ONE Championship
កីឡាជាតិ
ជាតិ
ONE Championship សហការ​ជាមួយ Turner Sports ដើម្បី​ពង្រីក​ការផ្សព្វផ្សាយ​ទៅ​អាមេរិក​ខាងជើង​
15, Dec 2018 , 4:29 pm        
រូបភាព
ដោយ: ថ្មីៗ
ONE Championship បន្ត​ពង្រីក​ខ្លួន​កាន់តែ​ធំ​ជាង​មុន ដោយ​ពួកគេ​ទើប​ចុះកិច្ចសន្យា​ចំនួន ៣​ឆ្នាំ ជាមួយ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​កីឡា​ដ៏​ធំ​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ឈ្មោះ Turner Sports​។  

 
​ការសហការ​គ្នា​រវាង​ស្ថាប័ន​ក្បាច់គុន​ធំជាងគេ​នៅ​អាស៊ី ជាមួយ​ប៉ុស្តិ៍​កីឡា Turner Sports គោលដៅ​ចាក់​បញ្ចាំង​ឲ្យ​ទស្សនិកជន​នៅ​តំបន់​អាមេរិក​ខាងជើង​បាន​រីករាយ​ទស្សនា​ការផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍​ប្រដាល់​ពិសេសៗ​របស់​ជើង​ខ្លាំង​ដូចជា Demetrious Johnson និង​កីឡាការិនី Angela Lee ព្រមទាំង​ការប្រកួត​របស់ ចាន់ រតនា ជាដើម​។ ទស្សនិកជន​ទាំងអស់​អាច​ចូល​មើល​ក្នុង​ការផ្សាយ​ផ្ទាល់​តាមរយៈ​បណ្តាញ​គេហទំព័រ​មួយ​របស់ Turner ហៅថា B/R Live​។ 
 
​បន្ថែម​ពីលើ​នេះដែរ ប៉ុស្តិ៍ TNT ក៏​នឹង​ចាក់ផ្សាយ​ឡើងវិញ​នូវ​ព្រឹត្តិការណ៍​របស់ ONE លើ​ប៉ុស្តិ៍​ទូរទស្សន៍​របស់ខ្លួន​ចំនួន​មួយ​ម៉ោង​ពេញ ហើយ​យ៉ាងតិចណាស់​ក៏ ១២​ដង​ក្នុង​មួយឆ្នាំ​ផងដែរ​។ 
 
​លោក Chatri Sityodtong ប្រធាន​ប្រតិបត្តិការ និង​ជា CEO របស់ ONE Championship បាន​ថ្លែងថា​៖ 
«​យើង​រំភើប​ខ្លាំងណាស់​ដែល​បាន​ចាប់ដៃ​ជាមួយ Turner Sports ដែលជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពី​កីឡា​ជួរមុខ​គេ ខាង​បង្ហាញ​មាតិកា និង​ដាក់​ផ្សាយ​សកម្មភាព​ក្បាច់គុន​បែប​ស្តង់ដារ​ខ្ពស់ និង​មានការ​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ សម្រាប់​ទ​ស្សិ​ក​ជន​ទាំងអស់​នៅ​សហរដ្ឋអាមេរិក​បាន​តា​ម​ដាន​»​។ 
 
«ONE Championship គឺជា​គ្រួសារ​ក្បាច់គុន​មួយ​ដែល​ឲ្យ​តម្លៃ​សំខាន់​ទៅលើ​កីឡាករ​របស់​យើង និង​រឿងរ៉ាវ​របស់​អ្នក​ប្រយុទ្ធ​ទាំងនោះ ធ្វើយ៉ាងណា​ឲ្យ​បាន​ជ្រាប​ចូលក្នុង​បេះដូង​មនុស្សជាតិ​។ យើង​ទន្ទឹងរង់ចាំ​ដាក់​បញ្ចាំង​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​កីឡាករ​យើង​ទូទាំង​ពិភពលោក​»​។ 
 
