ជាតិ
តុលាការកំពង់ចាមឃុំខ្លួនបុរសដែលបង្អួតកាំភ្លើង២ដើមលើហ្វេសប៊ុក
× ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម លោក នៅ យ៉ារ័ត្ន បានចេញដីការបង្គាប់ឲ្យឃុំខ្លួន ជនឈ្មោះ ឃ្លី វណ្ណៈ បណ្ដោះអាសន្ន ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបានប្រើប្រាស់សារធាតុញៀន។ បុរសរូបនោះ បានថតកាំភ្លើង ខ្លី១ និងវែង១ដើម បង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន និងត្រូវបានចែកចាយតៗគ្នា កាលពីយប់ថ្ងៃទី១៩ ខែធ្នូកន្លងទៅនេះ។
ការចេញដីការឃុំខ្លួន កាលពីថ្ងៃទី២១ ខែធ្នូ ត្រូវបានលោកចៅក្រមស៊ើបសួរ អះអាងថា មានសារសំខាន់ ដើម្បីបង្ការាល់ការដាក់សម្ពាធទៅលើសាក្សី និងភាពចាំបាច់ ហើយនិងដើម្បីរក្សាវត្តមាន ជនត្រូវចោទសម្រាប់ដំណើរការស្វែងរកយុត្តិធម៌ និងដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងដើម្បីការពារសុវត្ថិភាពផ្ទាល់ជននេះ។
បើតាមគេហទំព័រនគរបាលជាតិ ជនសង្ស័យ ឃ្លី វណ្ណៈ ដែលជិះរថយន្ត ឡែនរ៉ូវែ ពណ៌ស ត្រូវបានឃាត់ សាកសួរនៅវេលាម៉ោង១០ យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខវត្តត្រពាំងព្រះ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ពេលដែលធ្វើដំណើរពីភ្នំពេញ ទៅចូលមង្គលការស្ថិតនៅភូមិខាងលើ។ ក្រោយការឆែកឆេរ សមត្ថកិច្ច បានរកឃើញអាវុធពីរដើម អាកាស្វាយវែង១ដើម បង់មួយគ្រាប់គ្មាន និងអាវុធខ្លី១ដើម ម៉ាក Pak បង់១ គ្រាប់៦។ សមត្ថកិច្ចបានធ្វើតេស្តក្នុងទឹកម៉ូត បានរកឃើញថាមានសារធាតុគ្រឿងញៀនផងដែរ។
អាវុធទាំងពីរដើម មិនមានលិខិតសម្គាល់ណាមួយ ដែលអះអាងថាជាកម្មសិទ្ធិជនខាងលើនោះឡើយ ដោយជនសង្ស័យបញ្ជាក់ថា វាកម្មសិទ្ធិរបស់ឈ្មោះ ហាក់ ប៉េងឃីម មន្ត្រីនគរបាល ដែលនៅភូមិឃុំជាមួយគ្នា។ ប៉ុន្តែបើយោងតាមរបាយការណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម អាវុធអាកាស្វ័យវែងគឺជនសង្ស័យ បានខ្ចីពីមិត្តភក្តិ ដែលធ្វើការនៅកាស៊ីណូក្រុងព្រះសីហនុ ចំណែកអាវុធខ្លីបានខ្ចីពីមិត្តភក្តិម្នាក់ទៀត ដែលជាអ្នករកស៊ីម្នាក់នៅអូរឡាំពិក។
ជនសង្ស័យមានទីលំនៅសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ មានមុខរបរទិញលក់និងបើកកន្លែងលាងរថយន្ត។ ប៉ុន្តែឈ្មោះនេះ បាននិយាយ កុហកសមត្ថកិច្ចថា មានមុខរបរធ្វើការនៅក្រសួងមហាផ្ទៃផ្នែកស៊ីវិលខាងស៊ើបអង្កេត៕
Tag:
កាំភ្លើង-គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com