ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ត្រឡប់​ពី​ជប៉ុន ជនជាតិ​ព្នង រតនា នាំ​បច្ចេកទេស​កសិកម្ម មកជួយ​កសិករ​ជនជាតិដើម​ភាគតិច​នៅ​មណ្ឌលគិរី​
26, Dec 2018 , 4:39 pm        
រូបភាព
​មណ្ឌលគិរី​៖ ការអប់រំ បាន​ផ្លាស់ប្ដូរ​ការរស់នៅ​រប​ស់លោក សាមឿន រតនា​។ ជនជាតិដើម​ភាគតិច​ព្នង​រូបនេះ មានឱកាស​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​រាជធានី​ភ្នំពេញ និង​សិក្សា​វគ្គ​ខ្លី​រយៈពេល​៣​ខែ​នៅ​ជប៉ុន​ក្នុង​ឆ្នាំ​២០១៨​នេះ​។ ក្រោយ​ទទួលបាន​ការសិក្សា​ពី​បច្ចេកទេស​កសិកម្ម​នៅ​ជប៉ុន លោក រតនា បាន​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ នឹង​យកចំណេះ​ទាំង​នោះមក​ចែករំលែក​ដល់​ជនជាតិដើម​ភាគតិច ក្នុង​គោលបំណង​ជួយ​បង្កើន​ជីវភាព​របស់​ពួកគាត់ និង​លើកស្ទួយ​សហគមន៍​ឲ្យ​កាន់តែ​ល្អ​។​



​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន ThmeyThmey ជាមួយ​លោក សាមឿន រតនា ជនជាតិដើម​ភាគតិច​ព្នង​នៅ​ខេត្តមណ្ឌលគិរី​ដូចតទៅ​៖


​លោក សាមឿន រតនា ជា​ជនជាតិដើម​ភាគតិច​ព្នង រស់នៅក្នុង​ភូមិ​ពូ​ម្លេះ ឃុំ​ដាក់​ដាំ ស្រុក​អូររាំង  ខេត្តមណ្ឌលគិរី​។ យុវជន​ជនជាតិដើម​ភាគតិច​រូបនេះ បាន​ចាក​ចេញពី​ស្រុកកំណើត​នៅ​ឆ្នាំ​២០១០ ដើម្បី​បន្ត​ការសិក្សា​នៅ​រាជធានី​ភ្នំពេញ​។ ទោះបី​ចាក​ចេញមក​រស់នៅ​ទីក្រុង​ដែលមាន​ភាពខុសគ្នា​ពី​ការរស់នៅ​បែប​ព្រៃភ្នំ ហើយ​មាន​ផល​លំបាក​សម្រាប់​លោក​ក្ដី ក៏​និស្សិត​ជនជាតិដើម​ភាគតិច​ព្នង​រូបនេះ ខិតខំ​ប្រឹងប្រែង​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ផងដែរ​។ ក្នុង​ឆ្នាំ​២០១៨​នេះ លោក សាមឿន រតនា មានឱកាស​ទៅ​សិក្សា​វគ្គ​ខ្លី​រយៈពេល ៣​ខែ នៅ​ប្រទេស​ជប៉ុន​ទាក់ទង​នឹង​បច្ចេកទេស​កសិកម្ម​។ 
 
​តាមរយៈ​បទពិសោធន៍​សិក្សា​ពី​បច្ចេកទេស​កសិកម្ម​នៅ​ជប៉ុន បានធ្វើ​ឲ្យ​បុរស​ជនជាតិដើម​ភាគតិច​ព្នង​វ័យ​៣០​ឆ្នាំ​រូបនេះ មាន​ឆន្ទៈ​យ៉ាង​មុតមាំ ក្នុង​ការវិល​ត្រឡប់មក​អភិវឌ្ឍន៍ និង​កសាង​ភូមិ​ស្រុក​របស់លោក តាមរយៈ​ការលើកកម្ពស់​វិស័យ​កសិកម្ម​។ បច្ចុប្បន្ន​ជនជាតិដើម​ភាគតិច​ព្នង​រូបនេះ ជា​ស្ថាបនិក​សហគមន៍​ឃុំ​ដាក់​ដាំ ដែល​ធ្វើការ​ជាមួយ​ជនជាតិដើម​ភាគតិច​ប្រមាណ​២០​គ្រួសារ ទាក់ទង​នឹង​កសិកម្ម​ដោយ​ផ្ដោតលើ​ដំណាំ​កាហ្វេ និង​ផា​សិន​សរីរាង្គ​។​
 
​ជនជាតិដើម​ភាគតិច​ព្នង​រូបនេះ  ក៏បាន​សំណូមពរ​ដល់​សិស្ស​ប្អូន​ដែលជា​ជនជាតិដើម​ភាគតិច​មានឱកាស​រៀន​សូត្រ​ខ្ពង់ខ្ពស់ ត្រូវ​គិតគូរ​អំពី​ការរៀនសូត្រ ព្រោះ​ការរៀនសូត្រ​ជា​មូលដ្ឋានគ្រឹះ ក្នុងការ​ធ្វើ​ឲ្យ​ជីវភាព​ប្រសើរឡើង និង​លើកស្ទួយ​សហគមន៍​ឲ្យ​កាន់តែ​ល្អ​៕

© រក្សាសិទ្ធិដោយ thmeythmey.com