ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
ហេតុអ្វីបានជាគេចិញ្ចឹមជន្លេន? ដើម្បីអ្វី?
× ភ្នំពេញ៖ «ជន្លេនក្រហម» ជាសត្វដែលសម្បូរប្រូតេអ៊ីន និងមានសារៈប្រយោជន៍សម្រាប់ធ្វើជាចំណីបំប៉នដល់សត្វមាន់, ទា, កង្កែប និងត្រី។ កសិករ អ៊ួន សុផល ចិញ្ចឹមជន្លេនក្រហមសម្រាប់ឲ្យចំណីសត្វ និងចិញ្ចឹមសម្រាប់លក់។ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក សុផល បានប្រាប់ពីបច្ចេកទេសមួយចំនួន ក្នុងការចិញ្ចឹមជន្លេនក្រហមឲ្យបានផលល្អផងដែរ។
អ្នកចិញ្ចឹមជន្លេននៅខេត្តកំពត លោក អ៊ួន សុផល បានលើកឡើងថា ពូជជន្លេនក្រហមងាយបង្កាត់ពូជ និងឆាប់បានប្រមូលផល។ លោក អ៊ួន សុផល ប្រធានសហគមន៍រតនពលរដ្ឋសាមគ្គី និងជាកសិកររស់នៅឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត បញ្ជាក់ថា ជន្លេនក្រហម មានរូបរាងតូចឆ្មារដូចសរសៃអំបោះ និងមានពណ៌ក្រហម។ បើតាមកសិករ សុផល ជន្លេនក្រហម ជាអាហារសាច់សម្បូរទៅដោយប្រូតេអ៊ីនសម្រាប់យកទៅធ្វើជាចំណីសត្វមាន់ និងត្រី ដើម្បីឲ្យវាស៊ីនឹងឆាប់ធំធាត់។
សូមអញ្ជើញស្ដាប់កិច្ចសម្ភាសន៍រវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាន ThmeyThmey ជាមួយលោក អ៊ួន សុផល អ្នកចិញ្ចឹមជន្លេននៅខេត្តកំពតដូចទៅ៖
ដើម្បីចិញ្ចឹមជន្លេនឲ្យបានល្អ និងឆាប់បានផល លោក អ៊ួន សុផល បានប្រាប់ពីបច្ចេកទេសមួយចំនួនយ៉ាងដូច្នេះថា ការចិញ្ចឹមជន្លេនក្រហម ទី១ ទីតាំង គឺត្រូវជ្រើសទីតាំងណាដែលនៅខ្ពស់មិនលិចទឹក និងមានម្លប់ល្អ ទី២ ត្រូវមានវត្ថុធាតុដើមដូចជាលាមកគោ និងប្លាស្ទិក។ វិធីសាស្ត្រទី១ អាចរណ្ដៅជម្រៅ ២តឹកចុះក្រោម ហើយក្រាលក្រណាត់កៅស៊ូ និងទី២ អាចរៀបឥដ្ឋកម្ពស់ ២តឹកឡើងលើ និងចុះក្រោម២តឹក សរុបរួមគឺកម្រាស់៤តឹក រួចរៀបជាឥដ្ឋព័ន្ធជុំវិញ ហើយចាក់សាបពីក្រោម»។
បើតាមលោក សុផល ការចិញ្ចឹមជន្លេនឲ្យបានល្អ គឺត្រូវរក្សាភាពសើម និងដាក់នៅក្រោមម្លប់ជានិច្ច រីឯចំណីរបស់វា គឺលាមកគោ និងស្លឹកបន្លែ។ ជាមួយគ្នានេះ សត្វជន្លេន ក្នុងរយៈពេល៤០ថ្ងៃ អាចប្រមូលផលបាន ជាពិសេសអាចប្រមូលផលបានរៀងរាល់ថ្ងៃ ឬមួយសប្ដាហ៍ម្ដង៕
© រក្សាសិទ្ធិដោយ thmeythmey.com