជំហរលើការកំណត់បទបញ្ញត្តិពាក់ព័ន្ធសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងអាកាសធាតុ ក្រុងប៉េកាំងបានទិតៀនប្រទេសអភិវឌ្ឍដែលមិនមានឆន្ទៈគ្រប់គ្រាន់ក្នុងការបន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងទាមទារឲ្យពួកគេបង្កើនជំនួហិរញ្ញវត្ថុដើម្បីសងបំណុលដែលគេជំពាក់ដោយបានបំពុលពិភពលោករាប់សវត្សមកនេះ។
ទីភ្នាក់ងារព័ត៌មាន AFP ផ្សាយថា ការរិះគន់របស់តំណាងរដ្ឋាភិបាលចិនលើប្រទេសសេដ្ឋកិច្ចរីកមច្រើននេះធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នាទីក្រុង Katowice រដ្ឋធានីនៃប្រទេសប៉ូឡូញ ដែលជាទីកន្លែងសន្និសីទប្រែប្រួលអាកាសធាតុអង្គការសហប្រជាជាតិ លើកទី ២៤ (COP24) កំពុងបន្តដំណើរការ។
ប្រធានប្រតិភូចូលរួមចរចារបស់ក្រុងប៉េកាំង រដ្ឋមន្ត្រី Xie Zhenhua បាននិយាយដូច្នេះ៖«ប្រទេសកំពុងអភិវឌ្ឍមិនរីករាយ និងមានផាសុខភាពឡើយ។ យើងចាំបាច់ត្រូវឃើញថា ប្រទេសអភិវឌ្ឍគោរពការប្តេជ្ញាចិត្តរបស់ខ្លួនបានត្រឹមត្រូវ។ នៅប្រទេសមួយចំនួនមិនចាប់ផ្តើមប្រឹងប្រែងជួយដោះស្រាយ និងផ្តល់ការគាំទ្រហិរញ្ញវត្ថុដល់ប្រទេសក្រីក្រសោះ។ យើងស្នើសុំយ៉ាងទទូចឲ្យពួកគេសងបំណុលដែលគេជំពាក់មកវិញពេលនេះ»។
តាមពិតទៅ នាសន្និសីទកំពូលប្រែប្រួលអាកាសធាតុនៅពេលនេះមានតំណាងប្រជាជាតិប្រហែល ១៩៧ ចូលរួម ហើយគោលដៅចម្បងនៃការចរចាឆ្នាំនេះគឺ បញ្ចប់ការចរចាសៀវភៅណែនាំក្នុងការអនុវត្តកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥។ សៀវភៅណែនាំនឹងផ្តោតលើការតាមដាន វាយតម្លៃ និងកំណត់ពីវិធីសាស្ត្រផ្គត់ផ្គង់ហិរញ្ញវត្ថុសម្រាប់ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសាកលនេះដូចគ្នា។
-រដ្ឋអ្នកមានត្រូវការស្តង់ដារត្រឹមត្រូវ ឯអ្នកក្រចង់បានភាពបត់បែនក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់
ការចរចាក្នុងក្របខណ្ឌអង្គការសហប្រជាជាតិកំពុងប្រឈមការជាប់គាំងដោយសារការខ្វែងគំនិតគ្នារវាងប្រទេសអ្នកមាន និងអ្នកក្រលើការឈានទៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់បញ្ចេញទៅបរិយាកាសឲ្យបានជោគជ័យតាមពេលកំណត់ និងមានស្តង់ដាត្រឹមត្រូវដើម្បីវាយតម្លៃនិងតាមដានការអនុវត្តដដែលនេះ។
បណ្តាប្រទេសអ្នកមានជាពិសេសសហភាពអឺរ៉ុបចង់បានការកំណត់ស្តង់ដាត្រឹមត្រូវលើការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងតាមដាន វាយតម្លៃលើការអនុវត្តជាទូទៅកិច្ចព្រមព្រៀងអាកាសធាតុ។ អឺរ៉ុបក៏បារម្ភដែរ ថាប្រទេសសេដ្ឋកិច្ចធំដូច ចិនដែលស្ថិតក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍដែរនោះមិនទទួលយកស្តង់ដារធានាតម្លាភាពក្នុងគ្រប់គ្រង និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួនទៅកាន់បរិយាកាសឡើយ។
