ជាតិ
អ្នក​ប្រក​បរបរ​តូចតាច នៅ​ឆ្នេរកែប មិនទាន់​អាច​រក​ចំណូល​សមរម្យ​ឡើយ​
23, Dec 2018 , 8:39 pm        
រូបភាព
កែប៖ អ្នកលក់​វត្ថុ​អនុស្សាវរីយ៍ និង​នំចំណី​តិចតួច នៅតាម​ឆ្នេរកែប មិនទាន់​រកចំណូលបាន​ល្អ​ដូច​ក្តី​រំពឹងទុក​ឡើយ ព្រោះ​ហាក់​មិនសូវមាន​ភ្ញៀវ​ទៅ​កម្សាន្ត​។ ក្រុម​អ្នកលក់​អាច​រកចំណូលបាន​ខ្លះ​នៅ​ចុង​សប្តាហ៍ និង​អាច​បាន​ចំណូល​គួរសម​នៅ​ថ្ងៃបុណ្យ​ជាតិ​ធំៗ​ដូចជា​ចូលឆ្នាំ​ខ្មែរ និង​ចូលឆ្នាំ​សកល​។ ទោះជា​រក​ចំណូល​មិនសូវ​បាន​នៅ​ថ្ងៃ​ធម្មតា តែ​ពួកគេ​នៅតែ​ទ្រាំ​ប្រកប​របរ​នេះ​បន្ត ព្រោះ​គ្មាន​ជម្រើស​។​


 
​មកដល់​ឆ្នេរកែប​ ម្ដុំ​រូបសំណាក​នាង​សិលា​ចាំ​ប្ដី មាន​អ្នកលក់​វត្ថុ​អនុស្សាវរីយ៍ និង​ចំណីអាហារ​បន្តិច​ប​ន្ទួ​ច បាន​ហៅភ្ញៀវ​ទេសចរណ៍​ឱ្យជួយ​ទិញ​ទំនិញ​របស់ខ្លួន​។ ជាធម្មតា​ថ្ងៃ​សៅរ៍​និង​អាទិត្យ​ជា​ថ្ងៃ​ដែល​អាច​លក់ដាច់​ខ្លះ​ដែរ តែ​ថ្ងៃ​សៅរ៍​នេះ​ហាក់​មិនសូវមាន​ភ្ញៀវ​មកលេង ដែលជា​ហេតុនាំឱ្យ​អ្នកលក់​គ្មាន​ចំណូល​ដែរ​។ អ្នកលក់​ភាគច្រើន​នៅទីនេះ សុទ្ធតែ​ត្អូញត្អែរ​ដូចៗ​គ្នា​ថា លក់បាន​ចំណេញ​តិចតួច​ហើយ លក់​ក៏​មិនសូវ​ដាច់​ទៀត​។​
 
​អ្នកស្រី ជុំ មំ ដែលមាន​ស្រុកកំណើត​នៅ​រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន​រស់នៅ​ក្រុងកែប បាន​ប្រកប​របរ​លក់​វត្ថុ​អនុ​ស្សាវ​រី​តាំងពី​ឆ្នាំ​១៩៧៩​ម្ល៉េះ​។ អ្នកស្រី​លក់​រូប​សត្វ​ផ្សេងៗ ដែល​ផ្គុំ​ពី​សម្បកខ្យង ងាវ និង​ខ្ចៅ​តូចៗ ព្រមទាំង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងទៀត មិនតិច​ជាតិ​១០​ប្រភេទ​ឡើយ​។ ព្រោះតែ​មិនមាន​កម្លាំង​ដើរ​លក់​ដូច​ក្មេងៗ អ្នកស្រី មំ ដាក់លក់​ទំនិញ​របស់​ខ្លួន​នៅក្រោម​ឆ័​ត្រ​ធំ​មួយ​ដែល​អាច​ទទួល​ម្លប់​ពី​ដើមឈើ​ធំ​មួយ​ដើម នៅ​ចំហៀង​ផ្លូវ​ចូលទៅ​រូបសំណាក​នាង​សិលា​ចាំ​ប្ដី​។ អ្នកស្រី មំ បញ្ជាក់ ៖«​ខ្ញុំ​ចាស់​ហើយ មិនមាន​កម្លាំង​ដើរ​លក់​ដូចជា​ក្មេង បានតែ​ដាក់លក់​នៅ​មួយកន្លែង​នេះ​ហ្នឹង​»​។​


