ជាតិ
ពន្ធនាគារទាំង២៨ នៅទូទាំងប្រទេសកំពុងឃុំ អនីតិជនជាង១៥០០នាក់
× គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៨ ពន្ធនាគារទាំង២៨ នៅទូទាំងប្រទេសកំពុងឃុំឃាំងអនីតិជនជាង១៥០០នាក់ ក្នុងនោះអនីតិចជនជាទណ្ឌិតចំនួន១៥២នាក់ ដោយភាគច្រើននៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងបន្ទាយមានជ័យ។ នេះបើតាមការថ្លែងរបស់សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិ ដើម្បីអនុវត្តច្បាប់ស្ដីពីយុត្តិធម៌អនីតិជន(២០១៨-២០២០) កាលពីថ្ងទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្ដេច ស ខេង បានថ្លែងថា ភូមិសាស្ត្រទាំងបី [ភ្នំពេញ សៀមរាប និងបន្ទាយមានជ័យ] អាចចាត់ទុកជាវិញ្ញាសារអនុវត្តការពិនិត្យសិក្សា និងវាយតម្លៃលើការផ្តល់សេវាសមស្របសំដៅធានាដល់សិទ្ធិ និងផលប្រយោជន៍របស់អនីតិជន។
«ជាការពិតណាស់យើងមិនដែលចង់ឲ្យមានការឃុំឃាំងណាមួយនោះទេ ទោះបីអនីតិជនក្តី ឬនីតិជនក្តី ហើយបច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងខិតខំជំរុញអនុវត្តយន្តការ ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវចំនួនជនជាប់ឃុំក្នុងពន្ធនាគារ»។ នេះជាការបញ្ជាក់ របស់សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង។
សម្ដេចបានលើកឡើងបន្តថា រាល់ការឃុំខ្លួនពុំមែនសុទ្ធតែផ្តល់ផលវិជ្ជមាននោះទេ ព្រោះថាកង្វះហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ កម្មវិធីស្តារនីតិសម្បទាពុំទាន់មានគុណភាព និងបញ្ហាបរិស្ថានក្នុងពន្ធនាគារអាចបង្កផលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងធ្វើឲ្យអនីតិជនមិនរាងចាល ហើយបែរជាប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរជាងមុន។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងយុត្តិធម៌ និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងចំណោមកុមារ ១០០,០០០នាក់ មានប្រហែល២៣នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារនាពេលបច្ចុប្បន្ន។ នេះជាសញ្ញាមួយទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងជាបន្ទាន់ ដើម្បីឲ្យអនីតិជនទំនាស់នឹងច្បាប់ ត្រូវបានបង្វែរចេញពីប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ទៅកាន់យន្តការកុមារមេត្រីដូចជាកម្មវិធីបង្វែរជាដើម។
ចំពោះបញ្ហានេះ ក្រសួងទាំងពីរបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិច្បាប់ស្តីពីយុត្តិធម៌អនីតិជន ២០១៨-២០២០ នៅក្នុងកិច្ចការកំណែទម្រង់យុត្តិធម៌អនីតិជន។ផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិនេះ ផ្តល់ជាផែនទីចង្អុលផ្លូវមួយសម្រាប់កម្ពុជាក្នុងការអនុវត្តច្បាប់នេះ និងកសាងប្រព័ន្ធយុត្តិធម៌អនីតិជនទំនើបមួយស្របតាមការអនុវត្តល្អៗរបស់អន្តរជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com