កណ្តាល៖ រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យមានការចិញ្ចឹមត្រីរ៉ស់ ត្រីឆ្ដោក្នុងស្រុកឡើងវិញ ចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ ដើម្បីកាត់បន្ថយការនាំចូល។ ត្រីទាំងពីរប្រភេទនេះ ជាប្រភេទ «មំសាសី» ស៊ីសាច់ជាអាហារ។ វាស៊ីត្រីផ្សេងៗ ក្តាម និងកំពឹសជាអាហារ។ ត្រីរ៉ស់ ពេលនៅតូចហៅត្រីផ្ទក់ ពេលធំពេញវ័យ ហៅត្រីរ៉ស់ មានឈ្មោះវិទ្យាសាស្ត្រ (Channa triata) និងឈ្មោះជាភាសាអង់គ្លេស Striped snakehead ។ ត្រីឆ្ដោ ពេលនៅតូចហៅត្រីដៀប ពេលធំពេញវ័យ ហៅត្រីឆ្តោ មានឈ្មោះវិទ្យាសាស្ត្រ (Channa micropeltes) និងឈ្មោះជាភាសាអង់គ្លេស Giant snakehead, Indonesian snakehead ។
នៅក្នុងភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល របរចិញ្ចឹមត្រីឆ្តោនេះ ហាក់ពេញនិយមសម្រាប់អ្នកភូមិស្ទើរ ៧០ភាគរយ។ នៅខាងក្រោយផ្ទះ គេសង្កេតឃើញស្រះចិញ្ចឹមត្រីឆ្តោយ៉ាងច្រើន ដូចក្នុងរូបភាពបង្ហាញខាងលើស្រាប់។ លោក សុខ ប្រុស អាយុ ៤៧ឆ្នាំ ជាអ្នកចិញ្ចឹមត្រីឆ្ពោម្នាក់នៅក្នុងភូមិ ដែលលោកបានប្រកបមុខរបរនេះ អស់រយៈពេល ជាង១០ឆ្នាំមកហើយ។ សុខ ប្រុស មានស្រះចិញ្ចឹមត្រីឆ្តោមួយតែមួយប៉ុណ្ណោះ នៅក្រោយផ្ទះ។ ស្រះនោះទំហំប្រហែល១០ម៉ែត្រ គុណនឹង ២៥ម៉ែត្រ។ ក្នុងស្រះ គាត់អាចដាក់កូនត្រីឆ្តោចិញ្ចឹមបានចំនួនពី ៤០០០ ទៅ ៥០០០ ក្បាល។
សុខ ប្រុស បានឲ្យគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) ដឹងថា៖ «ខ្ញុំទិញកូនត្រីឆ្តោទាំងនេះ ពីជនជាតិវៀតណាម គេដឹកមកដល់ស្រះ។ កូនត្រីឆ្តោតូចៗនោះ ខ្ញុំទិញតម្លៃចាប់ពី១៧០ ដល់២០០រៀល ក្នុងមួយក្បាល។ វានៅតូចណាស់ មានប្រវែងដងខ្លួនត្រឹមតែ ប្រហែល៥មីលីម៉ែត្រប៉ុណ្ណោះ។ ពេលដាក់ចូលក្នុងស្រះ ខ្ញុំត្រូវកិនចំណី (ត្រីនុយ) ឲ្យម៉ដ្ឋឲ្យវាស៊ី រហូតដល់វាធំល្មមអាចស៊ីចំណីបានទើបឈប់។ រយៈពេលនៃការចិញ្ចឹម អាចដល់៨ ទៅ ១០ខែ។ ពោលគឺរហូតដល់វាមានទម្ងន់ចាប់ពីមួយគីឡូ ទៅមួយគីឡូក្រាមកន្លះ ក្នុងមួយក្បាល ទើបខ្ញុំចាប់លក់។ ប៉ុន្តែ ករណីនៅប្រទេសជិតខាង គេចិញ្ចឹមតែ៦ខែ ឬ៧ខែប៉ុណ្ណោះ គេអាចចាប់លក់បានហើយ។ គេប្រើថ្នាំបំប៉នលាយជាមួយចំណីឲ្យត្រីស៊ីបានច្រើន។ វាធំធាត់លឿនណាស់។ នៅស្រុកខែ្មរ យើងក៏អាចធ្វើបានយ៉ាងដូច្នេះដូចគេដែរ បើយើងអាចរកចំណីឲ្យវាស៊ីគ្រប់គ្រាន់។ ប៉ុន្តែ ខ្ញុំមិនធ្វើដូច្នោះទេ ព្រោះពិបាករកចំណី (ត្រីនុយ) ឲ្យវាស៊ី នឹងម្យ៉ាងទៀត វានាំប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ របបចិញ្ចឹមត្រីឆ្តោនេះ មិនចេះខាតទេ គ្រាន់តែចំណេញតិច និងច្រើនប៉ុណ្ណោះ»។
រូបភាពពីលើអាកាសនៃបែរចិញ្ចឹមត្រីឆ្តោក្នុងព្រែក ស្ថិតក្នុងភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល។ រូបភាពៈ ឈុត ឈាណា
នៅក្នុងភូមិព្រែកក្មេងទាំងមូល ការចិញ្ចឹមត្រីឆ្តោ មានទាំងការចិញ្ចឹមក្នុងស្រះនិងក្នុងបែរតាមព្រែក។ បើយោងតាមលោក សុខ ប្រុស បានឲ្យដឹងថា «ការចិញ្ចឹមត្រីឆ្តោក្នុងបែរ មានហានិភ័យខ្ពស់ និងបានផលតិច ជាងការចិញ្ចឹមក្នុងស្រះ។ ចិញ្ចឹមក្នុងបែរ ត្រីងាប់ច្រើន ព្រោះវាតូចចង្អៀត»។
បើយោងតាមប្រសាសន៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសចុះពិនិត្យមើលកសិកដ្ឋានចិញ្ចឹមត្រីឆ្ដោមួយកន្លែង នៅស្រុកបាធាយ ខេត្តកំពង់ចាម កាលពីនៅថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ បានឲ្យដឹងថា ត្រីឆ្ដោត្រូវបានប៉ាន់ស្មានថា មានបរិមាណ ៦០ពាន់តោន កើនឡើងពីតួលេខ ៤០ពាន់តោនកាលពីឆ្នាំ២០១៧។
«នេះជាការចាក់បំពេញតម្រូវការទីផ្សារ ដែលជាការគិតគូរ ពិសេសចាប់ពីខ្ញុំចូលបំពេញមុខងារនៅក្រសួងកសិកម្ម។ ពីមុនៗមក យើងបណ្ដែតបណ្ដោយលើរឿងចិញ្ចឹមត្រីរស់ ត្រីឆ្ដោនេះ ព្រោះខ្លាចបាត់បង់ត្រីធម្មជាតិ (បាត់បង់កូនត្រីសម្រាប់ជាចំណី)។ តែឥឡូវសំខាន់បំផុតគឺយើងចៀសវាងការខូចប្រយោជន៍សេដ្ឋកិច្ច ព្រោះយើងទិញតែរបស់គេ ហើយយើងមិនដឹងថាគេចិញ្ចឹមយ៉ាងម៉េច? ដល់ពេលយើងចិញ្ចឹមខ្លួនឯង យើងអាចត្រួតពិនិត្យដោយខ្លួនឯងចំពោះសុវត្ថិភាពដល់ប្រជាពលរដ្ឋ»។
ការចិញ្ចឹមក្នុងស្រុកកើនឡើង ធ្វើឲ្យការនាំចូលត្រីឆ្ដោពីក្រៅប្រទេស ត្រូវបានកាត់បន្ថយ។ នៅក្នុងឆ្នាំ២០១៧ ការនាំចូលត្រីឆ្ដោត្រូវបានកាត់បន្ថយមកត្រឹម ១៣ពាន់តោនប៉ុណ្ណោះ ពោលគឺមានការថយចុះច្រើន បើធៀបនឹងការនាំចូលក្នុងឆ្នាំមុនៗ ដែលត្រូវនាំចូលចាប់ពី ៤០ពាន់តោន ទៅ៦០ពាន់តោន ៕