 
​ត្រូវ​ចំណាយ​ប្រាក់​យ៉ាងច្រើន​ដើម្បី​ទិញ​វត្ថុធាតុដើម យកមក​ផ្គុំ​ធ្វើ​រូប​សត្វ​បក្សី និង​សត្វ​ផ្សេងៗ ព្រមទាំង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ទៀត អ្នកស្រី ជុំ មំ អះអាងថា​ក្នុង​សត្វ​មួយ​អ្នកស្រី​ចំណេញ​បានតែ​៥០០​រៀល​តែប៉ុណ្ណោះ​។ ក្រៅពី​ច្នៃ​រូប​សត្វ ស្ត្រី​វ័យ​៧២​ឆ្នាំ​រូបនេះ ក៏​ទិញ​វត្ថុ​អនុស្សាវរីយ៍​ស្រាប់ ច្រើន​មុខ​ទៀត រួមទាំង​របស់​ក្មេង​លេង​ផង ដើម្បី​បាន​ប្រាក់ចំណេញ​ផ្សុំ​គ្នា​។​
 
«​រូប​ទាំងនេះ​ច្នៃ​ខ្លួនឯង លក់​យូរ​ទៅ​ក៏​ចេះតែ​បែកគំនិត​ច្នៃ​។ ធ្វើ​ទម្រាំ​បាន​១​យូរណាស់ ចុក​ខ្នង​ចង្កេះ​ណាស់ តែ​ធ្វើ​ម៉េច​ខ្ញុំ​ចាស់​ហើយ មិនអាច​ទៅធ្វើ​អ្វី​បាន មានតែ​របរ​នេះ​។ ទិញ​កងដៃ របស់​ក្មេង​លេង និង​មាន​ច្រើន​មុខ​ទៀត​ពី​គេ​ដែរ ដើម្បី​បាន​ជួយ​ទប់​គ្នា​ខ្លះ​»​។ នេះ​ជាការ​បន្ថែម​របស់​អ្នកស្រី មំ​។​
 
​អ្នកលក់​ដែល​ធ្លាប់បាន​យក​ទំនិញ​របស់ខ្លួន​ទៅ​លក់​នៅ​ច្រើន​ខេត្ត ក្នុងប្រទេស​កម្ពុជា​រូបនេះ ថា​រូប​សត្វ​២០​គូរ​ត្រូវ​ចំណាយពេល ៣​ថ្ងៃ ហើយ​ក្នុង​មួយថ្ងៃ​ត្រូវ​ចំណាយពេល​១២​ម៉ោង​ទើប​ធ្វើ​រួច​។ ចំណែក​វត្ថុធាតុដើម អ្នកស្រី​ត្រូវ​ទិញ​ចូល​ទាំងអស់​។ អ្នកស្រី បន្ថែម ៖« មួយថ្ងៃ​ពី​ព្រឹក​ម៉ោង​៦​ដល់​ម៉ោង​៦​ល្ងាច​វិញ មិន​ក្រោក​ទៅណា​ទើប​ធ្វើបាន​សត្វ​២០​គូរ​។ កូន​ខ្យង​តូចៗ​មួយ​គីឡូ​ជាង​១​ម៉ឺន កាវ​មួយ​គីឡូ​១២,០០០​រៀល ហើយ​នៅមាន​ខ្ចៅ និង​សម្បក​ងាវ​តម្លៃ​ផ្សេងទៀត ថ្លៃៗ​ណាស់ ធ្វើ​មិនសូវ​ចំណេញ​ទេ​។ តែ​មិនមាន​របរ​អ្វី​ក៏​ចេះតែ​ធ្វើទៅ​»​។​


