ជាតិ
វីដេអូ
ស្ត្រីជនជាតិព្នង ក្រើន ក្លើង ឈប់រៀនថ្នាក់ទី១០ តែក្លាយជាគ្រូបង្រៀន៣ភាសានៅតំបន់ដាច់ស្រយាល
× មណ្ឌលគីរី៖ ស្ថិតនៅក្នុងវ័យជាង៣០ឆ្នាំ អ្នកស្រី ក្រើន ក្លើង គឺជាជនជាតិដើមភាគតិចម្នាក់ ដែលកំពុងប្រកបរបរជាគ្រូបង្រៀនក្មេងតូចៗនៅក្នុងភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ដ្បិតរៀនត្រឹមថ្នាក់ទី១០ពិតមែន ប៉ុន្តែស្ត្រីរូបនេះ ចេះប្រើប្រាស់ភាសាខ្មែរច្បាស់ និងភាសាអង់គ្លេសតិចតួច ដែលអាចយកទៅបង្រៀនកុមារនៅក្នុងភូមិ។ និយាយដោយឡែកពីភាសាអង់គ្លេសវិញ ទោះជាអ្នកស្រី ក្លើង ចេះមិនច្បាស់ក្តី ប៉ុន្តែអ្នកស្រី អាចប្រើប្រាស់ភាសាអន្តរជាតិមួយនេះ រកចំណូលផ្គត់ផ្គង់គ្រួសារបាន តាមរយៈទំនាក់ទំនងជាមួយភ្ញៀវបរទេស ដែលចង់រកកន្លែងស្នាក់នៅក្នុងភូមិផងដែរ។
សូមលោក-អ្នកនាង ទស្សនាវីដេអូ ដែលលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ (ThmeyThmey.com) សាកសួរទៅអ្នកស្រី ក្រើន ក្លើង ប្រជាពលរដ្ឋជនជាតិដើមភាគតិច រស់នៅក្នុងខេត្តមណ្ឌលគីរី ដូចតទៅ៖
វីដេអូទី១
បច្ចុប្បន្នអ្នកស្រី ក្លើង កំពុងបង្រៀនកុមារតូចនៅក្នុងភូមិ ពីភាសាជនជាតិព្នង ភាសាខ្មែរ និងអង់គ្លេស ដែលអ្នកស្រីធ្លាប់បានរៀនត្រឹមថ្នាក់ទី១០ ។ ក្រៅពីការងារបង្រៀនកុមារនៅក្នុងភូមិនេះ អ្នកស្រី ក្លើង ក៏ជាមគ្គទេសមួយរូបប្រចាំភូមិផងដែរ។ នោះក៏ព្រោះតែអាចនិយាយភាសាអង់គ្លេសបានខ្លះៗ សម្រាប់ប្រាស័យទាក់ទងជាមួយភ្ញៀវបរទេស ដែលពួកគេមកកម្សាន្ត និងស្នាក់នៅក្នុងភូមិ។ អ្វីដែលអ្នកស្រី ក្លើង ទទួលបានពីភ្ញៀវទេសចរវិញនោះ គឺចំណូលពីការរៀបចំកន្លែងសម្រាក (Home Stay) បែបរបៀបរស់នៅរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិច។
វីដេអូទី២
«មានភ្ញៀវបរទេសមួយ គាត់ជាភ្ញៀវបរទេសគ្រិស្តសាសនា គាត់មកលេងនៅទីនេះ ហើយពួកគាត់ស្គាល់ផ្ទះរបស់ខ្ញុំ ហើយខ្ញុំដែរ ដោយសារខ្ញុំជាគ្រូបង្រៀនមតេយ្យនៅសាលាកាតូលិ ។ ហើយនៅឆ្នាំ២០១៧ ពួកគាត់ស្គាល់ខ្ញុំ ហើយនាំមិត្តភក្តិគាត់មកទីនេះ»។ នេះបើតាមអ្នកស្រី ក្លើង។
តាមពិទៅគ្រួសារអ្នកស្រី ក្លើង ទើបតែរៀបចំផ្ទះស្នាក់នៅសម្រាប់ភ្ញៀវទេសចរបរទេស រយៈពេល១ឆ្នាំប៉ុណ្ណោះ ពោលគឺចាប់ពីឆ្នាំ២០១៧មក។ ផ្ទះដែលអ្នកស្រី រៀបចំសម្រាប់ភ្ញៀវទេសស្នាក់នៅនេះ គឺធ្វើចេញពីឈើតៀមផ្ទាល់ដី និងមានដំបូលប្រក់ស្បូវ ។ ដំបូងឡើយផ្ទះតូចនេះ គឺជាផ្ទះបាយទុកសម្រាប់ធ្វើម្ហូបអាហារប៉ុណ្ណោះ ប៉ុន្តែក្រោយពីភ្ញៀវបរទេសត្រូវការកន្លែងស្នាក់នៅ គ្រួសារអ្នកស្រី រៀបចំផ្ទះនោះ សម្រាប់ទទួលភ្ញៀវទេសចរ ដោយពួកគេត្រូវចំណាយ៥ដុល្លារក្នុងមួយយប់ ដោយបូករួមការពិសារអាហារទៀតផង។
បើតាមអ្នកស្រី ក្លើង រាល់ភ្ញៀវទេសចរបរទេស ដែលបានមកដល់ភូមិពូត្រែងរបសអ្នកស្រី ពួកគេតែងតែទាក់ទងអ្នកស្រីជាមុនសិន ដើម្បីរៀបចំកន្លែងសម្រាកបែបជនជាតិដើមភាគតិចនេះ សម្រាប់ពួកគេ៕
Tag:
ជនជាតិដើមភាគតិច
ទេសចរណ៍
សេដ្ឋកិច្ច
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com