ឯប្រទេសក្រីក្រវិញអះអាងថា ខ្លួនចង់បានការបន្ធូរបន្ថយខ្លះដ្បិតថា វាមានបញ្ហច្រើនក្នុងប្រទេសក្រីក្រជាពិសេសអភិបាលកិច្ចទន់ខ្សោយ ហើយសមត្ថភាពអនុវត្តក៏មានកម្រិតចាញ់ប្រទេសអភិវឌ្ឍឆ្ងាយណាស់។ តំណាងក្រុងប៉េកាំងលោក Xie Zhenhua គាំទ្រជំហរប្រទេសក្រីក្រ ហើយអះអាងថែមទៀតថាចិនគួរតែត្រូវគេចាត់ទុកជាប្រទេសកំពុងអភិវឌ្ឍដូចគ្នាដែរ។ ដូច្នេះហើយ លោកបន្តថា វាជារឿងចាំបាច់ដែលប្រទេសកំពុងអភិវឌ្ឍទាំងត្រូវមានភាពបត់បែនក្នុងការអនុវត្តគោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នេះ។
លោកពន្យល់បែបនេះថា៖« យើងចង់បានភាពបន់បែន។ ប្រទេសកំពុងអភិវឌ្ឍមានសមត្ថភាព និងលទ្ធភាពផ្សេងៗគ្នា។ បើសិនជាមានការគាំទ្រហិរញ្ញវត្ថុ និងបច្ចេកវិទ្យាពីប្រទេសអ្នកមានដល់ប្រទេសអ្នកក្រ ពួកគេនឹងមានសមត្ថភាពកាន់តែច្រើន និងខ្លាំងក្លាជាងមុនដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់»។
នៅសប្តាហ៍នេះដែរ ប្រទេសមានសេដ្ឋកិច្ចជឿនលឿនក៏រងការរិះគន់ និងរងសម្ពាធខ្លាំងពីក្រុមសកម្មជនអាកាសធាតុ និងប្រទេសក្រីក្រ ជាពិសេសប្រទេសកោះដែលកំពុងប្រឈមនឹងការលិចលង់ជាអចិន្ត្រៃយ៍។ ប្រទេសអភិវឌ្ឍទាំងនោះទទូចប្រទេសអភិវឌ្ឍបង្កើនគោលដៅកាត់បន្ថយបរិមាណឧស្ម័នផ្ទះកញ្ចក់ ខណៈដែលប្រទេសកោះស្នើឲ្យមានការបញ្ចប់ការប្រើប្រាស់រោងចក្រធ្យូងថ្មទាំងស្រុងផង។
ដូច្នេះហើយ បើសិនជាមិនមានការឯកភាពគ្នាលើចំណុចនេះទេ សន្និសីទអាកាសធាតុមានរយៈពេលពីរសប្តាហ៍នេះនឹងត្រូវបញ្ចប់ទៅដោយគ្មានសៀវភៅណែនាំជាផ្លូវការសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីសឡើយ។
កិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសតាមពិតទៅត្រូវបានអនុម័តយកកាលពីឆ្នាំ ២០១៥ ហើយវានឹងចូលជាធរមានចាប់ពីឆ្នាំ ២០២០តទៅ។ កិច្ចព្រមព្រៀងពហុភាគីដ៏សំខាន់និងជាប្រវត្តិសាស្ត្រនេះ មានគោលដៅទប់ស្កាត់ការកើនឡើងកម្តៅនៃភពផែនដីឲ្យត្រឹម ២ អង្សា ហើយបើអាច កម្រតិឲ្យកាន់តែទាបត្រឹម ១,៥ អង្សានៅត្រឹមឆ្នាំ ២១០០ ធៀបនឹងកម្រិតមុនសម័យបដិវត្តន៍ឧស្សាហកម្ម។ កិច្ចព្រមព្រៀងដដែលនេះក៏តម្រូវឲ្យបណ្តាប្រទេសអភិវឌ្ឍទាំងអស់កៀងគរហិរញ្ញវត្ថុឲ្យបាន ១០០ពាន់លានដុល្លារត្រឹមឆ្នាំ ២០២០ ដើម្បីជួយគាំទ្រប្រទេសកំពុងអភិវឌ្ឍដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនេះ៕