 
​ថ្វី​ដ្បិត​ស្ត្រី​សម្បុរ​ស្រអែម​មាឌតូច​រូបនេះ លក់​វត្ថុ​អនុស្សាវរីយ៍ មិនតិច​ជាតិ​១០​មុខ ក៏ដោយចុះ​តែ​ថ្ងៃ​ខ្លះ​អ្នកស្រី​លក់​មិន​ដាច់ សូម្បី​តែមួយ​មុខ​ក៏មាន​។ ម៉ោង​ជិត​១​រសៀល​ទៅហើយ ថ្ងៃនេះ​អ្នកស្រី មំ នៅ​មិនទាន់​លក់បាន​ប្រាក់​សូម្បី​មួយរយ​រៀល​ផង ព្រោះ​មិនសូវមាន​ឡាន​ទេសចរណ៍​ចូល​។ អ្នកស្រី​បញ្ជាក់បន្ថែម ៖«​នៅទីនេះ​បើ​មាន​ឡាន​ចូល ទើប​លក់​បានដែរ ដូច្នេះ​មក​លក់​តែ​ថ្ងៃ​សៅរ៍​អាទិត្យ និង​ថ្ងៃ​បុណ្យទាន​ទេ​»​។  
 
​ចំណែក​អ្នកស្រី លី ធី​ថាវ ជា​កូន​ខ្មែរ​ដែល​កើត​នៅ​ប្រទេស​វៀតណាម ព្រោះតែ​ជីដូន​ជីតា​បាន​ភៀសខ្លួន​ទៅ​កាលពី​សម័យ​ប៉ុលពត​។ ស្ត្រី​រាង​តូច​ច្រឡឹង​រូបនេះ​ថា​ខ្លួន​ត្រូវ​ដើរ​លក់​ផង អង្គុយ​លក់​មួយកន្លែង​ផង និង​ជិះ​ម៉ូតូ​លក់​ផង ក្នុង​មួយថ្ងៃ​អាច​លក់​បង្គា​ជៀន និង​បង្គា​ដោត​ចង្កា​ក់បាន​ប្រមាណ​១០​ម៉ឺន​រៀល​។ កំពុង​អង្គុយ​ចាប់​បង្គា​ជៀន​លក់​នៅ​ជិត​រូបសំណាក​ស្រី​ស អ្នកស្រី​ធី​ថាវ ឆ្លៀត​ឆ្លើយតប​មក​សារព័ត៌មាន​ថ្មីៗ​ថា បច្ចុប្បន្ននេះ​ពិបាក​រក​ចំណូល ព្រោះ​អ្នក​មកលេង​មិនសូវ​ទិញ​។ ទោះជា​ត្រូវ​នឿយហត់​បន្តិច ដោយ​ត្រូវ​ចំអិន​ខ្លួនឯង​ផង និង​ត្រូវ​ទៅ​លក់​ផង ទាំង​ប្ដី​និង​ប្រពន្ធ ជា​រៀងរាល់ថ្ងៃ​ពី​ម៉ោង​៧​ដល់​ម៉ោង​៥​ល្ងាច តែ​អ្នកស្រី​នៅតែ​តស៊ូ​នឹង​របរ​នេះ ព្រោះ​ដើម្បីឱ្យ​កូន​បាន​រៀន​។ 


 
​អ្នក​បញ្ជាក់​យ៉ាង​ដូច្នេះ ៖« ពិបាក​រកស៊ី​ណាស់​ឥឡូវ បើ​មាន​ឡាន​អាច​បាន​ខ្លះ តែ​ពេលខ្លះ​ក៏​គេ​មិនសូវ​ទិញ​ដែរ​។ ពិបាក​ចេះតែ​ពិបាក​ហើយ តែ​យើង​មិនអាច​ទៅធ្វើ​ការឱ្យ​គេ​បានទេ ព្រោះ​ជាប់​កូន​រៀន​»​។​
 