​នេះ​ជា​សារ​មួយ​បង្ហាញថា អ្នកគាំទ្រ និង​ទស្សនិកជន​ទាំងឡាយ​នៅ​ដ្ឋ​អាមេរិក មានឱកាស​បានលឺ​បាន​ស្គាល់​អ្នក​ប្រដាល់​ក្បាច់គុន​កម្ពុជា​ដែល​បាន​សាង​កេរ្តិ៍ឈ្មោះ​នៅ ONE កាន់តែច្រើន​កុះករ​ថែមទៀត​។​
 
​លោក ហ៊ុន ចន្ទ​រាជ អ្នកដឹកនាំ​ក្លិប Cambodian Top Team និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​យុទ្ធ​គុន​ចម្រុះ​កម្ពុជា សំលឹង​ឃើញ​ឱកាស​ច្រើន​សម្រាប់​កម្ពុជា ក៏ដូចជា​ប្រទេស​នានា​ទូទាំង​អាស៊ី​។ 
 
​គាត់​ពន្យល់ថា​៖ «​ការព្រមព្រៀង​រវាង​ប៉ុស្តិ៍​ទូរទស្សន៍​ទាំងនេះ មានន័យថា​អាស៊ី​យើង​អាច​បង្ហាញ​ពិភពលោក​ពីអ្វី​ជា​ក្បាច់គុន និង​តម្លៃ​របស់​វា​ពិតប្រាកដ​។ ម្យ៉ាងទៀត​ប្រទេស​នីមួយៗ​នៅ​អាស៊ី នឹង​មានឱកាស​ផ្សព្វផ្សាយ​ក្បាច់គុន​ប្រចាំ​ប្រទេស​រៀងៗ​ខ្លួន​ដែរ​»​។ 
 
«​កម្ពុជា​អាច​ផ្សព្វផ្សាយ​ពី​ក្បាច់គុន​ខ្មែរ​ទៅ​ឲ្យ​ភាគ​ខាងលិច​ស្គាល់ រីឯ​ថៃ​មាន​ក្បាច់គុន​មួយ​ថៃ ភូមា​មាន​ក្បាច់ Lethwei
 ចិន​មាន​ក្បាច់ Sanda និង​ឈ្មោះ​ក្បាច់គុន​ផ្សេងៗ​ទៀត​ជាច្រើន​»​។ 
 
​ជាមួយ​វត្តមាន​ខ្លា​កំណាច​ជើងឯក​ខ្សែក្រវាត់​ពិភពលោក Demetrious Johnson រួមជាមួយ Eddie Alvarez ធ្វើ​ឲ្យ​ស្ថាប័ន ONE ជាប់​លំដាប់​ជា​ស្ថាប័ន​នាំមុខគេ​ខាង​ដឹកនាំ​ការប្រកួត​ក្បាច់គុន​អាស៊ី ហើយ​កំពុងមាន​សន្ទុះ​បោះ​សំឡេង​កាន់តែខ្លាំង​ទៀត​នៅ​ឆ្នាំ ២០១៩​។ 
 
B/R Live នឹង​ចាក់ផ្សាយ​ការប្រកួត​របស់​អាស៊ី​ជា​លើកដំបូង​នៅ​ថ្ងៃ​សៅរ៍ ទី​១៩ ខែមករា ខាងមុខនេះ​នូវ​ព្រឹត្តិការណ៍ ONE: ETERNAL GLORY ហើយ​បន្ត​ចាក់ផ្សាយ​ព្រឹត្តិការណ៍​ចំនួន ២៤​ទៀត​ពេញ​មួយឆ្នាំ ២០១៩​តែម្តង​។ 
 
​លោក​ចន្ទ​រាជ បន្ត​៖ «​នេះ​ពិតជា​មិនធម្មតា​ទេ វា​សំខាន់​សម្រាប់​កីឡារ ហើយក៏​សំខាន់​សម្រាប់​អាស៊ី​ផងដែរ​»៕ 
 
​អត្ថបទ​៖ Matias Andres
 

© រក្សាសិទ្ធិដោយ thmeythmey.com