ជាតិ
សង្គមជាតិ
រដ្ឋបាលខេត្ត​កែប ស្នើ​ឲ្យ​សាធារណជន​ជួយផ្តល់​ថវិកា សម្រាប់​រៀបចំថ្ងៃឆ្លង​ឆ្នាំ​និង​​៧​មករា​
25, Dec 2018 , 7:59 am        
រូបភាព
ដោយ:
​រដ្ឋបាលខេត្ត​កែប នឹង​រៀបចំ​ពិធី​ផ្សេងៗ ដូចជា បាញ់​កាំជ្រួច​ជាច្រើន​គ្រាប់ អុំទូក​ផ្កាចារ​សមុទ្រ បង្ហើរខ្លែង បង្ហោះគោម និង​ប្រគំតន្ត្រី ដែល​ប្រ​ពឹ​ត្ត​ទៅ​នៅ​ថ្ងៃទី​៣០-៣១ ខែ​ឆ្នូ ឆ្នាំ​២០១៨ នៅ​ខេត្ត​កែប សម្រាប់​អបអរសាទរ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សាកល និង​ពិធី​រំលឹក​ខួប​លើក​ទី​៤០ នៃ​ជ័យជម្នះ​៧​មករា​។ ដើម្បី​ឲ្យ​ព្រឹ​ត្ត​ការណ៍​នេះ មាន​ភាព​អាឡារិក អ៊ូរ​អរ និង​សប្បាយរីករាយ រដ្ឋបាលខេត្ត​កែប បាន​លិខិត​មួយ ដើម្បី​សុំ​សំណូមពរ​ឲ្យ​ម្ចាស់​សណ្ឋាគារ ម្ចាស់ផ្ទះ​សំណាក់ ម្ចាស់​រមណីយដ្ឋាន អា​ជីករ និង​ក្រុមហ៊ុន​ឯកជន ជាដើម ចូលរួម​ផ្តល់​ជា​ថវិកា​និង​សម្ភារ​ផ្សេងៗ ឲ្យ​បាន​គ្រប់ៗ​គ្នា​។​



​លោក ទឹម វុទ្ធី នាយក​រដ្ឋបាលខេត្ត​កែប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា លោក​អំពាវនាវ​ឲ្យ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ចូលរួម​អបអរ​ពិធី​ឆ្លង​ឆ្នាំសាកល និង​៧​មករា ខាងមុខនេះ​ឲ្យ​បាន​ច្រើន​កុះករ និង​ចូលរួម​ផ្តល់​ជា​ថវិកា សម្រាប់​ឲ្យ​ព្រឹ​ត្ត​ការណ៍​នេះ​ប្រព្រឹត្តទៅបាន​យ៉ាង​រលូន​។ លោក បញ្ជាក់ថា​៖«​បច្ចុប្បន្ន​ខេត្ត​កែប​យើង កំពុង​តែមាន​ឥទ្ធិពល ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើន​។ ដោយសារ​កំណើន​ភ្ញៀវទេសចរ​ច្រើន​ដូច្នេះ ខេត្ត​កែប​របស់​យើង​នឹង​រៀបចំ​កម្មវិធី​សប្បាយៗ​ដែល​ទាញយក​ភ្ញៀវទេសចរ​ឲ្យ​កាន់តែច្រើន​បន្ថែម​ទៀតផង​ដែរ​»​។​
 
​បើតាម​នាយក​រដ្ឋបាល​កែប​រូបនេះ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ម្ចាស់​រមណីយដ្ឋាន ម្ចាស់​ក្រុមហ៊ុន ម្ចាស់ផ្ទះ​សំណាក់ ឬ​អា​ជីករ​ផ្សេងៗ រួមគ្នា​រៀបចំ​សណ្តាប់ធ្នាប់​តាម​ភូមិឋាន តាម​ទីសាធារណៈ ឬ​តាម​រមណីយដ្ឋាន​នានា រក្សា​អនាម័យ ដើម្បី​ឲ្យ​បរិ​សា្ថ​ន​ល្អ​ស្អាត និង​មាន​របៀបរៀបរយ​ផងដែរ​៕



Tag:
 កែប​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com