​កំពឹស​ជៀន​ដែល​អ្នកស្រី ធី​ថាវ លក់ ក្នុង​មួយ​បន្ទះ​តម្លៃ​២,០០០​រៀល តែបើ​លក់​ឱ្យ​មនុស្ស​ចាស់​តម្លៃ ១,៥០០​រៀល​។ នៅ​ថ្ងៃ​បុណ្យទាន​ធំៗ ស្ត្រី​រូបនេះ​អាច​រកចំណូលបាន​ប្រមាណ​២០ ទៅ ៣០​ម៉ឺន​រៀល ក្នុង​មួយថ្ងៃ​។ «​តម្លៃ​ធម្មតា ២,០០០​រៀល តែបើ​លក់​ឱ្យ​មនុស្ស​ចាស់ ខ្ញុំ​លក់​តែ ១,៥០០​រៀល​ទេ ព្រោះ​ខ្ញុំ​គិតថា​គាត់​ចាស់​ហើយ​មិនដឹង​ទៅរក​អី​បានទេ ហើយក៏​ទុក​ថា​បានធ្វើ​បុណ្យ​ខ្លះ​ដែរ​។ មាន​អ្នក​ត​ឱ្យ​១,០០០​រៀល​ដែរ តែ​មិនអាច​លក់បាន​ទេ ព្រោះ​បង្គា​ទិញ​មក​ថ្លៃ​»​។ 
 
​ងាក​មក​អ្នកលក់​វ៉ែនតា នាឡិកាដៃ ខ្សែក កងដៃ និង​ចិញ្ចៀន​កាឡៃ និង​វត្ថុ​មួយចំនួនទៀត ក៏​លក់​មិនសូវ​ដាច់​ដែរនោះ​គឺ​អ្នកនាង ធា​វី​។ នារី​វ័យ ២៦​ឆ្នាំ ដែលមាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង​រូបនេះ ត្រូវ​ជិះឡាន​ពី​ភ្នំពេញ​មក​ក្រុងកែប​លក់ទំនិញ​របស់​ខ្លួន​តែ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​តែប៉ុណ្ណោះ​។ ចំណែក​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ គឺ​លក់​នៅ​ភ្នំពេញ​។ ធា​វី បញ្ជាក់ ៖« ខ្ញុំ​មក​លក់​តែ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​ទេ ហើយ​ថ្ងៃ​ផ្សេងទៀត​ខ្ញុំ​លក់​នៅ​ភ្នំពេញ​។ ឡាន​ទៅមក​អស់​ពីរម៉ឺន ផ្ទះសំណាក់​មួយ​យប់​អស់​៦​ដុល្លារ​»​។


 
​ការរកចំណូល​របស់​អ្នកនាង ធា​វី មិន​ទៀងទាត់​ឡើង ថ្ងៃ​ខ្លះ​រកចំណូលបាន​ច្រើន ហើយ​ថ្ងៃ​ខ្លះ​មិនបាន​សោះ​ក៏មានដែរ​។ ទោះជា​ត្រូវ​ធ្វើដំណើរ​ឡើង​ចុះ​ភ្នំពេញ​ កែប ជា​រៀងរាល់​សប្ដាហ៍ តែ​មិនមែនជា​ឧបសគ្គ​របស់​នារី​ប្រកប​របរ​ស្ពាយ​វ៉ែនតា​លក់​រូប​នេះឡើយ នាង​បញ្ជាក់ថា អ្វីដែល​សំខាន់​គឺ​ដើម្បី​ជីវភាព​។ «​ជួន​លក់ដាច់​ជួន​ក៏​មិន​ដាច់ តែ​ធ្វើ​ម៉េច​បើ​យើង​មិន​ផ្សង ក៏​មិនកើត​។ យូរ​ទៅ​ធ្លាប់​ហើយ​មិន​ហត់​ទេ ឱ្យតែបាន​ប្រាក់​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​អ្នកនាង ធា​វី​៕
 

Tag:
 វត្ថុ​អនុស្សាវរីយ៍​
  អាជីវក
© រក្សាសិទ្ធិដោយ thmeythmey.com